ភ្នំពេញ ៖ ករណីរោងចក្រកាត់ដេរចំនួន៣ មានថៅកែរួមតែមួយ ដែលបានរត់ចោលរោងចក្រ ដោយមិនបើកប្រាក់ខែឲ្យក្រុមកម្មករ បង្កឲ្យមានការជ្រួលច្របល់ច្រើនថ្ងៃកន្លងមកហើយនោះ នៅថ្ងៃ ទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ នេះ ត្រូវបានក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រួមជាមួយស្ថាប័នពាក់ព័ន្ធនានា ព្រមទាំងសហជីពចំនួន២ និងអាជ្ញាធរមូលដ្ឋាន បានបើកកិច្ចពិភាក្សារិះរកដំណោះ ស្រាយបញ្ចប់រឿងនៅរោងចក្រចំនួន២ហើយ តាមរយៈការលក់ឡៃឡុងសម្ភារៈជាទ្រព្យសម្បត្តិ នៅ សល់ក្នុងរោងចក្រទាំង២នោះ។
ទាក់ទិននឹងករណីនេះ សមត្ថកិច្ចមូលដ្ឋានបានប្រាប់ឱ្យដឹងនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះថា៖ រោងចក្រទាំ២ ដែលត្រូវបានដោះស្រាយបញ្ចប់រឿងលែងមានការតវ៉ាពីសំណាក់ កម្មករទៅទៀតនោះ គឺទី១ រោងចក្រកាត់ដេរ «អេស អ អ៊ី ហ្គាមេន» និងទី២ រោងចក្រ «យ៉ូ ដា ហ្គាមេន អ៊ិនដាស់ស្ទ្រី» មានទីតាំងនៅក្នុងភូមិត្រពាំងជ្រៃ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ។ រោងចក្រទាំង២នេះ មានកម្មក កម្មការិនីសរុបចំនួន៨៦៩នាក់ ខណៈពួកគេបានជ្រួលច្របល់ប្រមូលផ្តុំចាប់ តាំងពីវេលាម៉ោង៧៖៣០នាទី យប់ថ្ងៃទី៧ ខែកុម្ភៈ មកម្ល៉េះបន្ទាប់ពីបាត់ខ្លួន ថៅកែជនជាតិចិនរត់ ចោល។
ទោះបីជាយ៉ាងណាក្រុមកម្មករបាននិយាយថា៖ចំពោះការដោះស្រាយនេះ ពួកគេទទួលយកដំណោះស្រាយខាងលើទាំងមិនសប្បាយចិត្ត ប៉ុន្តែត្រូវតែទទួលយកចើទោះបីពួកគេម្នាក់ៗទទួល បានលុយត្រឹមតែ៦៦ភាគរយ នៃចំនួនប្រាក់ខែក៏ដោយ។
ក្រុមកម្មករ បានលើកហេតុផលថា លុយដែលបានមកពីការលក់ឡៃឡុងសម្ភារ មានការបាត់បង់ច្រើន ដែលអាចបាត់ខ្ទង់ជិត១០ម៉ឺនដុល្លារទៀត ដោយមិនដឹងថា គណៈកម្មការ និងសហ ជីពទាំង២ យកទៅណាទេ ហើយបើកុំតែបាត់ ពួក គេត្រូវទទួលបាន១០០ភាគរយ ឬក៏ជិត១០០ភាគរយ នៃចំនួនប្រាក់ខែទៅហើយ។
គួរបញ្ជាក់ថា រោងចក្រទាំង២ខាងលើនោះ ជាសាខារបស់រោងចក្រកាត់ដេរ អ៊ីហ្វា ហ្គាមិន ដែលមានទីតាំងស្ថិតនៅក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។ កម្មករបានធ្វើការតវ៉ា រហូតមកដល់ថ្ងៃទី១៦ ខែកុម្ភៈនេះ ទើបក្រសួងការងាររួមជាមួយរួមជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធនានា ព្រមទាំងសហជីពមុំសៀក និងសហជីព លីវ៉េង និងអាជ្ញាធរមូលដ្ឋាន សម្រេចលក់ឡៃឡុងសម្ភារនៅក្នុងរោងចក្រទាំង២នោះ ដើម្បីយកប្រាក់បើកឲ្យកម្មករកម្មការិនីខាងលើ ចំនួន៨៦៩នាក់នោះ បញ្ចប់បញ្ហាការតវ៉ាតទៅទៀត ចំណែករោងចក្រ អ៊ីហ្វា ហ្គាមិន នៅមិនទាន់ដោះស្រាយនៅឡើយ។
ទោះបីដោះស្រាយចប់ហើយក្ដីតែកម្មករបាននិយាយរអ៊ូរទាំថា ពួកគេទទួលយកដំណោះ ស្រាយខាងលើ ទាំងមិនសប្បាយចិត្តទាល់តែសោះ ព្រោះដំណោះស្រាយខាងលើ មានភាពមិន ប្រក្រតីឡើយ។ ពួកគេបានដឹងថា ការឡៃឡុងសម្ភារនៅក្នុងរោងចក្រទាំង២ខាងលើ បានរហូតដល់ទៅជាង២៥ម៉ឺនឯណោះ ប៉ុន្តែត្រូវបានខាងគណៈកម្មការប្រាប់ថា លក់បានតែចំនួន១៥៥,៥០០ដុល្លារតែប៉ុណ្ណោះ។ ក្នុងនោះសហជីពទាំង២ ដែលពួកគាត់គិតថា ជាអ្នកជួយការពារផល ប្រយោជ ន៍ ជូនកម្មករ បានទាមទារយកចំនួន១៥,៥០០ដុល្លារ ហើយដោយសារតែទ័លច្រកហើយ មិនដឹង ថាត្រូវទៅពឹងខាងណាឲ្យជួយ ទើបឲ្យសហជីពទាំង២ ជួយទាំងការមិនសប្បាយចិត្ត និងព្រមទទួលលុយត្រឹមប្រមាណ៦៦ភាគរយ នៃចំនួនប្រាក់ខែរបស់ខ្លួនប៉ុណ្ណោះ។
ចំណែកមន្ត្រីក្រសួងការងារដែលចូលរួមដោះស្រាយបានអះអាងថា ការឡាយឡុងសម្ភារៈ នៅក្នុងរោងចក្រទាំង២ខាងលើនោះ បានត្រឹមចំនួន១៥៥,៥០០ដុល្លារតែប៉ុណ្ណោះ ដើម្បីបើកឲ្យ កម្មករទាំង៨៦៩នាក់នោះ ដែលក្នុងម្នាក់ៗទទួលបាន៦៦ភាគរយ នៃប្រាក់ខែរបស់ពួកគេដើម្បី បញ្ចប់វិវាទខាងលើនេះ៕