អ្នកជំនួញ​ក្នុងស្រុក​ត្រៀមខ្លួន​ប្រកួត ប្រជែង​ជាមួយ​អាជីវកម្ម Franchise ដែល​នាំចូល​ពី​បរទេស​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 March, 2018 ក+ ក-

​ភ្នំពេញ ៖ ខណៈដែល​អាជីវកម្ម​ទិញ ម៉ាក​យីហោ ពី​បរទេស កំពុង សំរុក​ចូលក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា ជា​បន្តបន្ទាប់ ម្ចាស់​ធ្វើ​អាជីវកម្ម Franchise នៅក្នុង​ស្រុក​ក៏​កំពុង​ខិតខំ​ប្រឹងប្រែង បង្កើត​ម៉ាក​យីហោ​ផ្ទាល់ខ្លួន ដើម្បី​ប្រកួត​ជាមួយ​ម៉ាក​យីហោ​ដែល​នាំចូល​ពី​បរទេស​ដែរ ៖

នៅក្នុង​ពិធី​ជួបជុំ​រវាង ពាណិជ្ជករ​ដែលជា​ម្ចាស់​អាជីវកម្ម​ម៉ាក​យីហោ​ក្នុងស្រុក កាលពី​ថ្ងៃទី ២៥ មីនា លោក Shabbir Godil ដែលជា​អ្នករៀបចំ​អោយមាន​ការជួបជុំ​នេះ បាន​លើកឡើងថា អាជីវកម្ម Franchise ក្នុងស្រុក​អាច​ទទួលបាន​នូវ​ការការពារ​ច្រើនជាង និង​មាន​ហានិភ័យ​តិចជាង​អាជីវកម្ម​ដែល​ទិញ​ម៉ាក​យីហោ​ពី​បរទេស ព្រោះ អាជីវកម្ម Franchise នៅក្នុង​ស្រុក នៅពេល​មាន​បញ្ហា​ណាមួយ ម្ចាស់​អាជីវកម្ម​អាច​ដោះស្រាយ​បញ្ហា​ប្រឈម​បាន​ទាន់ពេលវេលា​។ ម្យ៉ាងទៀត ការទិញ​ម៉ាក​យីហោ​ក្នុងស្រុក​ដើម្បី​យកទៅ​ធ្វើ​អាជីវកម្ម​បន្ត ក៏​ចំណាយ​ថវិកា​អស់​តិច​ដែរ ទាំង​ការរៀបចំ​ទីកន្លែង និង​យុទ្ធសាស្ត្រ ដោយសារ មានការ​គាំទ្រ​ពី​ម្ចាស់​ម៉ាក​យីហោ​ដើម​ស្រាប់​។ ដូចគ្នានេះ លោក ដួង តារា ស្ថាបនិក​ហាង​កាហ្វេ​មី​ស្ទ័​រ​ប្រ៊ូ បានអោយដឹងថា ជាទូទៅ​មាន​មនុស្ស​ជាច្រើន​បានអោយ​តម្លៃ​ទៅលើ ម៉ាក​យីហោ​ដែល​នាំចូល​ពី​បរទេស​ក៏ប៉ុន្តែ​បច្ចុប្បន្ន​ម៉ាក​យីហោ​ក្នុងស្រុក​ក៏​មិន​ចាញ់​ម៉ាក​យីហោ​ពី​ក្រៅ​ស្រុក​ប៉ុន្មាន​ដែរ ។

ជាក់ស្ដែង​គេ​មើលឃើញថា​អាជីវកម្ម Franchise ក្រៅ​ស្រុក និង​ក្រៅ​ស្រុក​ស្ទើរតែ​ដើរ​ទន្ទឹមគ្នា​ទៅហើយ ។ លោក​គិតថា​រយៈពេល​៥​ឆ្នាំ​ខាងមុខ​ទៀត​អាជីវកម្ម Franchise ក្រៅ​ស្រុក​អាច​នឹង​នៅក្រោម Franchise ក្នុងស្រុក​វិញ ព្រោះ​អាជីវករ​ក្នុងស្រុក​បាន​យល់ដឹង​កាន់តែច្បាស់​ពី​អាជីវកម្ម Franchise ហើយ​អាជីវករ​ក្នុងស្រុក​ក៏​ច្បាស់​ជាង នូវ​ចំណង់​ចំណូលចិត្ត​និង​ទំនៀម​ទំលាប់​អតិថិជន​ក្នុងស្រុក​ដែរ ។ លោក​បន្តថា អាជីវកម្ម Franchise ក្នុងស្រុក​មានគុណ​សម្បត្តិ​ច្រើនជាង​អាជីវកម្ម​ក្រៅ​ស្រុក ជាក់ស្ដែង​ទី​១​ចំណាយ​ដើមទុន​តិច​ក្នុង​ការធ្វើ​អាជីវកម្ម ទី​២ អ្នក​នៅក្នុង​ស្រុក​អាច​នឹង​គាំទ្រ​របស់​ក្នុងស្រុក​ច្រើន ជាង​ការនាំ​ពី​ក្រៅប្រទេស ហើយ​ទី​៣​ដោយសារតែ​ម្ចាស់ Franchise ក្នុងស្រុក​ដឹង​ច្បាស់​ពី​ប្រពៃណី និង​ទំនៀម​ទំលាប់​អតិថិជន​ក្នុងស្រុក ដូចនេះ​នៅពេល​មាន​បញ្ហា​ប្រឈម​ណាមួយ​គេ​អាច​ដោះស្រាយបាន​ទាន់ពេលវេលា និង​មិន​ធ្វើអោយ​អាជីវកម្ម​ដួល​រំលំ​ដោយ​ងាយ ដែល​ខុសពី​ការយក​ម៉ាក​ក្រៅ​ស្រុក​មក​ធ្វើ​អាជីវកម្ម នៅពេល​មាន​បញ្ហា​ណាមួយ​ត្រូវ​រង់ចាំ ការប្រឹក្សា​ពី​ខាងក្រៅ​ប្រទេស​សិន​ទើប​អាច​សម្រេចបាន ៕