កម្ពុជា ថៃ ឡាវ និង វៀតណាម ឯកភាព គ្នាធានា​និរន្តរភាព​នៃ​ទន្លេមេគង្គ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 April, 2018 ក+ ក-

​ភ្នំពេញ ៖ ប្រទេស​កម្ពុជា ថៃ ឡាវ និង វៀតណាម បាន​ឯកភាពគ្នា​ធានា​និរន្តរភាព​នៃ​ទន្លេមេគង្គ ខណៈដែល​អាង​ទន្លេមេគង្គ​ផ្នែក​ខាងក្រោម​ផ្តល់​ទិន្នផល​នេសាទ​ប្រមាណ​១៧​ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ ដល់​ប្រទេស​ទាំង​បួន​។​

ឡាវ និង​វៀតណាម​ទន្ទឹមនេះ កិច្ចប្រជុំ​កំពូល​គណៈកម្មការ​ទន្លេ​មេគង្គ​លើក​ទី​៣ ដែល​រៀបចំ​ធ្វើ​នៅក្នុង​ខេត្តសៀមរាប​នៃ​ប្រទេស​កម្ពុជា នា​ថ្ងៃទី​៥ ខែមេសា ឆ្នាំ​២០១៨ ក្រោម​ប្រធានបទ ទន្លេមេគង្គ​តែមួយ ស្មារតី​តែមួយ នឹងដាក់​ចេញ​នូវ​ផែនការ​សំខាន់ៗ​ដើម្បី​ធានា​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ក្នុង​អាង​ទន្លេមេគង្គ ដូចនេះ​កម្មវិធី​ព័ត៌មាន​របស់​ទូរទស្សន​អាស៊ី​អា​គ្នេ​យ៌ សូម​លើកយក​ចំនុច​សំខាន់ៗ​មួយចំនួន​នៃ​តំបន់​អាង​ទន្លេមេគង្គ​នេះ​។

​ទន្លេមេគង្គ គឺជា​ទន្លេធំ​ជាងគេ​ទី​១០ ក្នុង​ពិភពលោក និង​ជា​ទន្លេ វែង​ជាងគេ នៅ​អាស៊ី​អា​គ្នេ​យ៌​។ ទន្លេ​នេះ ត្រូវបាន​រកឃើញថា មាន​ធនធានធម្មជាតិ​ដ៏​សម្បូរបែប រួមមាន រុក្ខជាតិ​ជាង ២​ម៉ឺន​ប្រភេទ និង ត្រី​ជាង ៨៥០​ប្រភេទ ដែល​ផ្តល់​ប្រ​យោ​ជ​ន៌ ដល់ ប្រជាជន​ប្រមាណ​៦០​លាន​នាក់ ក្នុង​តំបន់​ទន្លេមេគង្គ​នេះ ក្នុងនោះ​ប្រជាជន​ប្រមាណ​៤០​លាន​នាក់ មាន​ពឹង​ផ្អែកលើ​របរ​នេសាទ​។

ទន្លេ​មេគ​ង្ក ត្រូវបាន​បែងចែក​ជា ពីរ​ផ្នែក គឺ​ផ្នែក​ខ្សែទឹក​ខាងលើ មាន​ប្រទេស​ចិន និង ប្រទេស​មី​យ៉ាន់​ម៉ា​ចំណែក​ទន្លេមេគង្គ​ខ្សែទឹក​ខាងក្រោម រួមមាន​ប្រទេស​ថៃ ឡាវ កម្ពុជា និង វៀតណាម​។ សម្រាប់​តំបន់​អាង​ទន្លេមេគង្គ​ខ្សែទឹក​ខាងក្រោម បានផ្តល់​ទិន្នផល​នេសាទ​ប្រមាណ ៤​លាន​៥​សែន​តោន​ក្នុង​មួយឆ្នាំៗ ដែល​គិត​ជា​ទឹកប្រាក់​មាន​ប្រមាណ ១៧​ពាន់​លាន​ដុល្លារ​អាមេរិក​។

​ធនធាន​ទាំងនេះ បានរួម​ចំណែក​ប្រមាណ ១៨​ភាគរយ​នៃ ផលិត​ក្នុងស្រុក​សរុប របស់​កម្ពុជា​។ ចំណេ​ក ប្រទេស​ឡាវ ផល​នេសាទ​នេះ​បានផ្តល់​ប្រមាណ​១៣​ភាគរយ នៃ​ផលិតផល​ក្នុងស្រុក​សរុប​។

ខណៈដែល ប្រទេស​ថៃ និង ប្រទេស​វៀតណាម ទទួល​ប្រ​យោ​ជ​ន៌​ប្រមាណ ៥​ពាន់​៥​រយ​លាន​ដុល្លារ​អាមេរិក​ជា​រៀងរាល់ឆ្នាំ ពី​ផល​នេសាទ​នេះ​។ ក្រៅពី​ផល​នេសាទ ទន្លេមេគង្គ​ផ្នែក​ខាងក្រោម ក៏​ជា​ច្រក​សំខាន់​មួយ​សម្រាប់​ការដឹកជញ្ជូន​ទំនិញ​តាម​ផ្លូវទឹក​ពី​ប្រទេស​ចិន ទៅដល់​ប្រទេស​ថៃ ដែលមាន​ទឹកប្រាក់​ប្រមាណ ៤​ក្បៀស​៥​ពាន់​ពាន់ លាន​ដុល្លារ​អាមេរិក ជា​រៀងរាល់ឆ្នាំ​។

ចំណែក វិស័យ​កសិកម្ម តំបន់​អាង​ទន្លេមេគង្គ បានផ្តល់​អំណោយផល​ដល់​ការផលិត​អង្ករ សម្រាប់​ជា​ស្បៀង​ដល់​ប្រជាពលរដ្ឋ​ប្រមាណ​៣​រយ​លាន​នាក់ ដែល​អាច​ផ្គត់ផ្គង់​តម្រូវការ​ស្បៀង​គ្រប់គ្រាន់​ក្នុង​រយៈពេល​មធ្យម​បាន​ក្នុង​តំបន់​។

​ចំពោះ​វិស័យ​ថាមពល​អគ្គិសនី អាង​ទន្លេមេគង្គ ជា​តំបន់​ដែលមាន​សក្តានុពល​រស់​រវើក​ជាងគេ ក្នុង​ពិភពលោក ដែល​អាច​ផលិត​អគ្គិសនី បាន​រហូតដល់​ជាង ៣​ម៉ឺន​មេ​ហ្គា​វ៉ា​ត់​។

ប៉ុន្តែ​ក្នុង​រយៈពេល​២០​ឆ្នាំ​ចុង​ក្រោយនេះ វា​រី​អគ្គិសនី​នានា​នៅ​តំបន់​អាង​ទន្លេ​ខាងក្រោម ទើប​អាច​ផលិត​បាន​អគ្គិសនី​សរុប ត្រឹម ៦​ពាន់​៤​រយ មេ​ហ្គា​វ៉ា​ត់ ប៉ុណ្ណោះ​។

ដោយសារ​ទន្លេមេគង្គ បានផ្តល់​ប្រ​យោ​ជ​ន៌​ជាច្រើន​ដូចនេះ គណៈកម្មការ​ទន្លេមេគង្គ ហៅ​កាត់​ថា MRC ក៏​ត្រូវបាន​បង្កើតឡើង ដោយ​ប្រទេស​កម្ពុជា ថៃ ឡាវ និង វៀតណាម ដែលជា​ប្រទេស​ស្ថិតក្នុង​តំបន់​ទន្លេមេគង្គ​ខាងក្រោម ក្នុង​កិច្ច ព្រមព្រៀង​មេគ​ង្ក កាលពី​ថ្ងៃទី​៥ ខែមេសា ឆ្នាំ​១៩៩៥​។

​ចំណែក ប្រទេស​ចិន និង ប្រ​ទស មី​យ៉ាន់​ម៉ា ជា​ប្រទេស​ស្ថិតនៅ​ប៉ែក​ខាងលើ​នៃ​ទ​ន្ល​មេគង្គ បាន​ចូលរួម​ជា​ដៃគូ​សន្ទនា ចាប់តាំងពី​ឆ្នាំ​១៩៩៦​មក​។ គណៈកម្មការ​ទន្លេមេគង្គ តែង​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ រៀងរាល់​រយៈពេល​៥​ឆ្នាំ​ម្តង ដោយ​ក្នុង​ផែនការ​ឆ្នាំ ២០១៦ ដល់ ឆ្នាំ​២០២០ គឺមាន​ថវិកា​ប្រមាណ​៦៥​លាន​ដុល្លារ​អាមេរិក​។

ដោយឡែក កិច្ចប្រជុំ​កំពូល​គណៈកម្មការ​ទន្លេ​មេគង្គ​លើក​ទី​៣ ក្រោម​ប្រធានបទ ទន្លេមេគង្គ​តែមួយ ស្មារតី​តែមួយ ដែល​កម្ពុជា​ជា​ម្ចាស់ផ្ទះ ក្នុង​ឆ្នាំ​២០១៨​នេះ នឹង​កំណត់​ទិសដៅ​អាទិភាព​សំខាន់​ជាច្រើន​ទៀត ដើម្បី​ធានា​និរន្តរភាព​នៃ​បារ​ប្រើប្រាស់​ធនធាន​នៅក្នុង​អាង​ទន្លេមេគង្គ​៕