ប្រមុខ​ដឹកនាំកម្ពុជា បញ្ជាក់ថា ការបញ្ចប់​សង្គ្រាម​ផ្ទៃក្នុង​ទាំងស្រុង​នៅ​កម្ពុជា មិនមែនជា​បាតដៃ​បរទេស
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 March, 2018 ក+ ក-

​ភ្នំពេញ ៖ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​ថ្លែង​បញ្ជាក់ថា ការបញ្ចប់​សង្គ្រាម​ផ្ទៃក្នុង​ទាំងមូល ក្នុងប្រទេស​កម្ពុជា គឺ កើតឡើង​ដោយសារ​បាតដៃ​របស់​ក​ម្ពុ​ជា មិនមែន​ដោយសារ​ត្រឹមតែ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស រឺ កម្លាំង​របស់​បរទេស​នោះទេ ។

នៅក្នុង​ពិធីបើកការដ្ឋាន​ស្ថាបនា​ឡើងវិញ​កំណាត់​ផ្លូវជាតិ​លេខ​៥ ពី​ក្រុង​បាត់ដំបង​ទៅ​ក្រុង​សិរី​សោ​ភ័​ណ្ឌ នា​ព្រឹក​ថ្ងៃទី​២៦ ខែមីនា​នេះ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​ថ្លែង​រំលឹកថា ក្រោយ​ពេលដែល​កម្លាំង អ៊ុនតាក់ បាន​ដក​ចេញពី​កម្ពុជា គឺ​សង្គ្រាម​ផ្ទៃក្នុង​នៅតែ​បន្ត​កើតមាន​នៅឡើយ​នាពេលនោះ ជាពិសេស​ក្នុង​ខេត្តបាត់ដំបង និង​ខេត្ត​ប៉ៃលិន​។

​ត្រង់ចំនុច​នេះ សម្តេច​បាន​បញ្ជាក់ថា ជាការ​ពិត​នៅក្នុង​ដំណាក់កាល​ចុងក្រោយ ដើម្បី​ឈានទៅដល់​ការបញ្ចប់​សង្គ្រាម​ផ្ទៃក្នុង​ទាំងមូល​បាន​ក្នុងប្រទេស​កម្ពុជា គឺ​មិនមែន​ដោយសារ​ត្រឹមតែ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស រឺ កម្លាំង​របស់​បរទេស​នោះទេ គឺ​កើតឡើង​ដោយសារ​បាតដៃ​របស់​ក​ម្ពុ​ជា​តែ​ខ្លួនឯង​។ ទន្ទឹមនេះ សម្តេច នាយករដ្ឋមន្ត្រី បាន​លើកឡើងថា ជាទូទៅ​អ្នកសរសេរ​ប្រវត្តិសាស្ត្រ រឿងនេះ​មិនត្រូវ​សរសេរ​រំលង ត្រង់​ដំណាក់កាល​ចុងក្រោយ​នៃ​ការបញ្ចប់​សង្គ្រាម​ដោយសារ​គោលនយោបាយ​ឈ្នះ​ឈ្នះ​នោះទេ​។​

​សម្តេច​តេ​ជោ ថ្លែងថា អីចឹង​បាន​អោយឃើញ​ពី​ប្រវត្តិ មិនមែន​បញ្ហា​រឿង​ចង់បាន​ទាំង​កិច្ចព្រមព្រៀង​ក្រុងប៉ារីស រឿង​ចង់បាន​ទាំង​សន្តិភាព ការ​បង្រួប​បង្រួប​ជាតិ និង​លិ​ទ្ធិ​ប្រជាធិបតេយ្យ​….​ប៉ុន្តែ​ដំណាក់កាល​ចុងក្រោយ​ដែល​បញ្ចប់សង្គ្រាម​ផ្ទៃក្នុង​ទាំងមូល​គឺ​ដោយសារ​បាតដៃ​ខ្មែរ មិនមែន​បាតដៃ​បរទេស​នោះទេ​។​

នៅក្នុង​ដំណើរការ​បញ្ចប់សង្គ្រាម​ផ្ទៃក្នុង​នៅ​កម្ពុជា ដែល​ឈានទៅដល់​ការបង្រួបបង្រួម​ខ្មែរ​តែមួយ និង​មាន​សន្តិភាព​ពេញលេញ​នោះ សម្តេច​តេ​ជោ ក៏បាន​បញ្ជាក់ដែរថា គឺ​កើតឡើង​ដោយមាន​ការចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ ទាំង​ផ្នែក​រាជរដ្ឋាភិបាល និង​កម្លាំង​ប្រឆាំង​នាពេលនោះ​។

សម្តេចនាយក​រដ្ឋមន្ត្រី បាន​ថ្លែង​ពន្យលថា ការទទួលបាន​ជោគជ័យ​នៃ​គោលនយោបាយ​ឈ្នះ​ឈ្នះ នាពេលនោះ គឺ​ដោយសារ រាជរដ្ឋាភិបាល​បានដាក់​ចេញ​នូវ​គោល​ការ​ណ៌​៣​ចំនុច គឺ​ទី​១ ការរក្សា​អាយុជីវិត​ប្រជាជន​ដែល​ធ្វើ​សមាហរណកម្ម​! ទី​២ ការធានា​មុខរបរ និង​អាជីព​រស់​អ្នក​ទាំងនោះ​ដដែល​ក្រោយ​ពេលធ្វើ​សមាហរណកម្ម​! និង​ទី​៣ ការធានា​កម្ម​សិទ្ធ​ទាំង​អចលនទ្រព្យ និង​ចលនទ្រព្យ​។​

បន្ថែម​ពី​នោះ ក្នុង​គោលនយោបាយ​ឈ្នះ​ឈ្នះ ក៏បាន​កំណត់ថា ការធ្វើសមាហរណកម្ម​នយោបាយ និង​រដ្ឋបាល​មិន​គ្រប់គ្រាន់​ទេ គឺ​ត្រូវមាន​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន ជាដើម ដូចនេះ​ទើប​រាជរដ្ឋាភិបាល នៅតែ​បន្ត​យកចិត្តទុកដាក់​អភិវឌ្ឍ​លើ​វិស័យនេះ​ជា​អាទិភាព​៕