ភ្នំពេញ ៖ តុលាការសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចកោះ ហៅលោក កឹម សុខា អនុប្រធានទី១ នៃរដ្ឋសភា និងជាអនុប្រធានគណបក្សសង្គ្រោះជាតិ ឲ្យទៅតុលាការនាថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៥ ខាងមុខនេះ ពាក់ព័ន្ធ នឹងសំណុំរឿងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ និងបង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម នៅផ្លូវវេងស្រេង។
ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក ហៀង សុភ័ក្ត្រ ពាក់ព័ន្ធករណីខាងលើនេះ លោកធ្លាប់បានចេញដីកាកោះហៅលោក សម រង្ស៊ី និងលោក កឹម សុខា ឲ្យចូលទៅបំភ្លឺម្តងរួចហើយ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៤ ដែលការចេញដីកាកោះហៅមេដឹកនាំគណបក្សប្រឆាំងទាំងពីរខាងលើឲ្យចូល បំភ្លឺនេះ បន្ទាប់ពីមេដឹកនាំទាំងពីរ និងមន្ត្រីជាន់ខ្ពស់គណបក្សនោះ បានញុះញង់ និងអំពាវនាវឲ្យកម្មករ កម្មការិនី ចូលរួមធ្វើបាតុកម្ម។ ដោយឡែកនៅឯនៅតំបន់សេដ្ឋកិច្ចពិសេសបាវិត ខេត្តស្វាយរៀង លោក សម រង្ស៊ី បានចូលទៅក្នុងរោងចក្រ ដោយខុសច្បាប់បោយដៃហៅកម្មករ កម្មការិនី ឲ្យចូលរួមធ្វើបាតុកម្ម ប៉ុន្តែការញុះញង់នោះ កម្មករ កម្មការិនីភាគច្រើនលើសលប់គ្រាន់តែឈរមើលប៉ុណ្ណោះ មិនស្តាប់តាមការបោយដៃហៅ និងដាក់មេក្រូនិយាយពីសំណាក់លោក សម រង្ស៊ី នោះទេ។
ទាក់ទងនឹងការកោះហៅជាថ្មីនេះ មិនទាន់អាចសុំការបញ្ជាក់ពីមន្ត្រីអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បាននៅឡើយទេ ដោយទូរស័ព្ទមិនមានអ្នកទទួល។ ចំណែកលោក ចាន់ ចេន មេធាវីការពារក្តីឲ្យលោក កឹម សុខា ក៏មិនអាចសុំការបញ្ជាក់បានដែរ ដោយទូរស័ព្ទចំនួន៣ ខ្សែមិនអាចទំនាក់ទំនងបាន។ ប៉ុន្តែលោកបានថ្លែងនៅវិទ្យុបរទេសកាលពីថ្ងៃទី៣០ ខែមីនា ថា លោកពិតជាបានទទួលសេចក្តីជូនដំណឹងពីតុលាការមែន កាលពីថ្ងៃច័ន្ទ ទាក់ទងនិងការកោះហៅលោក ឲ្យចូលទៅបំភ្លឺនៅតុលាការនាថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៥។
លោក ចាន់ ចេន បញ្ជាក់ថា តាមដីការកោះរបស់តុលាការ អត់បានប្រាប់ថា បានទាក់ទងនឹងបទចោទអ្វីទេ ប៉ុន្តែបើពិនិត្យមើលលើសំណុំរឿង គឺជារឿងដែលអាជ្ញាធរប្តឹងគាត់ទៅតុលាការកន្លងមក ពាក់ព័ន្ធនឹងរឿងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ ឬបង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម ដែលពាក់ព័ន្ធនឹងករណីនៅផ្លូវវ៉េងស្រេង។
លោកមេធាវីបានអះអាងថា តុលាការបើចង់កោះហៅត្រូវឆ្លងកាត់សភាជាមុនសិន ពីព្រោះលោក កឹម សុខា ពេលនេះ ជាសមាជិកសភាមានអភ័យឯកសិទ្ធិ និងជាអនុប្រធានទី១ រដ្ឋសភាផងដែរ។ ដូច្នេះការកោះហៅ នៅពេលមានអភ័យឯកសិទ្ធិបែបនេះ ត្រូវផ្ញើលិខិតអញ្ជើញតាមរយៈក្រសួងយុត្តិធម៌ទៅរដ្ឋសភា តែនេះធ្វើតាមផ្លូវកាត់ គឺកោះត្រង់ទៅលោកកឹម សុខា តែម្តង។
សូមបញ្ជាក់ថា ក្រៅពីសំណុំរឿងខាងលើនេះ លោក កឹម សុខា ក៏បានជាប់ពាក់ព័ន្ធអំពីការដឹកនាំធ្វើបាតុកម្មកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ ផងដែរ ហើយសាលាដំបូងរាជធានីភ្នំពេញ ធ្លាប់បានកោះហៅលោក កឹម សុខា រួមទាំងសមាជិកគណបក្សសង្គ្រោះជាតិចំនួន៨នាក់ផ្សេងទៀត ឲ្យចូលទៅបំភ្លឺនៅតុលាការ កាលថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៤ ផងដែរ ក្នុងនាមជាអ្នកទទួលខុសត្រូវ និងក្នុងនាមជាមេដឹកនាំគណបក្សសង្គ្រោះជាតិ ដែលបណ្ដែតបណ្ដោយឲ្យមានបាតុកម្មក្លាយអំពើហិង្សានៅក្បែរទីលាន ប្រជាធិបតេយ្យ។
ការកោះហៅលោក កឹម សុខា នេះ គឺបានកើតឡើងមុនពេលមានការបោះឆ្នោតជ្រើសរើសសមាជិកគណៈកម្មាធិការជាតិ រៀបចំបោះឆ្នោត៩រូប និងក្រោយពេលដែលសម្តេចតេជោ ហ៊ុន សែន បានប្រតិកម្មថា លោក កឹម សុខា បានសារភាពក្នុងគម្រោងការផ្តួលរំលំរដ្ឋាភិបាលក្រោយការបោះឆ្នោត ដោយប្រើកម្លាំងមហាជន៕
លោកកឹម សុខា ត្រូវតុលាការកោះ ហៅឲ្យចូលបំភ្លឺជាថ្មី នាថ្ងៃទី៨ខែ មេសា