សម្ដេចនាយក​រដ្ឋមន្ត្រី​អញ្ជើញ​សម្ពោធ​សណ្ឋាគារ ដឹ​រ៉ូយ៉ាល់ សេន​កោះរ៉ុង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 April, 2018 ក+ ក-

​ព្រះសីហនុ ៖ នៅក្នុង​ដំណើរ​ទៅកាន់​កោះរ៉ុង នៃ​ខេត្ត​ព្រះសីហនុ នា​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានបញ្ជាក់​ថា​គឺ​ដោយសារ​គោលបំណង​ចំនួន​ពីរ ទី​១ ដើម្បី សម្ពោធ​សណ្ឋាគារ​លំដាប់​ផ្កាយ​ប្រាំ ឌឺ រោះ​យ៉ា​ល់ សេន កោះរ៉ុង និង​ទី​២ គឺ​ដើម្បី​ចេញ​បទបញ្ជា​បញ្ចប់​បញ្ហាដីធ្លី និង​ការកាប់​ទន្ទ្រាន​យក​ដី​យ៉ាង​អណាធិបតេយ្យ​នៅលើ​កោះរ៉ុង​តែម្តង​។​

នៅក្នុង​ឳ​កាស​អញ្ជើញ​ជា​អ​ធីប​តី ក្នុង​ពិធី​សម្ពោធ​បើក​ដំណើរការ សណ្ឋាគារ​លំដាប់​ផ្កាយ​៥ ឌឺ រ៉ូយ៉ាល់ សេន កោះរ៉ុង (De Royal Sand Koh Rong) ដែល​ស្ថិត​ភូមិ​សុខសាន្ដ សង្កាត់​កោះរ៉ុង ខេត្ត​ព្រះសីហនុ នា​ព្រឹក​ថ្ងៃទី​២៣ ខែមេសា​នេះ សម្តេច​តេ​ជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​លើកទឹកចិត្ត ដល់​បណ្តា​ក្រុមហ៊ុន​ផ្តល់​សេវា​ទេសចរ​ណ៌ នៅលើ​កោះរ៉ុង ចូលរួម​រក្សា​បរិស្ថាន​លើ​កោះ​នេះ ជាក់ស្តែង​ដូចជា សណ្ឋាគារ De Royal Sand Koh Rong បានគិត​គូរ​យ៉ាង​ល្អ​ពី​បរិស្ថាន ដូចជា ការប្រើ​ម៉ាស៊ីន​ដុត​សម្រាម ការសំអាត​ឆ្នេរ​ជាប្រចាំ និង ការប្រើ​ថាមពល​សឡា​ជាដើម​។ ទ​ន្ទឺ​ម​នោះ សម្តេច​តេ​ជោ ក៏បាន​បញ្ជាក់​យ៉ាងច្បាស់​ដែរ​ថា ដី និង​ធនធានធម្មជាតិ​នៅលើ​កោះ គឺជា​សម្បត្តិ​របស់​រដ្ឋ ហើយ​គ្រាន់តែ​រដ្ឋ​ផ្តល់ជូន​អ្នក​និ​យោគ​សម្រាប់​អភិវឌ្ឍ​ក្នុង​រយៈពេល​កំណត់​ប៉ុណ្ណោះ ដែល​ការបញ្ជាក់​នេះ​គឺ​កុំអោយ​មាន​ការយល់ច្រលំ​បន្តទៀត រហូត​កើតមាន​ជម្លោះ​រវាង​ប្រជាពលរដ្ឋ ជាមួយ​ក្រុមហ៊ុន​វិនិយោគ ដូច​ពេលកន្លងមក​។

សម្តេច​តេ​ជោ បាន​ចាត់ទុកថា កោះរ៉ុង​គឺជា​តំបន់​ក្តៅ​ជាងគេ​ក្នុង​បញ្ហា​ជម្លោះដីធ្លី ដូចនេះ​ដើម្បី ពន្លត់ភ្លើង​នេះ​បាន សម្តេច​តេ​ជោ​បានដាក់​វិធានការ អោយ​បញ្ឈប់​សកម្មភាព​ការទន្ទ្រាន​យក​ដី​លើ​កោះ និង​បញ្ជា​អោយ​អាជ្ញាធរខេត្ត​ព្រះសីហនុ រួម​និង​រដ្ឋមន្ត្រី​នៃ​ក្រសួង​រៀបចំ​ដែនដី នគររូបនីយកម្ម និង​សំណង់ ត្រូវ​ដោះស្រាយ​បញ្ហាដីធ្លី​ដោយ​ភាពទន់ភ្លន់ គឺ​ត្រូវ​ពិនិត្យមើល​រវាង​ប្លង់​មេ​ជាមួយនឹង​សណ្ឋាន​ដី​ជាក់ស្តែង ជាពិសេស​ក៏ត្រូវ​ពិនិត្យ​អោយ​ច្បាស់​ផងដែរ​ថា អ្នក​ទាមទារ​ដី​ទាំងនោះ​ជា​ប្រជាពលរដ្ឋ​រស់នៅ​អចិ​ន្ត្រៃ​យ៌​លើ​កោះរ៉ុង​នេះ​ពិត​រឺ​អត់​។​គោលបំណង​មក​ពេលនេះ គឺ​ចង់​ពន្លត់ភ្លើង​លើ​កោះរ៉ុង ! ចង់​មើលថា​អ្នកធំ​ណាំ​នៅ​ពី​ក្រោយខ្នង​! ត្រូវគោរព​តាម​ប្លង់​មេ ដោយមាន​ភាពទន់ភ្លន់​….. ហើយ​អ្នក​មិនមែនជា​ប្រជាពលរដ្ឋ​រស់នៅ​លើ​កោះរ៉ុង មុន​ឆ្នាំ​២០០៨ គូរ​តែ​ចាញ់​! កោះរ៉ុង​ជា​តំបន់​ក្តៅ​ជាងគេ រឿង បញ្ហាដីធ្លី ។

​តាម​ការ​ថ្លែង​បញ្ជាក់​របស់ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បច្ចុប្បន្ន នៅលើ​កោះរ៉ុង មាន​១២២១​ក្បាលដី ដែល​ត្រូវបាន​វាស់វែង​កាលពី​ឆ្នាំ​២០១២ ប៉ុន្តែ​មកដល់ពេលនេះ រដ្ឋាភិបាល​បានចេញ​ប័ណ្ណ​កម្ម​សិទ្ធ​ទើបបាន​ចំនួន ៦៣៧​ក្បាលដី ដែលមាន​ទំហំ​ប្រមាណ ៥២៥​ក្បៀស​២៥​ហិកតា ប៉ុណ្ណោះ ទៅអោយ​ប្រជាជន ២៩៤​គ្រួសារ​! នៅសល់ ៥៨៤​ក្បាលដី​ទៀត មិនទាន់​ចេញ​ប័ណ្ណ​កម្ម​សិទ្ធ​បាន ដោយសារ​ក្បាលដី​ខ្លះ​នៅមាន​បញ្ហា​នៅឡើយ​។ គួរ​បញ្ជាក់ថា កោះរ៉ុង មាន​ទំហំ​៧៨​គីឡូម៉ែត្រ​ក្រឡា ជា​កោះធំ​ជាងគេ​ទី​ពីរ​នៅក្នុង​ប្រទេស​កម្ពុជា មាន​ចម​ង្ងាយ​ប្រមាណ​២២ គីឡូម៉ែត្រ​ពី​ខេត្ត​ព្រះសីហនុ​។ កោះរ៉ុង​មាន​ឆ្នេរ​ខ្សាច់ ចំនួន​២៨​កន្លែង ក្នុង នោះ​ឆ្នេរ​ខ្សាច់​សក្បុស មាន​ប្រវែង​៨ គីឡូម៉ែត្រ ដែល​ចាត់ទុកជា​ឆ្នេរ​ស្អាត​ជាងគេ​នៅ​តំបន់​អាស៊ី ៕