កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​កម្មវិធី​មហោ ស្រព​អប់រំ និង​វប្បធម៌​យុវជន​អន្តរជាតិ​ជា​លើក​ទី​២
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 March, 2018 ក+ ក-

​ភ្នំពេញ ៖ ក្រសួង​អប់រំ យុវជន និង​កីឡា និង សហភាព​សហព័ន្ធ​យុវជន​កម្ពុជា នឹង​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ នៃ​កម្មវិធី មហោស្រព​អប់រំ និង​វប្បធម៌ យុវជន អន្តរជាតិ ជា​លើក​ទី​២ ដែលមាន​ការចូលរួម​ពី​យុវជន មកពី​បណ្តារ​ប្រទេស​ក្នុង​តំបន់ និង​ពិភពលោក​ប្រមាណ​ជា​៣០​ប្រទេស នៅ​ខេត្តសៀមរាប ស្របពេល ដែល​កម្ពុជា​រៀបចំ​អង្គ​រស​ង្ក្រា​ន​ដ៏​ធំ​ប្រចាំឆ្នាំ​របស់ខ្លួន ដើម្បី​អបអរសាទរ បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅពេល​ដ៏​ខ្លី​ខាងមុខនេះ​។​

​លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​មានប្រសាសន៍ប្រាប់​អ្នកសារព័ត៌មាន​នៅក្រោយ​ពិធី​ជួប​សំណេះសំណាល ជាមួយ គណៈប្រតិភូ​យុវជន​កម្ពុជា និង យុវជន​ស្ម័គ្រចិត្ត នៃ​កម្មវិធី​មហោស្រព​អប់រំ និង​វប្បធម៌ យុវជន​អន្តរជាតិ ឆ្នាំ​២០១៨(IYECF 2018)​មុនពេល​ចេញដំណើរ​ទៅកាន់​ខេត្តសៀមរាប កាលពី​រសៀល​ថ្ងៃទី​២៩​ខែមីនា​នេះ​ថា “ ការផ្តួចផ្តើម​ឱ្យមាន​មហោស្រព​អប់រំ និង​វប្បធម៌​យុវជន​អន្តរជាតិ ក្រោម​ប្រធានបទ «​សន្តិភាព និង​ការអភិវឌ្ឍន៍​» នេះ​ឡើង ដោយ​ផ្តោតទៅលើ​ការអំពាវនាវ ឱ្យ​យុវជន​អន្តរជាតិ ដែល​មកពី​បណ្តារ​ប្រទេស​និ​មួយៗ ចែករំលែក​នូវ​វប្បធម៌ ខុសគ្នា​នៃ​ប្រទេស​ទាំងនោះ ដល់​គ្នា​ទៅវិញទៅមក ហើយក៏​ជាការ​ជម្រុញ​ឱ្យ​យុវជន ចូលរួម​ការពារ​សុខ​សន្តិភាព សម្រាប់​មនុស្សជាតិ ដែល​រស់​នៅលើ​ពិភពលោក​យើង​នេះដែរ​“​។

លោក​បណ្ឌិត សភាចា​រ្យ ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ក៏បាន​មានប្រសាសន៍​ជម្រាបជូន អំពី គោលបំណង​ចម្បង​នៃ​មហោស្រព​ដ៏​មាន​សារសំខាន់​មួយ​នេះ​ថា គឺ​ឱ្យ​យុវជន បាន​យល់​ពី​សារៈសំខាន់​នៃ​សន្តិភាព និង​ការអភិវឌ្ឍន៍​ព្រោះថា​យុវជន​មាន​តួនាទី​សំខាន់​ណាស់ ក្នុង​ការចូលរួម​ផ្សះផ្សារ បំបាត់​អំពើហិង្សា ឬ ភាពមិន​ចុះសម្រុង​គ្នា ការប៉ះទង្គិច​គ្នា រវាង វប្បធម៌ សាសនា ដែល​កើតឡើង​រវាង​ប្រទេស​និង​ប្រទេស ដូចជា នៅ​ម​ជ្ឈឹ​ម​បូ​ពា​ហ៍ អាហ្កានីស្ថាន និង​ប្រទេស​ស៊ី​រី​ជាដើម​”​។​

​យ៉ាងណា​លោក​បណ្ឌិត​សភាចា​រ្យ ហង់ ជួនណា​រ៉ុ​ន បាន​បញ្ជាក់ថា តាមរយៈ​ការអប់រំ​ពិតជា​សំខាន់ ដែល​អាចឆ្លើយតប​ទៅនឹង​បញ្ហា​ប្រឈម​នានា​នៅក្នុង​ពិភពលោក និង​ធ្វើឱ្យ​មនុស្ស​មានការ​ទទួលយក​នូវ​ភាពចុះ​សម្រុង​គ្នា ដែល​អាច​រស់​នៅលើ​ភពផែនដី​ជាមួយគ្នា​បាន​។

​តាមរយៈ​មហោស្រព​អប់រំ​នេះដែរ លោក​មាន​សុទិដ្ឋិនិយម​ថា យុវជន​ទាំងអស់ ចេះ​យោគយល់​គ្នា ចេះ​ស្គាល់គ្នា ប្រាស្រ័យ​ទាក់ទង​គ្នា​បានល្អ ផ្តល់​បទពិសោធន៍ ចំណេះដឹង​ឱ្យ​គ្នា​ទៅវិញទៅមក ដើម្បី​រួមចំណែក​កសាង​អភិវឌ្ឍន៍​ប្រទេស ពិសេស រួមគ្នា​ការពារ​សុខសន្តិភាពរ​បស់​មនុស្សជាតិ ហើយ​ពិសេស​ទៅទៀត​នោះ គឺ​បាន​យល់​ពី​វប្បធម៌ ទំនាម​ទំលាប់ ប្រពៃណី​ខ្មែរ តាមរយៈ​ការបង្ហាញ​នូវ​ផ្ទាំងទស្សនីយភាព ក្នុង​កម្មវិធី​អង្គ​ស​ង្ក្រា​ន​នៅ​ខេត្តសៀមរាប និង​ការ​ទៅ​ទស្សនា​ផ្ទាល់ ប្រាង្គ​ប្រាសាទ​អង្គរ​នានា និង​កន្លែង​ចំលាក់ ក្នុង​ខេត្តសៀមរាប​៕​