កម្ពុជា​-​អាមេរិក រួមគ្នា​ផ្តល់ឱ្យ​យុវជន​ស្វែងយល់​ពី​តម្រូវការ​ជំនាញ​ក្នុ​វិស័យ​ការងារ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 April, 2018 ក+ ក-

​ភ្នំពេញ ៖ ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ជាមួយ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា ដោយ មាន សភាពាណិជ្ជកម្ម សហរដ្ឋអាមេរិក​នៅ​កម្ពុជា ហៅ​កាត់​ថា (AmCham) និង​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ​ជា​សេនាធិការ បានរួម​គ្នា រៀបចំ​ឱ្យមាន​សិក្ខាសាលា​ហ្វឹកហាត់​មួយ​មាន​ឈ្មោះថា (BOOT CAMP WORKSHOP) ដើម្បី​ផ្តល់ឱកាស​ដល់ យុវជន​កម្ពុជា បាន​ស្តាប់​ទទួល​ការណែនាំ​បទពិសោធន៍ និង​ស្វែងយល់​ដោយផ្ទាល់​ពី​និយោជក​អំពី​តម្រូវ​ការជំនាញ​ចាំបាច់​នៃ​ការងារ​ជាក់ ស្តែង និង​ឱកាស​សម្រាប់ធ្វើ​កម្មសិក្សា ជាមួយ​ក្រុមហ៊ុន​នានា​របស់​អាមេរិក​នៅ​កម្ពុជា​។​

លោក វិ​ល្លៀម ហេ​ដ ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា បាន​មានប្រសាសន៍ថា “​កម្មវិធី​សិក្ខាសាលា​ហ្វឹកហាត់ ឬ (BOOT CAMP WORKSHOP) នៅថ្ងៃនេះ ធ្វើឡើង ចំពេល ដែល​សេដ្ឋកិច្ចកម្ពុជា​មាន​មានការ​រីកចំរើន វិនិយោគ​មានការ​កើនឡើង និង​ការងារ​ជាច្រើន​ត្រូវ បាន បង្កើតឡើង ហើយ​តម្រូវការ ការងារ​ជាច្រើន​ក៏បាន​បង្កើតឡើង​ផងដែរ​។​”
​លោក​ឯកអគ្គរដ្ឋទូត បញ្ជាក់ថា កាលពី​៥​ឆ្នាំមុន​ការងារ​ដែល​ពេញនិយម​នោះ គឺ​ការងារ រោងចក្រ និង​វាយ​ន​ភណ្ឌ ប៉ុន្តែ​មកដល់ពេលនេះ ការងារ​ដែល​ពេញនិយម​អាចជា ការងារ​សេវាកម្ម វិស្វក​កម្ម ឬ​អ្នកដឹកនាំ​ជាដើម ដែល​ទីផ្សារ​បច្ចុប្បន្ន​កំពុងតែ​មាន​តម្រូវការ​ខ្ពស់​។ យ៉ាងណា​លោក​ថា ការងារ​ពេញនិយម​ទាំងនេះ​អាច​កើតឡើង​បាន​វា​ទាល់តែ​កម្លាំង​ពលកម្ម​ទាំងអស់​ត្រូវបាន​អភិវឌ្ឍន៍​ឱ្យបាន​កាន់តែ​ប្រសើរ​ថែមទៀត​។​

លោក​ឯកអគ្គរដ្ឋទូត​បន្ថែមថា ដោយសារ​មាន​តម្រូវការ​កម្លាំង​ពលកម្ម ដែលមាន​ជំនាញ ពិតប្រាកដ​នេះ ទើប​យើង​រួមគ្នា​បង្កើតឱ្យមាន​ការបណ្តុះ​បណ្តាល​BOOT CAMP WORKSHOP នេះ​ឡើង ដើម្បីឱ្យ​និស្សិត និង​យុវជន​ទទួលបាន​បទពិសោធន៍​និង​រក​ការងារ​ល្អ ប្រាក់ខែ​ខ្ពស់​ធ្វើ​ថ្ងៃ ក្រោយ​។​

ក្នុងឱកាស​នោះ ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី ក្រសួង​ការងារ បាន​មានប្រសាសន៍ ថា តាមរយៈ​កម្មវិធី​នេះ​សំដៅ​ឈានទៅ​ចាប់យក​ឱកាស​ការងារ​ល្អ​គួរឱ្យ​រីករាយ​និង​អាជីព ពោរពេញ ដោយ​អត្ថន័យ​ដែល​កំពុង​ត្រូវបាន​បង្កើតឱ្យមាន​ឡើង​យ៉ាងច្រើន​នៅ​កម្ពុជា​នាពេល​បច្ចុប្បន្ន និង​ទៅ អនាគត​។​ទន្ទឹមនេះ​វា​ក៏​នឹង​ចូលរួមចំណែក​ក្នុង​ការជួយ​ធានា​ឱ្យ​ការផ្គត់ផ្គង់​កម្លាំង​ពលកម្ម​របស់ កម្ពុជា​អាចឆ្លើយតប​ទៅនឹង​តម្រូវការ​ធនធានមនុស្ស​របស់​ក្រុមហ៊ុន និង​សហគ្រាស​ផងដែរ​។​

​លោក បណ្ឌិត រដ្ឋមន្ត្រី​បញ្ជាក់ថា ក្នុង​រយៈពេល​ពីរ​ទស​វត្សរ៍​កន្លងមកនេះ ដោយសារ​ការ ខិតខំ​សម្រេចបាន​កំណើនសេដ្ឋកិច្ច​ខ្ពស់ ក្នុង​អត្រា​៧%​ក្នុង​មួយឆ្នាំ យើង​បាន​បង្កើត​ការងារ​ថ្មី ចំនួន ៣,៦​លាន នៅក្នុង​វិស័យ​ឧស្សាហកម្ម និង​សេវាកម្ម​, និង​០,៧​លាន ក្នុង​នៅ​វិស័យ​កសិកម្ម​។ ការងារ​ទាំងនេះ ភាគច្រើន​ទាមទារ​ជំនាញ​មធ្យម និង​ទាប ហើយនឹង​បន្ត​បង្កើត​ឱកាស​ការងារ​ជាង ២,៥​សែន កន្លែង​ក្នុង​មួយឆ្នាំៗ ក្នុង​វិស័យ​ពាណិជ្ជកម្ម​, កាត់ដេរ​សំលៀកបំពាក់ ស្បែកជើង និង កាបូប​, បដិសណ្ឋារកិច្ច និង​ម្ហូប​អារ​ហារ​, សំណង់​, ការ​ផ្គុំ​ដំឡើង​ឧបករណ៍​អេឡិចត្រូនិក និង​គ្រឿង បន្លាស់​រថយន្ត​, ដឹកជញ្ជូន និង​គមនាគមន៍​, ហិរញ្ញវត្ថុ​, និង​អចលនទ្រព្យ ជាដើម​។​

លោក​បណ្ឌិត បញ្ជាក់ទៀតថា ក្រៅពី​ជំនាញ​បច្ចេកទេស​(​ជំនាញ​រឹង​) ការងារ​ទាំងអស់ នេះ ទាមទារ​ឱ្យមាន​ជា​ចាំបាច់​នូវ​ជំនាញ​ទន់​ជាពិសេស​ជំនាញ​ទំនាក់ទំនង​, ការបំពេញ​ការងារ​ជា​ក្រុម​, ការដោះស្រាយ​បញ្ហា​, ការបម្រើ​សេវា​អតិថិជន​, ការរៀបចំ​ផែនការ និង​ចាត់ចែង​, ឥរិយាបថ​ការងារ​, ការ​ត្រិះរិះ​ពិចារណា​, ភាសាបរទេស​ការប្រើប្រាស់​កុំព្យូទ័រ​និង​បច្ចេកវិទ្យា​ព័ត៌មាន ផងដែរ​៕​