រដ្ឋមន្ត្រី​ទេសចរណ៍​ថ្លែងថា ចំណូល​ពី​វិស័យ​ទេសចរណ៍ បាន​ចូលក្នុង​ដៃ​ពល រដ្ឋ​ជា​អតិបរិមារ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 February, 2018 ក+ ក-

​សៀមរាប ៖ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ថោង ខុន បាន​លើ​ឡើង​ថា​
​នៅក្នុង​នយោបាយ​ទេសចរណ៍ បើ​ចំណូល​មិនបាន​ចូលក្នុង​ដៃ​ប្រជាពលរដ្ឋ​ជា​អតិបរិមារ​ទេនោះ គឺ​មានន័យថា ការរៀបចំ​យុទ្ធសាស្ត្រ​ទេសចរណ៍​នោះ មិនទាន់​បានល្អ​នោះទេ ។​

​លោក ថោង ខុន លើកឡើង​បែបនេះ​នៅក្នុង​សន្និបាត​
​បូក​សារុប​លទ្ធផល​ការងារ​ទេសចរណ៍​ឆ្នាំ​២០១៧ លើក​ទិសដៅ​អនុវត្ត​បន្ត​ឆ្នាំ​២០១៨ របស់​មន្ទី​ទេសចរណ៍ ខេត្តសៀមរាប កាលពី​រសៀល​ថ្ងៃទី​២០ ខែកុម្ភៈ​នៅ​សាលាខេត្ត​សៀមរាប​។​

​ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បានលើកឡើង​បន្ថែមថា វិស័យ​ទេសចរណ៍​កម្ពុជា ត្រូវធ្វើ​ដំណើរ​ដ៏​វែងឆ្ងាយ​សម្រាប់​អនាគត ដែល​ពិភពលោក​ទាំងមូល បានដាក់​ផែនការ ត្រូវយក​វិស័យ​ទេសចរណ៍ ជា​វិស័យ​នាំមុខ​មួយ​ខាង​សេដ្ឋកិច្ច​នៅ​ឆ្នាំ​២០៣០ ។ ដូច្នេះ ដើម្បី​អាច​ឈោង​ចាប់យក​ផែនការ​នេះ​បាន លុះត្រាតែ​វិស័យ​ទេសចរណ៍ ត្រូវមាន​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព ។

រមណីយដ្ឋាន​អង្គរ ដែល​កំពុងស្ថិត​ជា​គោលដៅ​ទេសចរណ៍​ដ៏​ទាក់ទាញ​នោះ សម្រាប់​ទៅ​ថ្ងៃ​អនាគត គឺ​រឹតតែ​មាន​ភាព​ទាក់ទាញ​បន្ថែមទៀត ។

​លោក​រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ គូសបញ្ចាក់ថា វា​ពិតជា​ក្តីសង្ឃឹម​សម្រាប់​ឆ្ពោះទៅ​ឆ្នាំ​២០៣០ ដែល​រមណីយដ្ឋាន​អង្គរ​មានការ​គ្រប់គ្រង​ដោយ​ហ្មត់ចត់ ក្នុងនោះ​មាន​អាជ្ញាធរ​ជាតិ​អប្សរា​ជា​ស្នូល និង​មាន​កិច្ចសហការ​ដោយ​សហគមន៍​អន្តរជាតិ ICC – UNESCO និង អង្គការ​ផ្សេងៗ​ទៀត​ជា​ដៃគូ អាជ្ញាធរខេត្ត និង​កម្លាំង​សមត្ថកិច្ច ។ យ៉ាងណាក៏ដោយ អាជ្ញាធរ​ជាតិ​អប្សរា បន្ត​អនុវត្ត​ផែនការ​រៀបចំ​តំបន់​អង្គរ រក្សា​និរន្តរភាព​នៃ​ការអភិវឌ្ឍ ទាក់​ភ្ញៀវទេសចរ កាន់តែច្រើន​ឡើងជា​រៀងរាល់ឆ្នាំ ។

​លោក បន្ត​ឲ្យ​ដឹង​ទៀតថា ក្រុង​សៀមរាប​គឺជា​ទីក្រុង​បេតិកភណ្ឌ ដែល​មិនអាច​យល់ឃើញ​អំពី​អ្វី​ក្រៅពីនេះ​បានទេ ហើយ​ការអភិវឌ្ឍ​ក៏ត្រូវ​តែមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ក្នុងការ​ធ្វើ​ឲ្យ​ទីក្រុង​មួយ​នេះ ក្លាយជា​ទីក្រុង​ទេសចរណ៍​ដ៏​ទាក់ទាញ ជាទី​ក្រុង​បៃតង ។ លោក​សង្កត់ធ្ងន់ថា សម្រាប់​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍ ប្រាសាទ​និង​ទីក្រុង​បេតិកភណ្ឌ គឺ​មិនទាន់​គ្រប់គ្រាន់​នោះទេ តែ​វា​ត្រូវមាន​ការធ្វើ​ប្រព្រឹត្តិកម្ម​ទេសចរណ៍​គ្រប់​ទីកន្លែង បង្កើត​ផលិតផល​ទេសចរណ៍​ថ្មី ដើម្បី​ទាក់ទាញ​និង​ត​ភ្ជាប់ ទេសចរណ៍​ពី​តំបន់​វប្បធម៌ ទៅ​តំបន់​ឆ្នេរសមុទ្រ អូសបន្លាយ​រយៈពេល​ដើរ​កំសាន្ត​របស់​ភ្ញៀវ​បានយូរ ភ្ញៀវ​ចំណាយ​ធំ ហូរ​ចំណូល​បាន​ច្រើន​ចូលក្នុង​ដៃ​ប្រជាពលរដ្ឋ ៕​