ស​.​ស​.​យ​.​ក​. រៀបចំ វេទិកា​ស្វែងយល់​ពី​ទិដ្ឋភាព​នៃ​ព្រឹត្តិការណ៍​អង្គ​សង្ក្រាន្ត​ឆ្នាំនេះ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 March, 2018 ក+ ក-

​ភ្នំពេញ ៖ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​.) នៅ​ព្រឹក ថ្ងៃ​ច័ន្ទ ទី​២៦ ខែមីនា ឆ្នាំ​២០១៨ នេះ បាន រៀបចំ​វេទិកា “​ស្វែងយល់​ពី​ទិដ្ឋភាព​នៃ​ព្រឹត្តិការណ៍​អង្គ​សង្ក្រាន្ត ឆ្នាំ​២០១៨” ក្នុង​សាល​ពហុ​បំណង មជ្ឈមណ្ឌល​សហ​ប្រ​ត្តិ​ប​ត្តិ​កម្ពុជា​-​កូរ៉េ (CKCC) នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ រាជធានី​ភ្នំពេញ​។

​ ​លោក សោម រតនា ប្រធាន​ក្រុមការងារ ទំនាក់ទំនង​សាធារណៈ នៃ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​បាន​គូសបញ្ជាក់ថា ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ក្រៅពី​មាន​គោលបំណង ក្នុងការ​ថែរក្សា​លើកស្ទួយ​លើ​មរតក អរិយធម៌ វប្បធម៌ ទំនៀមទម្លាប់ និង​ប្រពៃណី​ខ្មែរ ព្រឹត្តិការណ៍ នេះ ក៏​ចូលរួម​បំផុសគំនិត រួបរួម​កម្លាំង​សាមគ្គីភាព រវាង​ខ្មែរ​និង​ខ្មែរ ជា​មហា​គ្រួសារ​ខ្មែរ​តែមួយ​។
​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត គឺជា​ព្រឹត្តិការណ៍​គំរូ​មួយ ដែល​បាន​បណ្តុះ​ស្មារតី ដើម្បី​ឲ្យ​យុវជន​បាន​ចូលរួម និង​បង្កើត​ទឹកចិត្ត​ស្រលាញ់ លើក​មរតក​វប្បធម៌​ខ្មែរ​។ ការស្រលាញ់​ទាំងនោះ នឹង​បង្កើត​ឲ្យ​មានការ​ចូលរួម​គាំទ្រ ការពារ អភិរក្ស និង​អភិវឌ្ឍន៍​លើ​មរតក​វប្បធម៌​ទាំងនោះ និង​ចូលរួម​ផ្សព្វផ្សាយ ចំណេះដឹង​ទាំងនោះ ឲ្យ​កាន់តែ​ទូលំទូលាយ​ទៅ​សកលលោក​។

​ក្រៅពីនេះ​អង្គរ​សង្ក្រាន្ត​ធ្វើឡើង​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ក៏ដូចជា​ជាតិ​សាសន៍​ដទៃ បាន​ស្វែងយល់​ពី​មរតក អរិយធម៌ វប្បធម៌ ទំនៀមទម្លាប់ និង​ប្រពៃណី​ខ្មែរ ហើយ​រួមគ្នា​ថែរក្សា អភិរក្ស និង​លើកតម្កើង​ព្រឹត្តិការណ៍​នេះ​ជា​រៀងរហូត ក្នុង​ស្មារតី រួបរួម​កម្លាំង​សាមគ្គីភាព ជា​គ្រួសារ​ខ្មែរ​តែមួយ ក្នុង​មោទនភាព​ជាតិខ្មែរ ជា​ធ្លុង​មួយ និង​បណ្តុះ​ស្មារតី​អភិរក្ស និង​អភិវឌ្ឍ​អរិយធម៌ វប្បធម៌ បាវចនា​ជាតិ ព្រលឹង​ជាតិ និង​អត្តសញ្ញាណ​ជាតិខ្មែរ ក្នុង​បរិបទ​នៃ​សមាហរកម្ម​សហគមន៍​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ “​រួម​គិត រួម​ធ្វើ រួម​ទទួលខុសត្រូវ​” ក្នុង​សម័យកាល​សាកលភាវូបនីយកម្ម​ទំនើប​ជំនាន់​ថ្មី​នេះ​។​

​ ​លោក សុខ សប្បាយ​ណា ប្រធាន​លេខាធិការដ្ឋាន ក្រុមការងារ​ប្រ​ត្តិ​ប​ត្តិ​នៃ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៨​បានឱ្យដឹងថា ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​ព្រឹត្តិការណ៍​អង្គរ សង្ក្រាន្ត​កាន់តែ​ទទួលបាន​ការគាំទ្រ​អំពី​សំណាក់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ បាន​ទាក់ទាញ​ភ្ញៀ​ន​ទេសចរណ៍ និង​ធ្វើ​ឲ្យ​ចំណូល​សេដ្ឋកិច្ចជាតិ​កើនឡើង​ជា​រៀងរាល់ឆ្នាំ​។ បច្ចុប្បន្ន អង្គរ​សង្ក្រាន្ត កំពុងតែ​ក្លាយទៅជា​ព្រឹត្តិការណ៍​គំរូ​មួយ សម្រាប់​ខេត្ត​ដទៃទៀត ប្រារព្ធ​ដើម្បី​ចូលរួម​អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​។​

លោក សុខ សប្បាយ​ណា គូសបញ្ជាក់ថា ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​បានទទួល​ជោគជ័យ ដោយមាន​ការចូលរួម​សហការ​ឧបត្ថម្ភ​គាំទ្រ​ពី​សំណាក់​រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន អាជ្ញាធរ វិស័យ​ឯកជន យុវជន​ស្ម័គ្រចិត្ត និង​ពុក​ម៉ែ​បងប្អូន​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ ដោយ​រួបរួមគ្នា​ជា​ធ្លុង​មួយ និង​ប្រកបដោយ​ទឹកចិត្ត​រីករាយ បង្ហាញ​ពី​សមត្ថភាព​រៀងៗ​ខ្លួន ក្នុងការ​រៀបចំ​ព្រឹត្តិការណ៍​នេះ ឱ្យ​កើតមានឡើង​។

​លោក បញ្ជាក់ថា ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ឆ្នាំ​២០១៨ គ្រោង​នឹង​ប្រារព្ធ​ឡើង ក្រោម​ប្រធានបទ “​សាទរ​មរតក​ដូនតា​” គឺជា​ព្រឹត្តិការណ៍ ដែល​រៀបចំឡើង ដើម្បី​ចូលរួម​អបអរសាទរ ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ និង​ចូលរួម​លើកស្ទួយ​នូវ​កេរ្តិ៍តំណែល​អរិយធម៌ វប្បធម៌ ទំនៀមទម្លាប់ និង​ស្នាដៃ​របស់​បុព្វបុរស​ខ្មែរ យកមក​បង្ហាញជូន​សាធារណជន ជាតិ និង​អន្តរជាតិ តាមរយៈ​ផ្ទាំងទស្សនីយភាព​វប្បធម៌ ជាច្រើន ដូចជា ការលេង​ល្បែង​ប្រជាប្រិយ របាំ​បុរាណ របាំ​ប្រពៃណី និង​របាំ​ប្រជាប្រិយ ជីវភាព​រស់នៅ​របស់​ប្រជាជន​ខ្មែរ នៅតាម​តំបន់​ផ្សេងៗ និង​សិល្បៈ​ទស្សនីយភាព​ជាច្រើន​ទៀត​។ កម្មវិធី​ទាំងនោះ នឹង​ប្រព្រឹត្តិ​ទៅនា​បរិវេណ​ខាងមុខ​ប្រាសាទអង្គរវត្ត លានជល់ដំរី បរិវេណ​ពិព័រណ៍​អង្គរ​ឃ្យុ​ង​យូ ផាប់​ស្ទ្រី​ត និង​សួនច្បារ​ព្រះរាជដំណាក់ ក្នុង​ខេត្តសៀមរាប ទឹកដី​នៃ​អាណាចក្រ​វប្បធម៌​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែលមាន​រយៈពេល​០៤​ថ្ងៃ ចាប់ពី​ថ្ងៃ​សុក្រ​ទី​១៣ ដល់​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០១៨​។​

​លោក សុខ សប្បាយ​ណា បាន​បន្ថែមទៀតថា វេទិកា​ថ្ងៃនេះ ផ្តល់ឱកាស​ឲ្យ​យុវជន និង​សាធារណជន​អាច​ស្វែងយល់​ឲ្យ​កាន់តែ​ស៊ីជម្រៅ​បន្ថែមទៀត អំពី​ទិដ្ឋភាព​ទូទៅ កា​រចនាបថ​តុបតែង និង​ធ្វើការ​ផ្សព្វផ្សាយ​ឲ្យ​កាន់តែ​ទូលំទូលាយ អំពី​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​។ ជាពិសេស​បញ្ជៀ​ស​កុំ​ឲ្យ​មានការ​ភ័​ណ្ឌ​ច្រ​លំ​រចនាប័ទ្ម ស្នាដៃ នៃ​សិល្បៈ​វប្បធម៌​របស់ខ្លួន ទៅនឹង​បណ្តា​ស្នាដៃ នៃ​សិល្បៈ​វប្បធម៌​ប្រទេស​ដទៃ ដែលមាន​ភាព​ស្រដៀង និង​ប្រហាក់ប្រហែលគ្នា​។ ដូចជា តួអង្គ​និមិត្តរូប ខ្លោងទ្វារ និង​ការតុបតែង នៅ​ទីសាធារណៈ សម្រាប់​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៨៕