កម្ពុជា​-​ថៃ ប្តេជ្ញា​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ឲ្យ​បាន ១៥ ពាន់​លាន​ដុល្លា នៅ​ឆ្នាំ ២០២០
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 February, 2018 ក+ ក-

​ភ្នំពេញ ៖ នៅក្នុង​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​ផ្នែក​ពាណិជ្ជកម្ម​រវាង​កម្ពុជា​-​ថៃ​លើក​ទី​៦​ដែលមាន​រយៈពេល​ពីរ​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​២១ ដល់ទី ២២ ខែកុម្ភៈ​ឆ្នាំ​២០១៨ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ ភូ​គី​ត្រា កម្ពុជា និង​ថៃ​បាន​ប្តេជ្ញា​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ឱ្យបាន ១៥​ពាន់​លាន​ដុល្លារ​នៅត្រឹម​ឆ្នាំ​២០២០ ខណៈ ឆ្នាំ ២០១៧​កន្លងទៅនេះ ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​សម្រេច​បានត្រឹមតែ​ជាង​៦​ពាន់​លាន​ប៉ុណ្ណោះ ។​

កិច្ចប្រជុំ​នេះ ប្រព្រឹត្តទៅ​ក្រោម​គណៈ​អធិបតីភាព ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​លោក សុន​ធិ​រ៉ាត់ សុន​ធិ​ជី​រ៉ា​វង្ស (SontiratSontijirawong) រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម នៃ​ព្រះរាជាណាចក្រ​ថៃឡង់​ដ៏​និង​មានការ​ចូលរួម​ពី​មន្ត្រីជាន់ខ្ពស់ និង​តំណាង​វិស័យ​ឯកជន​នៃ​ប្រទេស​ទាំងពីរ​ប្រមាណ​ជាង ១០០​នាក់ ដើម្បី​ពិនិត្យមើល​ឡើងវិញ​នូវ​វឌ្ឍនភាព​នៃ​លទ្ធផល​ដែល​បានអនុម័ត​នៅឯ​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​ផ្នែក​ពាណិជ្ជកម្ម​រវាង​កម្ពុជា​និង​ថៃ​លើក​ទី​៥ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ឆ្នាំ​២០១៥​និង​ផ្លាស់ប្តូរ​យោបល់​លើ​បញ្ហា​ប្រឈម​ថ្មី​នានា​ដូចជា ការ​នាំចូល​ជ្រូក ខ្សែភាពយន្ត​ប្រេងឥន្ធន​: ពី​ប្រទេស​ថៃ​មកកាន់​ប្រទេស​កម្ពុជា​និង​ការអនុវត្ត​ច្បាប់​គយ​ថ្មី​របស់​ថៃ​។​

​ក្រៅពី​ការបង្កើន​ទំហំ​ពាណិជ្ជកម្ម ភាគី​កម្ពុជា បានស្នើ​ភាគី​ថៃ​បន្ថែម​រយៈពេល​នៃ​ការ​នាំចូល​ពោត​ពី​កម្ពុជា​រហូតដល់​ខែតុលា​រៀងរាល់ឆ្នាំ​ដែល​ពីមុន​ការនាំ​ចូល​ពោត​មាន​រយៈពេល​តែ​ប្រាំ​ខែ​ប៉ុណ្ណោះ គឺ​ចាប់ពី​ខែមីនា ដល់​ខែសីហា​។​លើសពីនេះ ភាគី​ទាំង​ពីរបាន​ឯកភាព​បង្កើត​ក្រុមការងារ​ចម្រុះ​ដែល​នឹងត្រូវ​កោះប្រជុំ​លើក​ទី​១​របស់ខ្លួន នៅក្នុង​រយៈពេល ៣​ខែ​បន្ទាប់ពី​កិច្ចប្រជុំ​នេះ​។​

​ទន្ទឹមគ្នានេះ​ភាគី​ទាំងពីរ​ក៏បាន​ពិភាក្សា​អំពី​កិច្ចសហប្រតិបត្តិការ​ជាច្រើន​រួមមាន​កិច្ចសហប្រតិបត្តិការ​សម្រួល​ពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការ​បើក​ច្រកព្រំដែន​កិច្ចសហប្រតិបត្តិកា​រវិ​ស័​យ​ពាណិជ្ជកម្ម និង​វិនិយោគ ជាដើម​។​

​នៅ​ចុងបញ្ចប់​នៃ​កិច្ចប្រជុំ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ​ក៍បាន​ចុះហត្ថលេខា​លើ​ឯកសារ​ចំនួន​ពីរ គឺ (១)​យុទ្ធសាស្ត្រ​កំណើន​នៃ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​តាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន​និង (២) អនុស្សរណៈ​ស្តីពី​កិច្ចសហប្រតិបត្តិការ​ជំរុញ​ពាណិជ្ជកម្ម​។​

​បន្ថែម​ពីនេះ រដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំងពីរ​ក៏បាន​កោតសរសើរ​ចំពោះ​ការរៀបចំ​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​ផ្នែក​ពាណិជ្ជកម្ម​លើក​ទី​៦ របស់​កម្ពុជា ប្រកបដោយ​ជោគជ័យ និង​បាន​ប្តេជ្ញា​ទ្រទ្រង់​និង​ជំរុញ​យន្តការ​កិច្ចសហប្រតិបត្តិការ​នា​នា ដើម្បី​បង្កើន​ពាណិជ្ជកម្ម​និង​វិនិយោគ ៕