រដ្ឋសភា ត្រៀម​ធ្វើ​មហាសន្និបាត​ត្រួត ពិនិត្យ​ការងារ​ពី​ឆ្នាំ​២០១៣ ដល់​២០១៧
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 April, 2018 ក+ ក-

​ភ្នំពេញ ៖ អគ្គលេខាធិការដ្ឋានរ​ដ្ឋ​សភា​នឹង​រៀបចំ​ធ្វើ​មហាសន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៣-២០១៧ និង​ការកំណត់​ទិសដៅ​បន្ត ដែល​នឹង​រៀបចំ​នៅ​ថ្ងៃទី​១១ ខែមេសា ខាងមុខនេះ​។

​អគ្គលេខាធិការដ្ឋានរ​ដ្ឋ​សភា នៃ​ព្រះរាជា​ណា ចក្រ​កម្ពុជា បានចេញ​សេចក្តីជូនដំណឹង ថា រដ្ឋសភា នឹង​រៀបចំ​ធ្វើ​មហាសន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៣-២០១៧ និង​ការ កំណត់​ទិសដៅ​បន្ត​របស់ខ្លួន​សម្រាប់​ប​ណ្តា​ឆ្នាំ​ខាងមុខ​ទៀត​។ នេះ​បើតាម​សេចក្តីជូនដំណឹង របស់​អគ្គលេខាធិការ​ដ្ឋា​ន​រដ្ឋសភា​។​

សេចក្តីជូនដំណឹង​បានអោយដឹងថា ឯកឧត្តម​បណ្ឌិត ងួន ញ៉ិល អនុប្រធាន​ទី​២ រដ្ឋ សភា​នឹង​អញ្ជើញ​ជា​អធិបតី​នៃ​ពិធី​បើក​មហាសន្និបាត​នេះ​នៅវេលា​ម៉ោង ៨ ព្រឹក​ថ្ងៃទី​១១ ខែ មេសា ឆ្នាំ​២០១៨ ដោយមាន​វត្តមាន​ចូលរួម​ពី​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​នៃ​អគ្គលេខាធិការ​​ដ្ឋា​ន​រដ្ឋសភា ដែល​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​គឺជា​អង្គភាព​រដ្ឋបាល​មាន​ភារកិច្ច​រៀបចំ​កំណត់ ហេតុ​របស់​រដ្ឋសភា និង​ទទួល​រ៉ាប់រង​នៅ​គ្រប់​ភារកិច្ច​រដ្ឋបាល និង​សេវា​នានា​ជូន​រដ្ឋសភា​។

​មហាសន្និបាត​របស់​អគ្គ​លេខាធិការដ្ឋាន​រដ្ឋសភា​នាពេលនេះ មិន​ត្រឹមតែ​ផ្តល់ឱកាស​ដល់​អង្គ ភាព​ទាំងឡាយ​នៅក្រោម​ឱវាទ​បានលើកឡើង​ពី​លទ្ធផល​ការងារ ផល​លំបាក និង​បញ្ហា ប្រឈម ដើម្បី​ដោះស្រាយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​នេះ​ក៏​ជា​វេទិកា​មួយ នឹង​ផ្តល់ឱកាស​ដល់​អង្គភាព ចំណុះ បង្ហាញ​ពី​ចក្ខុវិស័យ​របស់​អង្គភាព​នីមួយៗ ក្នុង​ការផ្តល់សេវា​កាន់តែ​ល្អប្រសើរ មាន ប្រសិទ្ធភាព ជូន​សមាជិក សមាជិកា​រដ្ឋសភា​នាពេល​អនាគត​ផងដែរ​។ នេះ​បើតាម​ការបញ្ជាក់ នៅក្នុង​ខ្លឹមសារ នៃ​សេចក្តីជូនដំណឹង​របស់​អគ្គលេខាធិការដ្ឋានរ​ដ្ឋ​សភា ជុំវិញ​ការរៀបចំ​មហា សន្និបាត​នេះ​៕​