លោក សុខ ទូច ថា គ្មាន​សន្ដិភាព ក៏​គ្មាន​ពិ​ព័ណ៌​ចម្លាក់​ឈើ​ពិភពលោក​នៅ​កម្ពុជា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 March, 2018 ក+ ក-

​ភ្នំពេញ ៖ លោក​បណ្ឌិតសភា​ចា​រ្យ សុខ ទូច ប្រធាន​រាជបណ្ឌិតសភា​កម្ពុជា បាន​មានប្រសាសន៍ថា កម្ពុជា​នាពេល​ប​ច្ច​ប្បន្ន ពោរពេញ​ដោយ​ស្នាមញញឹម សន្តិភាព​និង​ការ​រស់​ឡើងវិញ​របស់​កម្ពុជា ដែល​ខុសពី​កាលពី​៣៥​ឆ្នាំមុន កម្ពុជា ពោរពេញ​ទៅដោយ​សង្គ្រាម និង​ជា​សមរភូមិ​ប្រ​យុ​ទ្ឋ ប៉ុន្ដែ​នៅពេលនេះ​កម្ពុជា​បានក្លាយ​ទៅជា​កន្លែង​ជួបជុំគ្នា​គ្រប់​ជាតិ​សាសន៍ បង្ហាញ​នូវ​វប្បធម៌​សន្តិភាព និង​ក្លាយទៅជា​កន្លែង​សន្តិភាព មិត្តភាព​ធ្វើឱ្យ​ពិភពលោក​ក្លាយទៅជា​ពិភពលោក​យើងទាំងអស់គ្នា​។​

បណ្ឌិតសភា​ចា​រ្យ សុខ ទូច មានប្រសាសន៍​បែបនេះ ទៅកាន់​អ្នកចូលរួម​ប្រមាណ​ជា​៥០០​នាក់​មកពី​ជាង​១០០​ប្រទេស នៅក្នុង​ឱកាស​បិទ ទិវា​ចម្លាក់​ឈើ​ពិភពលោក​ឆ្នាំ​២០១៨ នៅ​ខេត្តសៀមរាប​នៅ​រាត្រី​ថ្ងៃទី​២៥​ខែមីនា​ឆ្នាំ​២០១៨​នេះ​។​

លោក​បាន​បន្ដថា ស្នាមញញឹម​របស់​កម្ពុ​ជា​នៅពេលនេះ​មិនមែន​ស្នាមញញឹម​ដូច​នៅលើ​ផ្ទាំង​ថ្ម​ទៀត​ទេ គឺជា​ញញឹម​ប្រកបដោយ​សុខសន្តិភាព​និង​ក្តី​ស្រឡាញ់ ហើយ​កម្ពុជា​មិន​ក៏​មិន​ត្រូវការ​សង្គ្រាម​ទៀត​ដែរ ហើយ​ថា​កម្ពុជា​ពិត​ជាមាន​សន្តិភាព បើ​គ្មាន​សន្តិភាព​ទេ មិនអាច​មកជួបជុំ​គ្នា​ធ្វើ​ទិវា​ចម្លាក់​ពិ​ពណ៌​អន្ដរជាតិ​នៅ​កម្ពុជា​បាន​នោះទេ ។​

​លោក បាន​ថ្លែងអំណរគុណ​ដល់ អង្គការ​សង្គម​វប្បធម៌​ឈើ​អន្តរជាតិ ដែល​ហៅ​កាត់​ថា ( IWCS ) អង្គការ​សហព័ន្ធ​អន្តរជាតិ​នៃ​ការស្រាវជ្រាវ​ផ្នែក​រុក្ខកម្ម ( IUFOR ) និង​មូលនិធិ​ទិវា​ចម្លាក់​ឈើ​ពិភពលោក ( WWDF ) ដែល​បាន​ជួយ​ឱ្យ​ការបង្ហាញ​នូវ​ស្នាដៃ​ដ៏​វិចិត្រ​របស់ខ្លួន​ស្តី​ការប្រើប្រាស់​ចម្លាក់​លើ​ឈើ​បានទទួល​ល​ទ្ឋ​ផល​ល្អ​និង​ជោគជ័យ និង​ក្រុម​តន្ដ្រីករ សិល្បករ​រាប់រយ​នាក់​ផងដែរ​។​​

លោក សុខ ទូច មានប្រសាសន៍​បន្ថែមថា អ្នកនយោបាយ​អាចបង្កើត​ព្រំដែន​នយោបាយ​បាន ប៉ុន្តែ អ្នកសិល្បៈ វប្បធម៌ និង​ចម្លាក់​គឺ​គ្មាន​ព្រំដែន​ទេ ដែលថា គ្រប់​ចម្លាក់​ទាំងអស់ បាន​ផ្តោត​និង​បង្កប់​នូវ​ទស្សនវិជ្ជា​បី គឺ​ជីវិត ធម្មជាតិ និង​ការ​បន្តវេន​។

​​លោកពន្យល់ថា ជិវិត​មនុស្ស​ពេលដែល​ស្លាប់​គេ​នាំគ្នា​ភ័យ​និង​ខ្លាច តែបើ​ដើមឈើ​បើ​ស្លាប់​វិញ​គេ​អាចយ​កវា​មក​ច្នៃ​ជា​គ្រឿង​សង្ហា​រឹម និង​សម្ភារៈប្រើប្រាស់​ផ្សេងៗ តាមរយៈ​ភាពប៉ិនប្រសព្វ​នៃ​ជាងចម្លាក់ មានន័យថា ឈើ​និង​ព្រៃឈើ​គឺជា​ជិវិត​របស់​មនុស្ស​នៅលើ​ភពផែនដី គ្មាន​ឈើ​គឺ​គ្មាន​ជីវិត ហេតុនេះ យើង​ត្រូវ​នាំគ្នា​ស្រឡាញ់​និង​ថែរក្សា​ព្រៃឈើ​៕