អតីតមន្ត្រី CNRP ៤ រូប​ទៀត​ត្រូវ​លុបឈ្មោះ​ពី​បុគ្គលិក​អប់រំ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 February, 2018 ក+ ក-

​សៀមរាបៈ លោក ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បានសម្រេច​លុបឈ្មោះ អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ៤ រូប​ទៀត​ចេញពី​ក្របខ័ណ្ឌ​បុគ្គលិក​អប់រំ នៅក្នុង​ខេត្តសៀមរាប ដោយ​សំអាងថា​បុគ្គលិក​អប់រំ​ទាំង​នោះបាន​អវត្តមាន​ពី​ការងារ ដោយ​ពុំមាន​ច្បាប់​អនុញ្ញាត ប៉ុន្តែ​បុគ្គលិក​ដែល​ត្រូវបាន​លុបឈ្មោះ​ទាំងនោះ​ចាត់ទុកថា គឺជា​ការរើសអើង​ខាង​នយោបាយ ខណៈដែល​ពួកគេ​បាន​សុំច្បាប់​ត្រឹមត្រូវ​។​

​ការប្រកាស​លុបឈ្មោះ​ដែល​ធ្វើឡើង​តាម​សេចក្តីប្រកាស​របស់​ក្រសួង​អប់រំ​ចុះហត្ថលេខា​ដោយ​លោក​រដ្ឋមន្ត្រី ហង់ ជួនណា​រ៉ុ​ន កាលពី​ថ្ងៃទី ៣០ ខែមករា ដែល​ទើបតែ​ត្រូវបាន​គេ​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី ១៥ ខែកុម្ភៈ បានសរសេរថា លុបឈ្មោះ លោក ហុង សុខ​ជា បុគ្គលិក​អប់រំ បម្រើ​ការងារ​នៅ​សាលាបឋមសិក្សា ហ៊ុន សែន តា​ពេញ​នៃ​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តសៀមរាប ចេញពី​ក្របខ័ណ្ឌ​ក្រសួង​អប់រំ​ចាប់ពី​ថ្ងៃទី ១ ខែមករា ឆ្នាំ ២០១៨ តទៅ​ដោយសារ​សាមីជន​អវត្តមាន​គ្មាន​ច្បាប់​អនុញ្ញាត​។​

បុគ្គលិក​អប់រំ ៣ រូប​ទៀត​ដែល​ត្រូវបាន​លោក ហង់ ជួនណា​រ៉ុ​ន ប្រកាស​លុបឈ្មោះ​ចេញ​ដែរ ចាប់ពី​ថ្ងៃទី ១ ខែមករា​ឆ្នាំ ២០១៨ ដោយ​សំអាងថា សាមីខ្លួន​អវត្តមាន​ដោយ​មិនបាន​សុំច្បាប់​ដែរនោះ​មាន លោក ពៀត ម៉ាប់ បុគ្គលិក​អប់រំ បម្រើ​ការងារ​នៅ​សាលា​គរុកោសល្យ និង​វិក្រឹត្យការ​ខេត្តសៀមរាប​។

​លោក មុត ម​ល្លា បុគ្គលិក​អប់រំ​បម្រើ​ការងារ​នៅ​សាលា​គរុកោសល្យ និង​វិក្រឹត្យការ​ខេត្តសៀមរាប និង​លោក ច័ន្ទ សុភា បុគ្គលិក​អប់រំ​បម្រើ​ការងារ​នៅ​វិទ្យាល័យ​ចំណេះ​ទូទៅ និង​បច្ចេកទេស​ពួក​នៃ​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តសៀមរាប​។​
​លោក មុត ម​ល្លា ដែលជា​អតីត​ប្រធាន​គណៈកម្មការ​ប្រតិបត្តិ​ខេត្តសៀមរាប​គណបក្ស​ស​ង្គ្រោះ​ជាតិ​បាន​ថ្លែងថា លោក​បានឃើញ​លិខិត​បញ្ឈប់​ក្របខ័ណ្ឌ​ពី​មន្ត្រី​ក្រសួង​អប់រំ​នៅ​ថ្ងៃទី ១៥ ខែកុម្ភៈ ហើយ​លោក​មិនបាន​ប្រព្រឹត្ត​កំហុស​ដូច​ការចោទប្រកាន់​នោះទេ ហើយ​មុនពេល​លោក​ឈប់ លោក​បាន​សុំច្បាប់​ត្រឹមត្រូវ​។ «​ករណីនេះ វា​មិនមែនជា​រឿង​កំហុស​ថា ខ្ញុំ​មិនបាន​សុំច្បាប់​ស្អី​នោះទេ ដោយ​ខ្ញុំ​ថា មន្ត្រី​រដ្ឋាភិបាល​មានការ​រើសអើង​ផ្នែក​នយោបាយ វា​ជា​រឿង​អយុត្តិធម៌​បំផុត​»​។​

​លោក ពៀត ម៉ាប់ ដែលជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា មុនពេល​ពួកលោក​ចូលប្រឡូក​នយោបាយ​ជាមួយ​គណបក្សប្រឆាំង គឺ​ពួកលោក​បាន​ព្យួរ​ឈ្មោះ​ទៅ​ក្រសួង​អប់រំ​រួចហើយ​។
​ក្រោយពី​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវបាន​រំលាយ​កាលពី​ខែវិច្ឆិកា ឆ្នាំ ២០១៧ មក ពួកលោក​ក៏បាន​ដាក់ពាក្យ​ចូល​បង្រៀន​វិញ​នៅ​ថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០១៧ នៅ​មន្ទីរអប់រំ​ខេត្តសៀមរាប​រហូតដល់​ថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០១៨ ទើប​ខាង​មន្ទីរ​បញ្ជូន​ឈ្មោះ​ទៅ​ក្រសួង​អប់រំ​បន្ដទៀត ប៉ុន្តែ​ខាង​មន្ទីរអប់រំ​ខេត្ត​ហាក់​មាន​ចេតនា​ពន្យារពេល​ឲ្យ​ហួស​ថ្ងៃ​ដែល​ចូល​បម្រើ​ការងារ​កន្លែង​ដើម​វិញ​។

លោក​បន្ថែមថា លោក​ពិត​ជាមាន​អារម្មណ៍​សោកស្ដាយ​ដែល​ក្រសួង​អប់រំ​មិនបាន​ធ្វើ​ការងារ​តាមច្បាប់ ប៉ុន្ដែ​ក្រសួង​បែរជា​ធ្វើការ​បម្រើ​បក្ស​ច្រើនជាង ព្រោះ​ច្បាប់​នេះ​មិនបាន​អនុវត្ត​ចំពោះ​មន្ត្រី​ឲ្យ​បាន​ស្មើៗ​គ្នា ហើយ​ករណីនេះ​មិនមែន​មានតែ​ពួកលោក ៤ នាក់​នេះ​ទេ​។
​លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​មិន​នឹកស្មានថា​រឿង​វា​ក្លាយជា​បែបនេះ​ទេ បើសិន​ថា​ខ្ញុំ​មិនបាន​ដាក់ពាក្យ​ចូល​បម្រើ​ការងារ ទើប​ជា​កំហុស​របស់​ពួក​ខ្ញុំ តែ​នេះ​ខ្ញុំ​បានដាក់​ពាក្យ​ចូល​បម្រើ​ការងារ​ហើយ តែ​មន្ទីរអប់រំ​បាន​ដក​ម៉ោង​មិន​ឲ្យ​បង្រៀន ហើយ​ឲ្យ​រង់ចាំ​ប្រកាស​របស់​ក្រសួង​ចេញមក​ចាំ​ចូលធ្វើការ​»​។​
​ឆ្លើយតប​នឹង​បញ្ហា​នេះ​ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា ខេត្តសៀមរាប លោក សយ ទិ​ត្យា​វង្ស បាន​ថ្លែង​យ៉ាងខ្លី​ថា ខាង​លោក​បានទទួល​ឯកសារ​ពី​ការ​លុបឈ្មោះ​របស់​គ្រូបង្រៀន​ទាំងអស់​នេះហើយ ដោយ​លោក​គោរព​តាម​នីតិវិធី​របស់​រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ ព្រោះ​លោក​មិនអាច​ជំទាស់​នឹង​សេចក្ដីសម្រេច​នេះ​បានទេ​។

​លោក​ថា​៖ «​ខ្ញុំ​ធ្វើ​តាមតែ​ក្រសួង​ណែនាំ​ទេ ហើយ​ខ្ញុំ​ក៏​មិន​ចាប់អារម្មណ៍​អ្វី​ច្រើន​ដែរ ព្រោះ​ពួកគាត់​បាន​ប្រព្រឹត្ត​កំហុស​ពិតប្រាកដ​មែន ដោយ​មិនបាន​មកសុំ​ច្បាប់ ឬ​ជូនដំណឹង​ដល់​អ្នកណា​នោះទេ​»​។​
​អតីត​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គជប​) មកពី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​លោក រ៉ុង ឈុន ក៏ត្រូវ​បាន​ក្រសួង​អប់រំ​លុបឈ្មោះ​ចេញពី​ក្របខ័ណ្ឌ​ក្រសួង​ផងដែរ​ក្រោម​ហេតុផល​អវត្តមាន​គ្មាន​ការអនុញ្ញាត​ដូចគ្នានេះ​។

​លោក រ៉ុង ឈុន បាន​ថ្លែង​ពី​ម្សិលមិញ​ថា ករណី​ដែល​ក្រសួង​លុបឈ្មោះ​គ្រូបង្រៀន​ជា​បន្តបន្ទាប់​នេះ​លោក​យល់ថា ក្រសួង​អប់រំ​បានធ្វើ​ការរំលោភ​ច្បាប់​លក្ខន្តិកៈ​មន្ត្រីរាជការ​ស៊ីវិល​ក៏ដូចជា​អនុក្រឹត្យ​ស្ដីពី​ការដាក់​មន្ត្រី​ឲ្យ​ស្ថិត​នៅក្រៅ​ក្របខ័ណ្ឌ​មន្ត្រីរាជការ​ស៊ីវិល​។
​លោក​បន្តថា ព្រោះ​នៅក្នុង​មាត្រា ៤០ និង​មាត្រា ៤៧ មុននឹង​ដាក់ទណ្ឌកម្ម និង​ឈានទៅដល់​លុបឈ្មោះ​មន្ត្រី​ស្ថិតក្រោម​ឱវាទ​មួយ​បាន លុះត្រាតែ​កោះហៅ​ពួកគាត់​មក​សាក​សួរថា​តើ​ពួកគាត់​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់ បោះបង់​ការងារ ឬ​យ៉ាងណា​? រួច​គេ​បន្ត​សួរ ១ ដង ២ ដង ឬ ៣ ដង ទើប​គេ​ប្រកាស​លុបឈ្មោះ​ចេញពី​ក្របខ័ណ្ឌ​នេះ​។ «​ការ​លុបឈ្មោះ​នេះ​មិនមែន​ជាការ​លុប​តាម​បច្ចេកទេស ឬ​ច្បាប់​ត្រឹមត្រូវ​ទេ ខ្ញុំ​ថា គឺ​លុប​ដោយសារ​គុំកួន មាន​គំនុំ​នយោបាយ ហើយ​ខ្ញុំ​ទទួលបាន​ថា គេ​នឹង​ឈានទៅ​លុបឈ្មោះ​លោកគ្រូ អ្នកគ្រូ នៅតាម​បណ្ដា​ខេត្ត​មួយចំនួនទៀត ដែលមាន​និន្នាការ​ប្រឆាំងនឹង​គេ​»​។​

​លោក រស់ សា​លីន អ្នកនាំពាក្យ​ក្រសួង​អប់រំ​កាលពី​ម្សិលមិញ​មិនអាច​ទាក់ទង​សុំ​ការ​បញ្ជាក់បន្ថែម​បានទេ ដោយ​ទូរស័ព្ទ​របស់លោក​មិនមាន​អ្នកទទួល​។​