លោក សម សេរី មេដឹកនាំ​ចលនា​រណសិរ្ស​រំដោះជាតិ​ខ្មែរ ត្រូវបាន​ចាប់ខ្លួន​នៅ​ប្រទេស​ថៃ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 April, 2018 ក+ ក-

​ភ្នំពេញ ៖ លោក សម សេរី មេដឹកនាំ​ចលនា​រណសិរ្ស​រំដោះជាតិ​ខ្មែរ ត្រូវបាន​សមត្ថកិច្ច ថៃ ចាប់ខ្លួន នៅ​យប់​ថ្ងៃទី​២៥ ខែមេសា នេះ ខណៈដែល​មេដឹកនាំ​រូបនេះ​បាន​ចូលទៅ​បន្ត​ទិដ្ឋាការ​សុំ ស្នាក់នៅ​ក្នុងប្រទេស​ថៃ​បន្ថែមទៀត ។ នេះ​បើតាម​ការបញ្ជាក់​របស់​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងមហាផ្ទៃ នៅ​យប់​ថ្ងៃទី​២៥ ខែមេសា ក្រោយ​ពេលដែល​លោក សម សេរី ត្រូវបាន​ចាប់ខ្លួន ។​

គួររំលឹកថា សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​ក្នុងឱកាស​អញ្ជើញ​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង (NUM) នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ​កាលពី​ព្រឹក​ថ្ងៃទី​១០ ខែ មេសា កន្លងទៅ​ថា “​យប់មិញ​ខ្ញុំ​បាន​បញ្ចេញ​ព័ត៌មាន​សម្ងាត់​មួយ ហើយ​ចៅហ្វាយក្រុង​ក៏​បានដឹង​រួចហើយ​ដែរ “ … អា​ក្បត់ជាតិ​ម្នាក់​ឈ្មោះ សម សេរី បាន​បញ្ជា​មក​កម្លាំង​វា​នៅ​ទីក្រុង​ភ្នំពេញ ឲ្យ​រៀបចំ​បង្ក​ឲ្យ​មានការ​រំខាន និង​សម្លេង​ផ្ទុះ​នៅក្នុង​រាជធានី​ភ្នំពេញ និង​នៅ​ខេត្ត សៀមរាប មុន​ថ្ងៃបុណ្យ​ចូលឆ្នាំ​ខ្មែរ តែ​យើង​បាន​ក្តាប់​ព័ត៌មាន​នេះ​បាន​អស់ហើយ​។​
​វិទ្យុ​អាស៊ីសេរី បាន​ផ្សាយ​នៅ​យប់ ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៨ នេះ ថា «​លោក សម សេរី បាន​ផ្ញើ​សារ​ចូលក្នុង​អ៉ី​មែ​ល​របស់​អាស៊ីសេរី​មុន​ការចាប់ខ្លួន​ថា សមត្ថកិច្ច​ថៃ​បាន​ឃាត់ខ្លួន​រូបលោក នៅក្នុង​ទីក្រុង បាងកក ខណៈដែល​លោក​កំពុង​ចូលទៅ​បន្ត​ទិដ្ឋាការ​ស្នាក់នៅ​ក្នុងប្រទេស​ថៃ ជាមួយ នោះ ក៏មាន មនុស្ស​ជំនិត​របស់លោក សម សេរី ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ ដោយ​បារម្ភ​ពី​សុវត្ថិភាព ក៏បាន​ប្រាប់​អាស៊ីសេរី តាម​ទូរស័ព្ទ​ថា លោក សម សេរី ត្រូវបាន​សមត្ថកិច្ច​ថៃ​បញ្ជូនទៅ​ឃុំខ្លួន នៅ​មន្ទីរឃុំឃាំង​មួយកន្លែង​នៅក្នុង​ទីក្រុង​បាងកក​ហើយ​»​។​

​សូមបញ្ជាក់ថា លោក សម សេរី គឺជា​ប្រធាន​ចលនា​រណសិរ្ស​រំដោះជាតិ ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​ដា​ណា​ម៉ាក​។ លោក​សម សេរី ក៏បាន​បង្កើត​រដ្ឋាភិបាល​ស្រមោល នៅក្រៅ​ប្រទេស​ផង ដែរ​។ សមាជិក នៃ​ចលនា​រណសិរ្ស​រំដោះជាតិ មួយចំនួន​ត្រូវបាន​ចាប់ខ្លួន​នៅ​ភ្នំពេញ ដោយ​ប្រព្រឹត្ត​បទល្មើស និង​បង្កចលាចល​នៅក្នុង​សង្គម មានដូចជា ១.​ឈ្មោះ ថាច់ បាន​។ ២.​ឈ្មោះ អាន វិចិត្រ​។ ៣.​ឈ្មោះ ផុន ប្រាក់​ផាប​។ ៤.​ឈ្មោះ វន វុ​ធ​។ អ្នក​ទាំង​៤ នៅ​ប្រទេស​ថៃ​។ ៥.​ឈ្មោះ សោម សុវណ្ណារ៉ា នៅ​កាណាដា និង​ទី​៦.​ឈ្មោះ សម សេរី ប្រធាន​រណសិរ្ស​រំដោះជាតិ ដែល​ត្រូវបាន​ចាប់ ខ្លួន​នៅក្នុង​ប្រទេស​ថៃ នាយ​ប់ ថ្ងៃទី​២៥ ខែមេសា នេះ ហើយ​សមត្ថកិច្ច​ភាគី​កម្ពុជា កំពុង​ពិភាក្សា​ជា មួយ​ភាគី​ថៃ ដើម្បី​រៀបចំ​ឯកសារ​បញ្ជូន​លោក សម សេរី មក​ភ្នំពេញ នាពេល​ឆាប់ៗ​នេះ​៕