ជប៉ុន​ផ្តល់​ថវិកា​ជាង​៣៨​ម៉ឺន​ដុល្លារ ដល់​៤​អង្គភាព​សម្រាប់​អភិវឌ្ឍន៍​កសិកម្ម នៅ​កម្ពុជា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 March, 2018 ក+ ក-

​ភ្នំពេញ ៖ ប្រទេស​ជប៉ុន បានផ្តល់​ថវិកា​ចំនួណ ៣៨៤,៨១៧ ដុល្លារ​អាមេរិក សម្រាប់​សាង សង់ មជ្ឈមណ្ឌល​សូត្រ​,​សាងសង់​មជ្ឈមណ្ឌល​ប្រមូលផ្តុំ ត្រួតពិនិត្យ និង​ចែកចាយ​បន្លែ , ការស្តារ និង ជួសជុល​ប្រព័ន្ធធារាសាស្ត្រ និង​កែលំអរ​ផ្លូវថ្នល់ នៅក្នុង​ខេត្ត​ក្រុង​ចំនួន​៤​នៃ​ប្រទេស​កម្ពុជា​។​

ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ឯកឧត្តម ហ៊ី​រី​ណូ​អ៊ុ​ជិ ហ៊ី​ដេ​ហ៊ី​សា បាន​ថ្លែង​ឱ្យដឹង​នៅ ក្នុង ពិធី​ចុះហត្ថលេខា​ផ្តល់ និង​ទទួល​ថវិកា កាលពី​រសៀល​ថ្ងៃទី​២​ខែមីនា​នេះ​ថា រដ្ឋាភិបាល​ជប៉ុន បាន ឯកភាព​ផ្តល់​ថវិកា​ទាំងនេះ ក្រោម​គ្រោងការ​ជំនួយ​ឧបត្ថម្ភ​ឥត​សំណង សម្រាប់​គម្រោង​ទ្រង់ ទ្រាយ តូច សន្តិសុខ​មនុស្សជាតិ (​ជំនួយ​គូ​សារ​ណូ​ណិ​) ទៅលើ​អង្គភាព​សំខាន់ៗ​ចំនួន​៤ ដែល​ក្នុងនោះ មាន ទី​១ ៖ ផ្តល់​ជូនទៅ​គម្រោង​សាងសង់​មជ្ឈមណ្ឌល​សូត្រ នៅក្នុង​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ នូវ​ថវិកា​ចំនួន​៩០,៨៣៤​ដុល្លារ​អាមេរិក​។

​តាមរយៈ​គម្រោង​នេះ កសិករ​ដែល​ចិញ្ចឹម​ដង្កូវនាង កំពុង ជួបប្រទះ​នូវ​ការលំបាក ដូចជា​ជំងឺ ដង្កូវ នាង ជា​លទ្ធផល វា​បានធ្វើឱ្យ​ផលិតភាព មានការ ធ្លាក់ចុះ ហើយ​ប្រាក់ចំណូល​ក៏​ធ្លាក់ចុះ ផង ដែរ​។ មជ្ឈមណ្ឌល​សូត្រ​នេះ នឹង​ផលិត​ពង​ដង្កូវនាង​ដែល​គ្មាន​ជំងឺ ហើយ​ផ្ត​លើ​ពង​ទាំងនោះ​ដល់ កសិករ​ចិញ្ចឹម​ដង្កូវនាង ជាមួយនឹង​ការបណ្តុះបណ្តាល​បច្ចេកទេស ។ គម្រោង​នេះ​ត្រូវបាន​រំពឹងថា នឹង​រួមចំណែក​ក្នុង​ការផលិត​សូត្រ​ដែលមាន​គុណភាព​ខ្ពស់ បង្កើន​ប្រាក់ ចំណូល​ដល់​កសិករ និង​ធ្វើ ឱ្យ​វិស័យ​ឧស្សាហកម្ម សិប្បកម្ម​សូត្រ បែប​ប​ប្រពៃណី​មានការ រីកចំរើន និង​រស់​ឡើងវិញ​។​

​គម្រោង​ទី​២ ផ្តល់នូវ​ថវិកា​ចំនួន ១១៤,៨២១​ដុល្លារ​អាមេរិក ជូនទៅ​មជ្ឈមណ្ឌល ប្រមូលផ្តុំ ត្រួតពិនិត្យ និង​ចែកចាយ​បន្លែ​ថ្មី​មួយ នឹងត្រូវ​សាងសង់​នៅក្នុង​ទីក្រុង​តាខ្មៅ ខេត្តកណ្តាល ដែលជា កន្លែង​ដាំ​ដុះ​ធំ​ទី​២​នៅ​កម្ពុជា ។​មជ្ឈមណ្ឌល​នេះ នឹង​ក្លាយជា​កន្លែង​ប្រមូលផ្តុំ ត្រួតពិនិត្យ និង​ចែក ចាយ បន្លែ​ដំបូង​គេ នៅ​កម្ពុជា ដែលមាន​មន្ទី​ពិសោធន៍ ដើម្បី​ពិនិត្យមើល​នូវ​ការជាប់​សេសសល់ ថ្នាំ​សម្រាប់​សម្លាប់​សត្វល្អិត ដែលមាន​នៅលើ​បន្លែ ដោយមាន​ការសហការ​ជាមួយ​ក្រុមហ៊ុន​ជប៉ុន​។​

​គម្រោង​នេះ​នឹង​រួមចំណែក​ផ្គត់ផ្គង់​ផលិតផល​កសិកម្ម​ប្រកបដោយ​សុវត្ថិភាព និង​ទំនុកចិត្ត ទៅកាន់​ទីផ្សារ ហើយ​បង្កើន​នូវ​ស្លាក យីហោ​បន្លែ​របស់​ខេត្តកណ្តាល ។ កសិករ​ប្រមាណ​២០០០ នាក់ នឹង​អាច​នាំចេញ​បន្លែ​របស់​ពួកគេ​តាមរយៈ​មជ្ឈមណ្ឌល​នេះ​។​

​គម្រោង​ទី​៣ ផ្តល់ជូន​នូវ​ថវិកា​ចំនួន ៨៩,៩០០​ដុល្លារ​អាមេរិក សម្រាប់​សាងសង់​ទ្វារ​ទឹក និង​ជួសជុល​សំណង់​លូ​ទោល សម្រាប់​ប្រព័ន្ធធារាសាស្ត្រ​ដំរែក ក្នុង​ខេត្ត​កំបង់​ឆ្នាំង ។ តាមរយៈ គម្រោង​នេះ ទំ​បន់​ទឹក​ប្រវែង​១៥០០​ម៉ែត្រ​នឹងត្រូវ​សាងសង់ និង​ជួសជុល​ឡើងវិញ នៅក្នុង​ស្រុក រលាប្អៀរ ។ គម្រោង​នេះ​រំពឹងថា នឹងមាន​ប្រជាពលរដ្ឋ​ប្រហែល ៣០០០​នាក់ ទទួលបាន​ទឹកជា ប្រចាំ ដើម្បី​ស្រោចស្រព ហើយ​ទំនប់ទឹក​នេះ នឹងត្រូវ​ប្រើប្រាស់​ជា​ផ្លូវថ្នល់​ក្រោយពេល​បញ្ចប់ គម្រោង​។​

​ចំណែក​គម្រោង​ទី​៤ ផ្តល់​ថវិកា​ចំនួន ៨៩,២៦២ ដុល្លារ​អាមេរិក សម្រាប់​សាងសង់​ផ្លូវ​បេតុង នៅ​ឃុំ​ថ្ម​ស ស្រុក​បុ​ទុម​សាគរ ខេត្តកោះកុង ។ ផ្លូវ​ដែលមាន​ស្រាប់​ប្រវែង ៤៥៣ ម៉ែត្រ នឹងត្រូវ​អភិ វឌ្ឍន៍ ទៅជា​ផ្លូវ​បេតុង ដែលមាន​ប្រព័ន្ធ​បង្ហូរទឹក ។ គម្រោង​នេះ​ត្រូវបាន​រំពឹងថា ផ្លូវ​នេះ​នឹង​ផ្តល់​អត្ថ ប្រយោជន៍ ដល់​ប្រជាជន​ជិត​១៥,៧០០​នាក់ នៅក្នុង​តំបន់ ដើម្បី​ផ្តល់​ភាពងាយស្រួល​ដល់​ប្រជាជន ក្នុង​តំបន់ ទៅ​សាលារៀន មន្ទីរពេទ្យ ផ្សារ ពិសេស លើកកម្ពស់​ការដឹកជញ្ជូន​គ្រឿង​សមុទ្រ​ស្រស់ៗ ពី​ទីផ្សារ​គ្រឿង​សមុទ្រ នៅក្នុង​តំបន់​ទៅកាន់​គោលដៅ​ចែកចាយ​។​

​សូមបញ្ជាក់ថា គម្រោង​ទាំង​៤​នេះ បានមក​ទទួល​ដោយ ឯកឧត្តម ជេ​ត ជាលី សាកល វិទ្យា​ធិ​ការ សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ លោក ប៊ុន​ទួន ស៊ី​ម៉ូ​ណា ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រ​ម៉ាញ់ និង​នេសាទ ខេត្តកណ្តាល​, លោក ដោក ប៊ុន​ថុ​ន ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្ត​កំពង់ ឆ្នាំង និង លោក អន ដា​វុ​ធ ប្រធាន​មន្ទីរ​សាធារណៈការ​និង​ដឹកជញ្ជូន​ខេត្ត កោះកុង​៕​