ក្រសួង​ចំនួន​១០​ត្រូវដាក់​ឲ្យ​អនុវត្តន៍​ប្រព័ន្ធគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ (FMIS) នៅ​ឆ្នាំក្រោយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 March, 2018 ក+ ក-

​ភ្នំពេញ ៖ បន្ទាប់ពី​បាន​ដាក់អោយអនុវត្ត​ដោយ​ជោគជ័យ​នៅក្នុង​ជំហាន​ទី​១ នូវ​ប្រព័ន្ធគ្រប់គ្រង ហិរញ្ញវត្ថុ​សាធារណៈ (FMIS) ដែល​បានចាប់ផ្តើម​កាលពី​ខែមករា ឆ្នាំ​២០១៧​កន្លងទៅ​សំរាប់ ក្រសួង​ចំនួន ១០ ឥឡូវនេះ​មាន​ក្រសួង ស្ថាប័ន​ចំនួន ១០​ផ្សេងទៀត​ត្រូវបាន​ប្រកាស​ដាក់​ឲ្យ អនុវត្ត​ប្រព័ន្ធ​មួយ​នេះ​សំរាប់​ឆ្នាំ​២០១៩​ខាងមុខនេះ​ផងដែរ​។​

ថ្លែង​ក្នុង​កម្មវិធី​បញ្ជ្រាប​ការយល់ដឹង​អំពី​ប្រព័ន្ធគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​សំរាប់ ក្រសួង ស្ថាប័ន​ថ្មី​ទាំង ១០​ដែល​ត្រូវ​ចូលរួម​អនុវត្ត​គម្រោង​ឆ្នាំ​២០១៨ នៅ​សណ្ឋាគារ​ភ្នំពេញ នា ព្រឹក​ថ្ងៃទី​២៦ ខែមីនា នេះ រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​ក្រុមការងារ គ្រប់គ្រង​ប្រព័ន្ធគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ (FMIS) ឯកឧត្តម​បណ្ឌិត ហ៊ាន សា​ហ៊ី​ប បាន គូសបញ្ជាក់ថា​៖ ភាពជោគជ័យ​ក្នុង​ការដាក់​ប្រព័ន្ធ FMIS ឲ្យ​អនុវត្ត​ក្នុង​ជំហាន​ទី​១ នៅក្នុង​អគ្គ លេខាធិការដ្ឋាន​គន្លឹះ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​រតនាគារ​រាជធានី ខេត្ត​ទាំងអស់ នៅ​ទូទាំងប្រទេស​កម្ពុជា គឺជា​សក្ខីភាព​បង្ហាញ​យ៉ាងច្បាស់​ថា ប្រព័ន្ធ FMIS បាន​ដើរតួនាទី​ជា កាតាលីករ​សកម្ម ក្នុងការ​នាំមក​នូ​វប្រ​សិទ្ធ​ភាព គណនេយ្យភាព តម្លាភាព ក្នុងការ​គ្រប់គ្រង ហិរញ្ញវត្ថុ​សាធារណៈ​នៅ​កម្ពុជា​។​

យោងតាម​ការចេញផ្សាយ​របស់​ព្រឹត្តិបត្រ​ព័​ត៍​មាន​គម្រោងការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ (FMIS) ឲ្យ​ដឹងថា ការអនុវត្ត​គម្រោង​នេះ​បាន​ដើរតួនាទី​ជា​កញ្ចក់​ឆ្លុះបញ្ចាំង​អំពី​លទ្ធភាព និង​តម្រូវការ​ជាក់ស្តែង ក្នុងការ​កែលម្អ​ជា​ជំហានៗ នូវ​នីតិវិធី​អនុវត្ត​ការងារ​ហិរញ្ញវត្ថុ ដែលមាន ភាពស្មុគស្មាញ និង​មិន​ផ្តល់​តម្លៃបន្ថែម​ក្នុង​គោលដៅ​ពង្រឹង​វិន័យ​ថវិកា កាត់បន្ថយ​ពេលវេលា និង​ធនធាន​មិនចាំបាច់ និង​ជួយ​សម្រួល​បន្ទុក​ការងារ​របស់​មន្ត្រី​អនុវត្ត​ថវិកា និង​កិច្ចការ​ហិរញ្ញ វត្ថុ​ទៀតផង​។

FMIS មាន​អត្ថប្រយោជន៍ ៧​យ៉ាង​សម្រាប់​ក្រសួង ស្ថាប័ន រួមមាន​៖ ការពង្រឹង គណនេយ្យភាព​ស្ថាប័ន និង​ភាពជា​ម្ចាស់​ក្នុងការ​គ្រប់គ្រង និង​អនុវត្ត​ថវិកា​,​កាត់បន្ថយ​ការប្រើ ប្រាស់​ធនធាន​ក្នុងការ​រត់ការ​ឯកសា​រ​ទៅតាម​កម្មវិធី​នីមួយៗ​,​តាមដាន​ការអនុវត្ត​ថវិកា​បាន​កាន់ តែមាន​ប្រសិទ្ធភាព​ជាង​មុន ទាំង​ថវិកា​ថ្នាក់​ក្រសួង ថ្នាក់​មន្ទីរ និង​អង្គភាព​ថ្នាក់ក្រោម​ជាតិ​នៅ ក្រោម​ឱវាទ តាមរយៈ​ការទទួលបាន​នូវ​របាយការណ៍​ហិរញ្ញវត្ថុ និង​ថវិកា​បាន​ដោយ​ខ្លួនឯង និង​ទាន់ពេលវេលា​,​ទទួលបាន​នូវ​មូលដ្ឋានគ្រឹះ​មួយ​ក្នុងការ​ពិនិត្យមើល​ឡើងវិញ​នូវ​នីតិវិធី​អនុ វត្ត​ការងារ​ដែល​នាំ​ឲ្យ​មានការ​រាំងស្ទះ ឬ​ពន្យា​ពេល​ដល់​ការអនុវត្ត​ថវិកា​,​មាន​ភាពងាយស្រួល ក្នុងការ​គ្រប់គ្រង និង​ការអនុវត្ត​កម្មវិធី ដោយ​ប្រើប្រាស់​ចំណាត់ថ្នាក់​ថវិកា ដែលមាន​ស្រាប់​នៅ ក្នុង​ប្រព័ន្ធ​,​ប្រើប្រាស់​ប្រព័ន្ធ​ដើម្បី​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​ទៅតាម​នីតិវិធី​អនុវត្ត​ការងារ​នានា​,​អាច តាមដាន​នូវ​ដំណើរការ​នៃ​ការអនុវត្ត​ថវិកា​តាមរយៈ​លំហូរ​ការងារ​ក្នុង​ប្រព័ន្ធ FMIS ពេល​បញ្ជូន ពេល​ពិនិត្យ​រួច និង​ពេល​អនុម័ត​រួច​៕