នាយករដ្ឋមន្ត្រី​កម្ពុជា បើក​សន្និសីទ​ស្តីពី​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​២០១៨ មុន​ចេញទៅ​ប្រជុំ​​នៅ​អូស្ត្រាលី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 March, 2018 ក+ ក-

​ភ្នំពេញ ៖ សន្និសីទ ស្តីពី​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​២០១៨​នេះ គឺ​ផ្តោតលើ​ភាព​រីកចម្រើន​នៃ​ការប្រើប្រាស់​បច្ចេកវិទ្យា និង​វិទ្យាសាស្ត្រ លើ​វិស័យ​ឧស្សាហកម្ម ទន្ទឹមនេះ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក៏បាន​ស្នើអោយ វិស័យ​រដ្ឋ និង​ឯកជន ចូលរួម​គិតគូ​ពី ផល​វិជ្ជមាន និង​អវិជ្ជមាន នៃ​ការប្រើប្រាស់​បច្ចេកវិទ្យា​នេះដែរ ជាពិសេស​បញ្ហា​ប្រឈម​នៃ​ការប្រើ​បច្ចេកវិទ្យា ជំនួស​កម្លាំង​ពលកម្ម​របស់​មនុស្ស តែម្តង​។​

​ថ្លែង​នៅក្នុង​សន្និសីទ​លើក​ទី​១២ ស្តីពី​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​២០១៨ ក្រោម​ប្រធានបទ « វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា សំរាប់​ឧស្សាហូបនីយកម្ម កំណើនសេដ្ឋកិច្ច និង​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា ដែល​រៀបចំ​ធ្វើ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ​ភូ​គី​ត្រា នា​ព្រឹក​ថ្ងៃទី​១៥ ខែមីនា​នេះ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បង្ហាញថា វិស័យ​ឧស្សាហកម្ម ជា​វិស័យ​ដ៏​មាន​សក្តានុពល​សំខាន់ សម្រាប់​ជម្រុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា ក្នុង​រយៈពេល​មធ្យម និង​រយៈពេល​វែង ស្របទៅនឹង​ទស្សនវិស័យ​របស់​កម្ពុ​ជា​ក្នុងការ​ប្រែក្លាយ​ពី​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កំ​រត​ទាប​នាពេល​ប​ច្ចប្ប​ន្ន ទៅជា​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កំរិត​ខ្ពស់​នា​ឆ្នាំ​២០៣០ និង​មាន​ចំណូល​កំរិត​ខ្ពស់​នា​ឆ្នាំ​២០៥០​។

​ដើម្បី​សម្រេចបាន​កំណើន​ប្រកបដោយ​ប្រសិទ្ធភាព នៅក្នុង​សម័យ​ឌីជីថល នៃ​បដិវត្ត​ន៌​ឧស្សាហកម្ម​ទី​៤ សម្តេច​តេ​ជោ យល់ឃើញថា កម្ពុ​ចា​ចាំបាច់​ត្រូវ កសាង​ហេដ្ឋារចនាសម្ព័ន្ធ​បច្ចេកវិទ្យា​អោយ​ខ្លាំងក្លា ដែល​នឹង​ជួយ​ជម្រុញ​ដល់ ផលិតភាព និង កំណើន​ក្នុង​វិស័យ​ឧស្សាហកម្ម ក្នុងសម័យ​សេដ្ឋកិច្ច​ឌីជីថល​។ ទន្ទឹមនឹង​ផល​វិជ្ជមាន​នេះ សម្តេច​តេ​ជោ ក៏បាន​លើកឡើង​ផងដែរ​ថា ការរីកចម្រើន​បច្ចេក​វិទ្យា និង​វិទ្យាសាស្ត្រ ក៏​អាច​នឹង​ប៉ះពាល់​ដល់​វិស័យ​ការងារ ជាពិសេស​ការប្រើប្រាស់​គ្រឿង​ម៉ាស៊ីន គ្រឿងចក្រ​ជាដើម នឹង​ធ្វើអោយ​ការប្រើ​កម្លាំង​មនុស្ស មានការ​កាត់បន្ថយ​។ ម្យ៉ាងវិញទៀត វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា ក៏​នឹង​បង្កើត​នូវ​សង្គម​ថ្មី​មួយ ហៅថា សង្គម​ឌីជីថល ដែល​នឹងធ្វើ​អោយមាន​ការផ្លាស់ប្តូ​រ និង​ប្រែប្រួល​ដល់​ប្រពៃណី និង​ទម្លាប់​នៃ​ការរស់នៅ​មួយចំនួន​របស់​ប្រជាជន​។ ជាក់ស្តែង ការប្រាស្រ័យ​ទាក់ទង​ដោយផ្ទាល់​របស់​មនុស្ស មានការ​ធ្លាក់ចុះ​។

​ចំណែក​ប្រព័ន្ធ​ព័ត៌មាន​ដែល​ចែកចាយ​រហ័ស​ដោយ​គ្មាន​ការផ្ទៀងផ្ទាត់​ត្រឹមត្រូវ ក៏​អាច​ប៉ះពាល់​ដល់​បញ្ហា​សន្តិសុខ​ជាតិ​ទៀតផង​។ ដូចនេះ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បានស្នើ​ដល់​ផ្នែក​រដ្ឋ និង​វិស័យ​ឯកជន​គួរ​មានការ​គិតគូរ និង​សិក្សា ទៅលើ​ការប្រើប្រាស់​បច្ចេកវិទ្យា និង​វិទ្យាសាស្ត្រ ទាំង​ផល​វិជ្ជមាន និង​អវិជ្ជា​មាន មកលើ​នយោបាយ សេដ្ឋកិច្ច និង​សង្គម អោយបាន​គ្រប់​ជ្រុងជ្រោយ​។

​លោក បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សា​ជាន់ខ្ពស់​ឧ​ត្ត​ម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ យល់ឃើញថា ការប្រើប្រាស់​បច្ចេកវិទ្យា​និង​វិទ្យាសាស្ត្រ ជា​រឿង​ល្អ​សម្រាប់​ការអភិវឌ្ឍ​ក្នុង​ពិភពលោក ប៉ុន្តែ​សម្រាប់​ប្រទេស​កម្ពុជា គួរ​សិក្សា​អោយបាន​ច្បាស់​ពី​ផលប៉ះពាល់​នៃ​ការប្រើ​បច្ចេកវិទ្យា និង​វិទ្យាសាស្ត្រ កំរិត​ខ្ពស់​មួយចំនួន​។

សូមបញ្ជាក់ថា ប្រទេស​កម្ពុជា បាន​បង្កើត​ក្រុម​ប្រឹក្សាជាតិ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា (NSTC) ចាប់តាំងពី​ក្នុង​ឆ្នាំ​២០១៤​។ នាពេល​បច្ចុប្បន្ន​ក្រុមប្រឹក្សា​ជាតិ វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​នេះ កំពុង​រៀបចំតាក់តែង​គោលនយោបាយ​សម្រាប់​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​ឆ្នាំ​២០១៨-២០២៥ ដើម្បី​ពង្រឹង​ចំណងទាក់ទង​រវាង​ផ្នែក​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ជាមួយនឹង​វិស័យ​ជា​អាទិភាព​នានា​របស់​កម្ពុជា​ផងដែរ​៕​