ជំនួប​ពិភាក្សា​រវាង​នាយករដ្ឋមន្ត្រី​កម្ពុជា និង​អនុ​ប្រធានសភា​វៀតណាម​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 April, 2018 ក+ ក-

​ភ្នំពេញ ៖ អនុប្រធាន​ទី​១​នៃ​រដ្ឋសភា​ប្រទេស​វៀតណាម ប្ដេជ្ញាចិត្ត​ថា​នឹង​ចែករំលែក​នូវ បទពិសោធន៍ ក្នុង​ការរៀបចំ​កិច្ចប្រជុំ​វេទិកាសភា​អាស៊ី​ប៉ាស៊ីហ្វិក ដើម្បីអោយ​កម្ពុជា​ទទួល​បាន​ជោគជ័យ​ក្នុងនាម​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​នេះ នា​ឆ្នាំ​២០១៩​។​

​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ ជាមួយ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី​កម្ពុជា នៅ​វិមាន​សន្តិភាព នា​ព្រឹក​ថ្ងៃទី​២៥ ខែមេសា​នេះ លោកជំទាវ ថុង ធី​ហ្វុ​ង (Thong Thi Phong) សមាជិក​ការិយាល័យ​នយោបាយ និង​ជា​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា​វៀតណាម បានបញ្ជាក់​ពី​ការប្ដេជ្ញាចិត្ត​របស់​សភា​វៀតណាម ថា​នឹង​ជួយ​ចែករំលែក​នូវ​រាល់​បទពិសោធន៍​ទាំងឡាយ​ដែល​សភា​វៀតណាម​មាន​កន្លងមក ក្នុងនាម ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​វេទិកាសភា​អាស៊ី​ប៉ាស៊ីហ្វិក ជូន​ដល់​ប្រទេស​កម្ពុជា សំដៅ​ធ្វើយ៉ាងណា​ឲ្យ​កម្ពុជា ទទួលបាន​ជោគជ័យ​ក្នុង​ការរៀបចំ​កិច្ចប្រជុំ​នេះ​នា​ឆ្នាំក្រោយ ក្នុងនាម​កម្ពុជា​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​លើក​ទី​២៧ ដែល ពិធី​ផ្ទេរតំណែង​ជា​ម្ចាស់ផ្ទះ ប្រធាន​កិច្ចប្រជុំ​វេទិកាសភា​អាស៊ី​ប៉ាស៊ីហ្វិក ពី​ប្រទេស​វៀតណាម​ជូន​ដល់​ប្រទេស​កម្ពុជា ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃ​ម្សិលមិញ​នេះ ។

​នេះ​បើតាម​ការបញ្ជាក់ របស់ លោក អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ក្រោយពេល​បញ្ចប់​ជំនួប​ទ្វេភាគី​នេះ​។ នៅក្នុង​ជំនួប​ជាមួយ​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​នេះដែរ លោកជំទាវ ថុង ធី​ហ្វុ​ង ក៏បាន​ជំរាបជូន ពី​គោលបំណង​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោកជំទាវ នៅ​កម្ពុជា​ពេលនេះ គឺ​ដើម្បី​ពង្រឹង​និង​ពង្រីក​កិច្ចសហប្រតិបត្តិការ រវាង​សភា​និង​សភា​នៃ​ប្រទេស​ទាំងពីរ ក្នុងនោះ​លោកជំទាវ ក៏បាន​ជួប​ជាមួយ សម្តេច​ប្រធានរដ្ឋសភា និង អនុប្រធានរដ្ឋសភា​ក​ម្ពុ​ជា ផងដែរ​។

​ជាការ​ឆ្លើយតប សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា បាន​ថ្លែងអំណរគុណ​លោកជំទាវ​ចំពោះ​ការប្ដេជ្ញាចិត្ត ក្នុងការ​ផ្ដល់​និង​ជួយ​ចែករំលែក​បទពិសោធន៍​ដល់​កម្ពុជា ដោយ​សម្តេច​បានស្នើ​សុំ​ឲ្យ​សភា​វៀតណាម​និង​សភា​កម្ពុជា បន្ត​សហការគ្នា​ធ្វើយ៉ាងណា​អោយ​កិច្ចប្រជុំ​វេទិកាសភា​អាស៊ី​ប៉ាស៊ីហ្វិក​ដែល​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ​នា​ឆ្នាំក្រោយ ទទួលបាន​ជោគជ័យ​។

​គួរកត់សំគាល់​ដែរ​ថា នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ទ្វេភាគី​នេះ លោកជំទាវ ថុង ធី​ហ្វុ​ង បាន​សម្តែង​ការអបអរសាទរ សម្តេច​តេ​ជោ​ចំពោះ​រាល់​សមិទ្ធផល​ទាំងឡាយ ដែល​កម្ពុ​ជាមាន ជាពិសេស​ស្ថេរភាព​លើ​វិស័យសេដ្ឋកិច្ច និង​នយោបាយ ទាំង​ក្នុងប្រទេស​និង​លើ​ឆាក​អន្តរជាតិ​តែម្តង​។

​សម្តេច​តេ​ជោ បាន​បញ្ជាក់ថា រាល់​សមិទ្ធផល​ទាំងនេះ​មិនអាច​កាត់ផ្ដាច់​បាន ពី​ជំនួយ​របស់​វៀតណាម​ជួយ​ដល់​កម្ពុជា​នោះទេ ជាពិសេស ជំនួយ​ក្នុងការ​ផ្ដួលរំលំ​របប​ប្រល័យពូជសាសន៍​ប៉ុលពត ឆ្នាំ​1979 កន្លងមក​តែម្តង​៕