លោក ដូ​ណា​ល់ ត្រាំ ដក​រដ្ឋមន្ត្រីការបរ​ ទេស​ចេញពី​តំណែង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 March, 2018 ក+ ក-

អាមេរិក ៖ ​តាមរយៈ​សារ​Twitter របស់​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃ​អង្គារ ទី​១៣ ខែមីនា ឆ្នាំ​២០១៨ ម្សិលមិញ​នេះ បានប្រកាស​ដក​លោក Rex Tillerson ចេញពី​តំណែង​រដ្ឋមន្ត្រីការបរទេស និង​ដាក់ជំនួស​មកវិញ ដោយ​លោក​Mike Pompeo ប្រធាន​ទីភ្នាក់ងារ​សម្ងាត់ CIA​។

​លោក ដូ​ណា​ល់ ត្រាំ បានសរសេរថា លោក Mike Pompeo ប្រធាន​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់ CIA នឹង​ចូលមក​ជំនួស​លោក Rex Tillerson ក្នុងពេល​លោកស្រី Gina Haspel ដែល​បច្ចុប្បន្ន​ជា​អនុប្រធាន​របស់​CIA នឹង​ក្លាយជា​ប្រធាន​ស្ថាប័ន​ស៊ើបការណ៍​សម្ងាត់​អាមេរិក​។ លោក ត្រាំ សរសេរ​បញ្ជាក់ថា លោក​Mike Pompeo នឹង​ក្លាយជា​ប្រមុខ​ការបរទេស​ថ្មី​របស់​អាមេរិក​។ គាត់​នឹង​ធ្វើការ​ដ៏​ល្អ​អស្ចារ្យ​” នេះ ចំណែក លោកស្រី Gina Haspel អនុប្រធាន​របស់ CIA នឹង​ក្លាយជា​ស្ត្រី​អាមេរិកាំង​ទី​១ ដែល​បាន​ចូលកាន់​តំណែង​ជា​ប្រធាន​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​ស​ហ រដ្ឋ អាមេរិក​។​

​បើតាម​មន្ត្រីជាន់ខ្ពស់​របស់​ក្រសួងការបរទេស​អាមេរិក លោក Steve Goldstein បាន​និយាយថា លោក រេច ធី​ល័​រ​សុន (Rex Tillerson )​ដែល​ទើប​ត្រលប់​មកពី​ធ្វើ​ទស្សនកិច្ច​នៅ អា ហ្វ្រិ​ក មិនបាន​និយាយ​ជាមួយ​លោក​ដូ​ណា​ល់ ត្រាំ ទេ នៅ​ថ្ងៃ​អង្គារ​ទី​១៣ មីនា នេះ ហើយក៏​មិនបាន​ដឹង​ពី​មូល​ហេតុដែល​រូបលោក​ត្រូវ លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ដកចេញ​ពីមុខ​តំណែង​នោះ ដែរ​។​

លោក Steve Goldstein បាន​បន្ថែមថា នៅមុន​ឡើង​យន្តហោះ​ទៅ​រដ្ឋ​កាលីហ្វ័​នី នៅ​ថ្ងៃ​អង្គារ នេះ លោក ដូ​ណា​ល់ ត្រាំ បាន​និយាយប្រាប់​អ្នកកាសែត ថា រូបលោក និង​លោក ធ័​រ​ល័​សុន មិន​យល់​ស្របគ្នា​លើ​សំណុំរឿង​ជាច្រើន ដូចជា​រឿង​កូរ៉េខាងជើង ការ​លូកដៃ​របស់​រុស្ស៊ី ក្នុងការ បោះឆ្នោត​នៅ​អាមេរិក និង​ជាពិសេស​សំណុំរឿង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​។​

លោក Steve Goldstein បា​នប​ន្ធែ​ម​ទៀតថា លោក រេច ធី​ល័​រ​សុន ដែលជា​មហាសេដ្ឋី​ប្រេង​មួយរូប ត្រូវបាន​លោក ដូ​ណា​ល់ ត្រាំ ជ្រើសរើស​ជា​ប្រមុខ​ការបរទេស​អាមេរិក តាំងពីដើម អាណត្តិ​។ ប៉ុន្តែ បន្តិច​ម្តងៗ លោក ដូ​ណា​ល់ ត្រាំ បាន​ដក​ទំនុកចិត្ត​ពី​រដ្ឋមន្ត្រីការបរទេស លោក រេច ធី​ល័​រ​សុន ដែល​លោក ត្រាំ យល់ថា មាន​ជំហរ និង​មានគំនិត​មិន​ដូចនឹង​លោក​។

​សូម​រំលឹកថា ព័ត៌មាន​ដក​លោក​រេច ធី​ល័​រ​សុន និង​ដាក់ជំនួស​ដោយ​ប្រធាន​ទីភ្នាក់ងារ​CIA ធ្លាប់​ត្រូវបាន​កាសែត New York Times ចុះផ្សាយ​ម្តង​ហើយ កាលពី​ខែវិច្ឆិកា ឆ្នាំមុន​។ ប៉ុន្តែ កាលណោះ លោក ដូ​ណា​ល់ ត្រាំ បាន​បដិសេធ និង​ចាត់ទុកថា ជាការ​ចុះផ្សាយ​នី​វ​ព័ត៌មាន​មិន​ពិត​៕​