ផ្លូវ​ភ្ជាប់​ពី​ខេត្តព្រៃវែង​ទៅ​ខេត្ត​ត្បូងឃ្មុំ​ប្រវែង​៩៦​គ​.​ម ចាប់ផ្តើម​សាងសង់​តម្លៃ​ជាង​៩៤​លាន​ដុល្លារ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 March, 2018 ក+ ក-

​ព្រៃវែង ៖ ផ្លូវជាតិ​លេខ​១១ ប្រវែង​ប្រមាណ​៩៦​គីឡូម៉ែត្រ ពី​អ្នក​លឿង ក្នុងស្រុក​ពាម​រក៍​ខេត្តព្រៃវែង ដល់​ថ្នល់ទទឹង ខេត្ត​ត្បូងឃ្មុំ ត្រូវបាន​បើក​ការដ្ឋាន​សាងសង់​ពង្រីក ឡើងវិញ​ជា​ផ្លូវការ នៅ​ព្រឹក​ថ្ងៃ សុក្រ​នេះ ក្រោម​អធិបតីភាព​ដ៍​ខ្ពង់ខ្ពស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​។ ផ្លូវ​មួយ​ខ្សែ​នេះ ត្រូវ​សាងសង់​ឡើងវិញ​ក្រោម ហិរញ្ញប្បទាន​របស់​សាធារណៈរដ្ឋ​ប្រជា​មា​និត្យ​ចិន ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៩៤​លាន​ដុល្លារ​អាមេរិក រួម​នឹង​ថវិកា​ប​ដិ​ភាព​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដើម្បី​ដោះស្រាយ ផលប៉ះពាល់​។

​ផ្លូវជាតិ​១១​នេះ ជា​ប្រភេទ​ផ្លូវ​ក្រាល​បេតុង​កៅស៊ូ AC កម្រាស់​៥​សង់ទីម៉ែត្រ​លើក​កំពស់​ផ្លូវ និង​ពង្រីក​ទទឹងផ្លូវ​ពី​៩​ម៉ែត្រ​ទៅ​១១​ម៉ែត្រ ក្រាល​ស្រទាប់​គ្រឹះ​ទាំង​លើ និង​ក្រោម​កម្រាស់ ៦០​ស​.​ម​។ ផ្លូវ​នេះ​នឹងត្រូវ​ធ្វើការ​សាងសង់​ដោយ​ក្រុមហ៊ុន​សាជីវកម្ម​ថ្នល់​ស្ពាន​របស់​ចិន និង​ត្រួតពិនិត្យ បច្ចេក ទេស​សាងសង់​ដោយ​ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស​សំណង់​ក្វាង​ចូ​វ​វ៉ាន​អាន ដោយ​ប្រើប្រាស់​រយៈពេល​សាងសង់​ចំនួន​៤៤​ខែ ចាប់ពី​ខែមីនា ឆ្នាំ​២០១៨ ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ដើម ឆ្នាំ​២០២១ ខាងមុខ​។​

​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី មិន​ភ្លេច​ថ្លែង​អរគុណ​ចំពោះ​មិត្ត​ចិន ដែលជា​ប្រទេស​ផ្តល់ ហិរញ្ញប្បទាន​សម្រាប់​សាងសង់​ផ្លូវ​ស្ពាន​ច្រើនជាងគេ​បំផុត​សម្រាប់​កម្ពុជា​។​សម្តេច​តេ​ជោ​បាន អះអាងថា បើ​ចិន​នៅតែ​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​រឹងមាំ រួម​នឹង​ឥរិយាបថ​ការទូត​របស់​ចិន ក្នុង​ភាពជា​អ្នកជិតខាង​ល្អ ដោយ​គោរព​អធិបតេយ្យភាព​ប្រទេស​ដទៃ​កម្ពុជា​នឹង​ទទួលបាន​ផលប្រយោជន៍​យ៉ាង ធំធេង​ពី​ការអភិវឌ្ឍ​របស់​ចិន​។

គួរ​បញ្ជាក់ដែរថា សាធារណៈ​មា​និត្យ​ចិន​បានផ្តល់​ហិរញ្ញប្បទាន​ដើម្បី​ធ្វើការ​សាងសង់​ផ្លូវ​ជាច្រើន​ខ្សែ​សម្រាប់​កម្ពុជា​។ គិត​ត្រឹម​ឆ្នាំ​២០១៨ នេះ ចិន​បាន​ជួយ​ធ្វើការ​សាងសង់​ផ្លូវ​ចំនួន​២៣​ខ្សែ សរុប​ប្រវែង​២.៣០០​គ​.​ម និង​បាន​ប្រើប្រាស់​ថវិកា​ចំនួន​១.៣០០​លាន​នាក់​។ ផ្លូវ​កំពុង​សាងសង់ មាន​ចំនួន​៦​ខ្សែ ប្រវែង​៦០០​គម ដែល​ប្រើប្រាស់​៤៩០​លាន​ដុល្លារ ហើយក៍​មាន​ផ្លូវ​ដែល​កំពុង​ត្រៀម​សាងសង់​មាន​ផ្លូវជាតិ​លេខ​៣ និង​ផ្លូវ​ក្រវាត់ក្រុង​ប្រវែង​១៨៧​គ​.​ម សរុប​ថវិកា​ដែល​ត្រូវ​ចំណាយ​ចំនួន​៤៨៣​លាន​ដុល្លារ​។

​ដោយឡែក ចំពោះ​ការសាងសង់​ស្ពាន​វិញ ចិន​បានផ្តល់​ហិរញ្ញប្បទាន ដើម្បី​សាងសង់​រួចរាល់​ចំនួន​៧ សរុប​ប្រវែង​៦.៨២៦ ម​. គិត​ជា​ថវិកា ចំនួន​២១៦​លាន​ដុល្លារ រួមជាមួយ​និង​ស្ពាន​ស្ទឹងត្រង់​ដែល​កំពុងធ្វើការ​សាងសង់​ផង​រដែរ​៕