មានតែ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ចំនួន​៧ប៉ុណ្ណោះ ដែលមាន​សិទ្ធិ​ទទួល​ប្រាក់​បញ្ញើ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 April, 2018 ក+ ក-

​ភ្នំពេញ ៖ ធនាគារជាតិ​នៃ​កម្ពុជា ប្រកាស​ឈ្មោះ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ចំនួន​៧ ដែលមាន​សិទ្ធ​ទទួល​ប្រាក់​បញ្ញើ​ពី​សាធារណជន ខណៈ​ដែលមាន​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​មួយចំនួន​កំពុង​ធ្វើ​ប្រតិបត្តិការ​ខុសពី​ច្បាប់​កំណត់​។​

​ដើម្បី​កុំអោយ​ប្រជាពលរដ្ឋ​មានការ​ចាញ់បោក​ក្នុង​ប្រតិបត្តិ​ការដាក់​ប្រាក់​បញ្ញើ ជាមួយ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នានា ធនាគារជាតិ​នៃ​កម្ពុជា បានប្រកាស​ទទួលស្គាល់​ថា មានតែ​ធនាគារពាណិជ្ជ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ចំនួន​៧ ប៉ុណ្ណោះ ដែលមាន​សិទ្ធ​ទទួល​ប្រាក់​បញ្ញើរ​ពី​សាធារណជន ។​

ធនាគារជាតិ​នៃ​កម្ពុជា បាន​ជូនដំណឹង​ជា​ផ្លូវការ​មួយ​ថា គិត​មក​ត្រឹម​ខែមីនា ឆ្នាំ​២០១៨ ក្រៅពី​ធនាគារពាណិជ្ជ គឺ​មានតែ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ចំនួន​៧ ប៉ុណ្ណោះ ដែល​ត្រូវបាន​អនុញ្ញាតិ​អៅ​យ​ទទួល​ប្រាក់​បញ្ញើរ​ពី​សាធារណជន រួមមាន ៖ គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ ប្រា​សាក់​! គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ VisionFund Cambodia LTD! គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ ហត្ថា​កសិករ លីមីត​ធី​ត​! គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ AMK PLC ! គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ Kredit PLC! គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ Amret Co.,Ltd! និង គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ LOLC Cambodia PLC ។

​ក្រៅពី​ឈ្មោះ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំង​៧​នេះ ធនាគារជាតិ​នៃ​កម្ពុជា បាន​បញ្ជាក់ថា គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​គ្រឹះស្ថាន​ឥណទាណ​ជនបទ ដែល​កំពុង​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​របស់​ធនាគារជាតិ គឺ​មិន​ត្រូវបាន​អនុញ្ញាតិ​អោយ​ទទ​យល​ប្រាក់​បញ្ញើរ​ពី​សាធារណៈជន​នោះឡើយ ទោះ​ក្រោមរូបភាព​ណាក៏ដោយ​។

​ការប្រកាស​ផ្តល់ព័ត៌មាន​ថ្មី​មួយ​របស់​ធនាគារជាតិ កាលពី​ថ្ងៃទី​២៨ ខែមីនា​កន្លងមកនេះ គឺ​ដោយសារតែ​ធនាគារជាតិ​នៃ​កម្ពុជា បានទទួល​ព័ត៌មាន​ជា​បន្តបន្ទាប់​ថា មាន​បុគ្គល និង​គ្រឹះស្ថាន​ឥណទាន​ជនបទ​មួយចំនួន​តូច ដែល​បាន​កម្លា​យ​ខ្លួន​ពី​អង្គការ​មិនមែន​រដ្ឋាភិបាល កំពុង​អូសទាញ​ប្រជាពលរដ្ឋ តាមរយៈ​ការប្រមូលប្រាក់​បញ្ញើរ ពី​សាធារណជន ក្រោមរូបភាព កិច្ចសន្យា​ខ្ចីប្រាក់ និង​ការផ្តល់​អាត្រា​ការប្រាក់​ខ្ពស់ ព្រម​ទាម​ការផ្តល់​ប្រាក់កម្ចី​ល្មើសច្បាប់​។

​ធនាគារជាតិ​នៃ​កម្ពុជា ក៏បាន​ស្នើ​ដល់​អាជ្ញាធរ សមត្ថកិច្ច និង​សាធារណជន ចូលរួម​ផ្តល់ដំណឹង​មកដល់​ធនាគារជាតិ និង​សហការ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ចំពោះ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ណា ដែល​ធ្វើ​ប្រតិបត្តិការ​ខុសពី​ការកំណត់​ដោយ​ធនាគារជាតិ​ផងដែរ​។

​គួរ​បញ្ជាក់ថា គិត​ត្រឹម​ចុងខែ​កក្កដា ឆ្នាំ​២០១៧ ប្រទេស​កម្ពុ​ជាមាន​គ្រឹះស្ថាន​ធនាគារ ចំនួន​សរុប​៣៩! ធនាគារ​ឯកទេស ចំនួន​១៥! គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ មាន​ចំនួន​៧! និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មិន​ទទួល​ប្រាក់​បញ្ញើ​មាន​ចំនួន​៦៦​។ ចំណែក​ទ្រព្យសកម្ម​របស់​គ្រឹះស្ថាន​ធនាគារ​សរុប​មាន​ប្រមាណ ២៧,៣​ប៊ី​លាន​ដុល្លារ​អាមេរិក​។ ចំណែក ទ្រព្យសកម្ម​សរុប​រប​ស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ មាន​ប្រមាណ ៤,៧​ប៊ី​លាន​ដុល្លារ​អាមេរិក​៕