ទា​ហា​ថៃ​ឃាត់​ពលរដ្ឋ​ខ្មែរ​២៧៤​នាក់ និង​គោយន្ត​៤៩​គ្រឿង​នៅ​ព្រំដែន​ប្រឈម​ស្រុក​ថ្មពួក​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 February, 2018 ក+ ក-

​ប៉ោយប៉ែត ៖ ទាហាន​ប៉ា​រ៉ា​ថៃ​ឃាត់ខ្លួន​ពលរដ្ឋ​ខ្មែរ​២៧៤​នាក់ និង​គោយន្ត​៤៩​គ្រឿង អស់​រយៈពេល​៦​ម៉ោង ពាក់ព័ន្ធ​នឹង​ការដឹកជញ្ជូន​ជី រំលោភ​កម្មសិទ្ធិបញ្ញា​ខុសច្បាប់ បម្រុង​នាំចូល​ដី​ខ្មែរ​កាលពី​វេលា​ម៉ោង​១១ និង ៣០​នាទី​ព្រឹក ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​សាម​សូន្យ ឃុំ​តាប់​ថៃ ស្រុក​តាប់​ប្រា​យ៉ា ខេត្ត​ស្រះកែវ ឈម និង​ភូមិ​គោក​ត្បែង ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​។​

​ពលរដ្ឋ​ខ្មែរ​ទាំងនោះ ត្រូវបាន​ទាហាន​ថៃ​ដោះលែង​ត្រឡប់មកវិញ តាម​ច្រក​តំបន់​បឹង​ត្រកួន​វេលា​ម៉ោង​៥ និង​៣០​នាទី​ល្ងាច​ថ្ងៃ​ដដែល ក្រោយពី​កម្លាំង​នគរបាល​ការពារ​ព្រំដែន​លេខ​៨០៧ ឈរជើង​នៅក្នុង​ភូមិសាស្ត្រ​តាម​បន្ទាត់​ព្រំដែន​ស្រុក​ថ្មពួក និង​ទាហាន​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​ថៃ បាន​ចូលទៅ​សម្របសម្រួល​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ថៃ និង​ទាហាន​ប៉ា​រ៉ា​ថៃ ។​ក្រោយពី​កា​ចោទប្រកាន់​ពលរដ្ឋ​ខ្មែរ​ដឹក​ជី​ចូលមក​ទឹកដី​ខ្មែរ​សម្រាប់​ប្រើប្រាស់​ដាក់​ស្រែ​ខ្លួនឯង​ប៉ុណ្ណោះ មិន​បានធ្វើ​អាជីវកម្ម​នោះទេ ទើប​ភាគី​ថៃ​ដោះលែង​បងប្អូន​ប្រជាពលរដ្ឋ​រួមទាំង​គោយន្ត​មកវិញ ។​

​លោក​វរសេនីយ៍ទោ ឡុង សំណាង មេបញ្ជាការ​វរៈ​នគរបាល​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៨០៧​ប្រាប់​ឲ្យ​ដឹងថា​ការឃាត់ខ្លួន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងនោះ​ដោយសារ​ទាហាន​ថៃ​គេ​ចោទថា​ពួកគាត់​ដឹក​ជី​ហាមឃាត់​ខុសច្បាប់​រំលោភ​កម្មសិទ្ធិបញ្ញា សម្រាប់​នាំមក​ចូល​ដី​ខ្មែរ​ធ្វើ​អាជីវកម្ម ។ ក្នុង​មួយ​គោយន្ត​១០​កា​រ៉ុង​ឡើងទៅ ទេ​ី​ប​ទាហាន​ប៉ា​រ៉ា​ថៃ​ឃាត់ទុក ចំណែក អ្នក​ដឹក​២​ទៅ​៣​កា​រ៉ុង ទាហាន​ប៉ា​រ៉ា​ថៃ​មិន​ចាប់​នោះទេ ។​

​លោក​បន្ថែមថា​ការចាប់​នោះ​ដោយសារ​ក្រុមហ៊ុន​ថៃ​បាន​ប្តឹង មាន​អាជីវករ​ថៃ​លក់​ជី​រំលោភ​កម្មសិទ្ធិបញ្ញា​ខុសច្បាប់​ទៅ​ឲ្យ​ពលករ​ដ្ឋ​ខ្មែរ នាំចូល​ស្រុក​ខ្មែរ ប៉ះពាល់​ក្រុមហ៊ុន​រកស៊ី​ស្របច្បាប់​នៅ​ប្រទេស​កម្ពុជា ដែល​នាំ​ផ្តាច់មុខ​ជី ដូចជា​សញ្ញា​ក្បាល​គោ ជាដើម​នោះ​។​ក្រោយពី​ការដោះលែង​ពលរដ្ឋ​ខ្មែរ ទាហាន​ប៉ា​រ៉ា​ថៃ​ក៏បាន​ដកហូត​ជី​ក្នុង​មួយ​គោយន្ត​៣​ទៅ​៤​កា​រ៉ុង​។ ប្រជាពលរដ្ឋ​ទាំងនោះ ចូលក្នុង​ផ្សារណាត់​ថៃ​តាម​ច្រករបៀង​មហោស្រប ច្រក​គោក​ត្បែង ច្រករបៀង​ធ្នង់ ភ្នំ​ដងរ៉ែក​។​

​សូមបញ្ជាក់ថា​ពាក់ព័ន្ធ និង​ការនាំ​ជី​រំលោភ​កម្មសិទ្ធិបញ្ញា​ខុសច្បាប់​ពី​ប្រទេស​ថៃ​ចូលមក​ទឹកដី​កម្ពុជា ក្នុង​រូបភាព​ដឹកគោ​យន្ត​របស់​ប្រជាពលរដ្ឋ​ខ្មែរ​សម្រាប់​ដាក់​ធ្វើស្រែ​នោះដែរ កន្លងមក​ត្រូវបាន​គេ​សង្ស័យ​មាន​ប្រជាពលរដ្ឋ​មួយចំនួន​មិនបាន​យកមក​ដាក់​ស្រែ​នោះទេ បែរជា​យកមក​ធ្វើ​អាជីវកម្ម​ដឹក​បោះ​លក់​តាម​ដេប៉ូ​លក់​ជី រឺ​ដឹក​លក់​តាម​ស្រែចំការ ។

​មន្ត្រី​មន្ទីរ​កសិកម្ម​ខេត្តបន្ទាយមានជ័យ​ធ្លាប់ធ្វើ​ការបង្ក្រាប​ជា​ច្រើនដង​រួចហើយ ប៉ុន្តែ​ការអនុវត្ត​នោះ​គ្មាន​ប្រសិទ្ធភាព​នោះទេ ដោយសារតែ​រង​ការរិះគន់​ពី​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន​។ ការទប់ស្កាត់​នៅក្នុង​ដី​ខ្មែរ​គ្មាន​ប្រសិទ្ធភាព​នោះ​ហើយ​ទើប​គេ​សង្ស័យ​ក្រុមហ៊ុន​ថៃ​បាន​ប្តឹងទៅ​ភាគី​ថៃ​ឲ្យ​ទប់ស្កាត់​បែប​នោះ​តែម្តង ៕