អ្នក​ចូល​កន្លែង Internet 24​ម៉ោង ភាគ ច្រើន​ទៅលេង​ល្បែងភ្នាល់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 March, 2018 ក+ ក-

​ភ្នំពេញ​៖ លោក ឡុង ង៉ែត អភិបាលរង​ខណ្ឌមានជ័យ បានស្នើ​ដល់​អាជ្ញាធរ​សង្កាត់​និង​នាយ​នគរបាល​ប៉ុ​សិ៍្ត​រដ្ឋបាល​ទាំង​ត្រូវតែ​យកចិត្តទុកដាក់​បំផុត​ទៅលើ​ទីតាំង​បើក​អ៊ិន​ធើ​ណេ​ត​២៤​ម៉ោង ដែល​អាច​ចាត់ទុកថា​អ្នក​ដែល​និយម​ទៅ​កន្លែង​ទាំងនេះ​ភាគច្រើន​គេ​ទៅលេង​ល្បែងភ្នាល់​តាម​ប្រព័ន្ធ អ៊ិន​ធើ​ណេ​ត​។​

​លោក ឡុង ង៉ែត បាន​លើកឡើងថា ព្រោះ​បច្ចុប្បន្ននេះ​ជា​សម័យ​ទំនើប​ប្រទេសជាតិ​មានការ​រីកចម្រើន​លើ​គ្រប់​វិស័យ ហើយ​ម្នាក់ៗ​គេ​ប្រើប្រាស់​ស្មា​ត​ហ្វូ​ត​ជា​ទូរស័ព្ទដៃ គេ​បញ្ចូល​លុយ​តែ​៥​ដុល្លា​ក្នុង​១​ខែ គេ​អាច​លេង​ហ្គេម លេង​អ៊ី​ន​ធើ​ណេ​ត អាច​តេ​ចេញទៅ​ក្រៅប្រទេស លេង​ហ្វេ​សបុ​កបាន​គ្រប់យ៉ាង​។ ហេតុដូច្នេះ​ប្រជាពលរដ្ឋ​គេ​លេង​ទៅកាន់​កន្លែង​អ៊ិន​ធើ​ណេ​ត​២៤​ម៉ោង​នោះ​ទៀតហើយ កាលពី​មុនគេ​អាច​ទៅកាន់​កន្លែង​នោះ​មែន ព្រោះ​គេ​ត្រូវការ​តេ​ទៅ​ក្រៅប្រទេស​តាម​ប្រព័ន្ធ​អ៊ិ​ធើ​ណេ​ត​នេះ តែ​ឡូ​វ​នេះ​គេ​អាច​តេ​តាម​ទូរស័ព្ទដៃ​គេ​បាន​។ អីចឹង​អ្នក​ទៅ​កន្លែង​នោះ​រហូតដល់​ម៉ោង​កណ្តាល​អា​ធ្រា​ត្រ គឺ​ភាគច្រើន​អ្នក​ទៅលេង​ល្បែងភ្នាល់​តាម​អ៊ិន​ធើ​ណេ​ត អន​ឡាញ ព្រោះថា​ម៉ោង​នេះ​ជា​ម៉ោង Live ផ្ទាល់ ពី​កីឡាបាល់ទាត់​។​

ការលើកឡើង​បែបនេះ នៅ​ក្នុងឱកាស​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាពរ​ដ្ឋ​បាល​ខណ្ឌមានជ័យ​ប្រចាំខែ កាលពី​រសៀល​ថ្ងៃ​សុក ទី​២៣ ខែ​មិនា ឆ្នាំ​២០១៨ នៅ​សាលប្រជុំ​សាលាខណ្ឌ​ដោយ​ទទួលបាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​លោក ពេជ្រ កែវ​មុនី អភិបាល នៃ​គណៈ​អភិបាលខណ្ឌ និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ និង​អភិបាលរង លោក តេង ស៊ី​ណូ អធិការនគរបាល​ន​គ​របាល​ខណ្ឌមានជ័យ ព្រមទាំង​អស់លោក​-​លោកស្រី​ចៅសង្កាត់​ទាំង​៧ នាយ​នគរបាល​ប៉ុ​សិ៍្ត​រដ្ឋបាល ប្រធាន​ផ្សារ​ទាំងអស់ និង​មន្ត្រីក្រោមឱវាទ​សាលាខណ្ឌ​។​

ដោយឡែក​ពាក់ព័ន្ធ​នឹង​ល្បែងស៊ីសង​កន្ទុយលេខ លោក តេង ស៊ី​ណូ អធិការនគរបាល​ខ​ណ្ឌ​ក៏​លើកឡើង​នូវ​បញ្ហា​ប្រឈម​ជាច្រើន ដែល​ពិបាក​ក្នុង​ការដឹកនាំ​ចុះបង្ក្រាប​ថា ទីតាំង​កន្ទុយលេខ​ខ្លះ​ជ្រក​ក្រោម​ស្លាក​ឆ្នោត​ខ្មែរ​ស្របច្បាប់ ហើយ​នៅពេលដែល​កម្លាំង​ចុះ​ដល់​ភ្លាម គឺ​គេ​លាក់​យ៉ាង​លឿន​បំផុត​ក្រដាស់​ឆ្នោត​ខុសច្បាប់ ហើយ​ថែមទាំង​ជេរប្រមាថ​មកលើ​កម្លាំង​សមត្ថកិច្ច​ផងដែរ​។​លោក តេង ស៊ី​ណូ លើកឡើងថា កន្លងទៅ​សមត្ថកិច្ច​បាន​បង្ក្រាប​នៅ​ផ្សារ ប៉េសេ ឃាត់​មនុ​ស្សបាន​៩​នាក់ បញ្ជូន​ទៅកាន់​តុលាការ​។

ការចុះ​បង្ក្រាប​ទីតាំង​ជល់​មាន់ ថ្នាក់លើ​តែងតែបាន​បន្ទោស​ថា បង្ក្រាបបាន​តែមាន់ មិនដែល​ចាប់បាន​មនុស្ស​សោះ​។ ចំណុច​នេះ​លោក តេង ស៊ី​ណូ បាន​ឆ្លើយតប​ទៅ​ថ្នាក់លើ​វិញ​ថា ពិតជា​ពិបាក​ដេញចាប់​មនុស្ស​ទាំងនោះ​ណាស់ ពួកគេ​រត់​ផ្លោះ​របង​លឿន​ធ្វើ​ឲ្យ​ប្រឈម​គ្រោះថ្នាក់​។​

ជាមួយគ្នានេះ​ផងដែរ លោក ពេជ្រ កែវ​មុនី អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​មានជ័យ​ក៏បាន​ធ្វើការ​កោត​ស​សើរ​ដល់​មន្ត្រី​ជំនាញ​ក្រោម​ឱវាទ​សាលាខណ្ឌ និង​អភិបាលរងខណ្ឌ លោក​ចៅសង្កាត់​ទាំងអស់​ដែល​បាន​អនុវត្ត​ការងារ​បានល្អ​ប្រសើរ​នូវ​ការងារ​សណ្តាប់ធ្នាប់​សាធារណៈ ការងារ​បង្ក្រាប​ល្បែងស៊ីសង និង​ចេះ​សាមគ្គីភាព​គ្នា​ផ្ទៃក្នុង​ទទួលបាន​ផល​វិជ្ជមាន​គួរ​ជាទី​មោទនៈ​។

ទោះបីជា​យ៉ាងនេះ​ក្តី លោក​អភិបាលខណ្ឌ​មានជ័យ​ក៏បាន​ជម្រុញ​អនុវត្ត​បន្ថែម​ទៅលើ​ច្បាប់​ចរាចរណ៍​ផ្លូវគោក ចុះ​ត្រួតពិនិត្យ​លើ​យានយន្ត​កាត់ត​ទ្រុង​ចរាចរណ៍​លើ​ដងផ្លូវ និង​ជាពិសេស​ជម្រុញ​ឲ្យ​អភិបាលរងខណ្ឌ​ទទួល​ការងារ​សណ្តាប់ធ្នាប់​ដឹកនាំ​ចុះ​កាត់ត​សំ​យ៉ាប​ផ្ទះ ណែនាំ​ដល់​ពលរដ្ឋ​ឲ្យ​យល់​អំពី​ច្បាប់ ការដាក់​តាំង​លក់ដូរ​រំលោភ​លើ​ចំណី​ផ្លូវថ្នល់ និង​ណែនាំ​ដល់​ម្ចាស់ផ្ទះ​ឲ្យ​បញ្ឈប់​ជួល​កន្លែង​លក់ដូរ​មុខផ្ទះ​របស់ខ្លួន​លយ​ចេញមក​លើផ្លូវ​សាធារណៈ ជាពិសេស​ជំរុញ​ឲ្យ​ចៅសង្កាត់​ទាំងអស់​ចុះ​ត្រួតពិនិត្យ​ទៅលើ​ទីតាំង​ទទួល​បញ្ចាំ​២៤​ម៉ោង ជាដើម​៕​ ​