វិស័យ​ដំឡូង​មី​កម្ពុជា កាន់តែ​ល្អប្រសើរ​ជា​បន្តបន្ទាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 April, 2018 ក+ ក-

​ភ្នំពេញ ៖ បន្ទាប់ពី​រាជរដ្ឋាភិបាល​កម្ពុជា​បានដាក់​ចេញ​គោលនយោបាយ​ថ្នាក់ជាតិ​លើ​វិស័យ​ដំឡូង​មី ជា​លទ្ធផល​ឃើញថា មានការ​ចាប់អារម្មណ៍​ជាច្រើន​លើ​វិស័យ​លើ​វិស័យ​ដ៏​សំខាន់​មួយ​នេះ ជាក់ស្ដែង​ក្រុមហ៊ុន Green Leader បានសម្រេច​បោះទុន​វិនិយោគ​សាងសង់​រោងចក្រ​កែច្នៃ​ដំឡូង​មី​មួយកន្លែង​នៅ​កម្ពុជា ហើយ​កាលពី​រសៀល​ថ្ងៃទី​០២ មេសា ២០១៨ ក្រុមហ៊ុន​Green Leader និង អង្គការ UNDP បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ យោគយល់​មួយ សម្រាប់​កិច្ចសហប្រតិបត្តិការ​ឆ្ពោះទៅកាន់​ការអភិវឌ្ឍ​និរន្តរភាព​នៃ​វិស័យ​មួយ​នេះ ។​

លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា ជា​សាក្សី​សំខាន់ ក្នុង​ពិធី​ចុះហត្ថលេខា​នេះ បាន​មានប្រសាសន៍ថា ក្រសួងពាណិជ្ជកម្ម ដែលជា​សេនាធិការ រាជរដ្ឋាភិបាល​កម្ពុជា បាន​ជំរុញ​គោលនយោបាយ​ថ្នាក់ជាតិ​នៃ​វិស័យ​ដំឡូង​មី ដើម្បី​ស្ដារ​វិស័យនេះ បានល្អ​ប្រសើរ ។ ហើយ​ជា​លទ្ធផល នៅថ្ងៃនេះ​ក្រុមហ៊ុន​ដ៏​ធំ​ដែល​បាន​ចុះបញ្ជី នៅ​ទីក្រុង​ហុងកុង ក៏បាន​សម្រេច​មក​បោះទុន​វិនិយោគ​សាងសង់​រោងចក្រ​កែច្នៃ​ដំឡូង​មី​សម្រាប់​នាំចេញ ទៅ​ទីផ្សារ​អន្តរជាតិ ។

​លោក បន្តថា ផលិតផល​ដំឡូង​មី ជា​ផលិត​ដ៏​សំខាន់​ណាស់​សម្រាប់​កែច្នៃ​ទៅ​ផលិតផល​ផ្សេងៗ ក្រៅពី​បរិភោគ ដូចជា​កែច្នៃ​ជា​សំបក​ថ្នាំពេទ្យ ជា​អេតាណុល សម្រាប់​ប្រើ​ក្នុង​ឥន្ធនៈ និង​កែច្នៃ​ជា​ផលិតផល​ជាច្រើន​ទៀត ។ ដូចនេះ នៅពេលដែល​រោងចក្រ​ត្រូវ​សាងសង់​រួច វិស័យ​ដំឡូង​មី នឹងមាន​ទីផ្សារ​កាន់តែ​ច្រើន ហើយ​ពេលនោះ ពលរដ្ឋ​ក្នុង​តំបន់​ដែលមាន​សក្ដានុពល​លើ​វិស័យ​ដំឡូង​មី នឹង​ទទួលបាន​អត្ថប្រយោជន៍​មុនគេ ។
​លោក ត្សេ មី​ឈែល ណាំ ( Tse Mi Chael Nam ) នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Green Leader បានអោយដឹងថា ក្រុមហ៊ុន​មាន​គម្រោង​វិនិយោគ​ទឹកប្រាក់​ប្រមាណ​២០០​ទៅ​៣០០​លាន​ដុល្លារ​អាមេរិក ហើយ​នៅក្នុង​រយៈពេល​៥​ឆ្នាំ​ខាងមុខ​ទៀត រោងចក្រ​ដែល​បាន​បុកគ្រឹះ​ម្សិលមិញ នឹង​ដំណើរ​ការកែច្នៃ ផលិតផល​នានា​ចេញពី​ផលិតផល​ដំឡូង​មី ។

​លោក​បន្តថា លោក​ជឿជាក់ថា ការចុះ​អនុស្សរណៈ​យោគយល់​នេះ ភាគ​ចុះ​អនុស្សរណៈ អាច​អភិវឌ្ឍន៍​ឧស្សាហកម្ម​ដំឡូង​មី​បាន​ពេញលេញ និង​អភិវឌ្ឍន៍​ខ្សែសង្វាក់​ផលិតកម្ម នៅក្នុង​ប្រទេស​កម្ពុជា ដែល​ស្ថិតក្នុង​ខ្សែបណ្ដាញ​តែមួយ​ជាមួយ​កម្មវិធី​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល​កម្ពុជា ដែល​ដូច​ទៅនឹង​កម្មវិធី​គាំទ្រ​គំនិត​ផ្តួចផ្ដើម​វិថី​មួយ​ខ្សែ​មួយ​របស់​ប្រទេស​ចិន​ផងដែរ ។

លោក Nick Beresford នាយក​អង្គការ UNDP ប្រចាំ​ប្រទេស​កម្ពុជា បាន​មានប្រសាសន៍ថា នេះ​ជាស​ញ្ញា​មួយ​ដ៏​ល្អ​នៅក្នុង​វិស័យ​ដំឡូង​មី​កម្ពុជា ។ តាមរយៈ​អនុស្សរណៈ​នេះ កម្ពុជា​នឹង​ទទួលបាន​នូវ​ការវិនិយោគ​បន្ថែមទៀត​ពី​បរទេស​ទៅ​វិស័យ​កសិកម្ម ហើយ​វា​ជា​សញ្ញា​មួយ​ដ៏​ល្អ​ផងដែរ សម្រាប់​ជួយ​ដល់​កសិករ​កម្ពុជា រកប្រាក់​ចំណូល​បន្ថែម​ពី​វិស័យ​ដំឡូង​មី ។

គួរ​បញ្ជាក់ថា រោងចក្រ​កែច្នៃ​ដំឡូង​មី ដែល​ក្រុមហ៊ុន Green Leader បាន​សាងសង់​សម្រាប់​កែច្នៃ​ផលិតផល​ដំឡូង​មី​មុន​នាំចេញ គឺ​ស្ថិតនៅ​ទឹកដី​ខេត្តក្រចេះ ដូចនេះ​ពលរដ្ឋ​នៅក្នុង​ខេត្ត​ចេះ និង​ខេត្ត​ជិតៗ​នឹង​អាច​ទទួលបាន​ប្រយោជន៍​មុនគេ ហើយ​ជំ​ហ៊ាន​បន្ទាប់​នឹងមាន​រោងចក្រ​កែច្នៃ​បន្ថែមទៀត​ណៅ​តំបន់​សក្ដានុពល ដំឡូង​មី ៕

(កសិករ​លើក​ដំឡូង​មី​ដាក់​រថយន្ត​នៅ​ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង កាលពី​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៦)​