សម្ដេចក្រុមព្រះអំពាវនាវ​ឲ្យ​ពលរដ្ឋ​​កុំ​ជឿ ​តាម​ការ​អុជអាលរបស់​អ្នកនយោបាយ ​ក្រៅច្បាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 April, 2018 ក+ ក-

​ភ្នំពេញ ៖ ក្នុង​ពិធី​យាងចុះ​ជួប​សំណេះសំណាល និង​សួរសុខទុក្ខ​ជាមួយ​សមាជិក​-​សមាជិកា និង​បងប្អូន​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​២៧០០​នាក់ នៅ​ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប នា​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១៨ សម្តេចក្រុមព្រះ​នរោត្តម រណឫទ្ធិ ព្រះប្រធាន​គណបក្ស​រាជានិយម​ហ្វ៊ុនស៊ិនប៉ិច បាន​មានបន្ទូល​អំពាវនាវ​ជាថ្មី​ម្ដងទៀត សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ អញ្ជើញ​នាំគ្នា​ទៅ​បោះឆ្នោត ហើយ​មិនត្រូវ​ជឿ​តាម​ការ​ញ៉ុញ​ង់​អុជអាល ពី​មន្ដ្រី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មិន​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត​នោះ​ឲ្យ​សោះ​។

​ខណៈ​ការបោះឆ្នោតជាតិ​កាន់តែ​ខិតជិត​មកដល់​នោះ សម្តេចក្រុមព្រះ​នរោត្តម រណឫទ្ធិ ព្រះប្រធាន​គណបក្ស​រាជានិយម​ហ្វ៊ុនស៊ិនប៉ិច បាន​មានបន្ទូល​អំពាវនាវ​ជាថ្មី​ម្ដងទៀត សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​អញ្ជើញ​នាំគ្នា​ទៅ​បោះឆ្នោត ហើយ​កុំ​ជឿ​តាម​ការ​ញ៉ុញ​ង់​អុជអាល របស់​អ្នកនយោបាយ​ក្រៅច្បាប់​មួយចំនួន​ឲ្យ​សោះ​។ ការអំពាវនាវ​ជាថ្មី​នេះ គ្រា​ដែល​សម្តេចក្រុមព្រះ និង​អ្នក​ម្នាង ព្រមទាំង​ថ្នាក់ដឹកនាំ​នៃ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​បាន​យាង និង​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល និង​សួរសុខទុក្ខ​ជាមួយ​សមាជិក​-​សមាជិកា និង​បងប្អូន​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​២៧០០​នាក់ នៅ​ភូមិ​ត្រាង ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប នា​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១៨​។​

​បើតាម​ឯកឧត្ដម​យឹម សា​វី អគ្គលេខាធិការ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​ខេត្តសៀមរាប បាន​ថ្លែង​ឲ្យ​ដឹង ថា នៅក្នុង​ឱកាស​នេះ មាន​មន្ដ្រី​និង​សមាជិក​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​មួយចំនួន បានសម្រេច​ចិត្ត​ចុះ​ជាមួយ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដោយសារតែ​អស់ជំនឿ​លើ​គណបក្ស​ទាំង​២​នាក់​។ ក្នុងនោះ​ឯកឧត្ដម​យឹម សា​វី បានបង្ហាញ​ក្ដីសង្ឃឹម​ថា មន្ដ្រី និង​សមាជិក​គណបក្ស​ទាំង​២​នេះ នឹង​បន្ត​ចូលរួម​ជាមួយ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ជា​បន្តបន្ទាប់​ទៀត ព្រោះ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ជា​គណបក្ស​រាជានិយម​តែមួយគត់​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​សម្តេចក្រុមព្រះ​នរោត្តម រណឫទ្ធិ ព្រះប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​មានបន្ទូល​ស្វាគមន៍​ចំពោះ​មន្ដ្រី និង​សមាជិក​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ដែល​សម្រេច​មក​ចូលរួម​ជីវភាព​នយោបាយ ជាមួយ​គណបក្ស​ហ្វ៊ិ​ន​ប៉ិច​នាពេលនេះ​។ ក្នុងនោះដែរ​សម្ដេចក្រុមព្រះ បាន​មានបន្ទូល​អំពាវនាវ​ជាថ្មីទៀត សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់គ្នា អញ្ជើញ​ទៅ​ចូលរួម​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​ខាងមុខនេះ ហើយ​មិនត្រូវ​ជឿ​តាម​ការ​ញ៉ុញ​ង់​អុជអាល ពី​មន្ដ្រី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មិន​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត​នោះ​ឲ្យ​សោះ​។

​នាឱកាស​ដដែល​នេះ​សម្តេចក្រុមព្រះ បាន​មានបន្ទូល​បញ្ជាក់ ថា​”​ជោគវាសនា​របស់​គណ​បក្ស​ហ្វ៊ុនស៊ិនប៉ិច គឺ​ពឹ​ក​ផ្អែកលើ​ប្រជាពលរដ្ឋ​ខ្មែរ​តែមួយគត់ ប្រសិនបើ​ប្រជាពលរដ្ឋ​បោះឆ្នោត​ជូន​នឹងមាន​ពន្លឺ​បន្តទៀត តែ​ប្រសិនបើ​មិន​បោះ​ឲ្យ​ទេ គឺអាច​នឹង​ថយក្រោយ​”​។ សូម​ជម្រាប ថា បើតាម​ការជូនដំណឹង​រប​ស់គ​.​ជ​.​ប គឺ​ការចុះបញ្ជី​គណបក្សនយោបាយ និង​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ នឹង​ប្រ​ព្រឹ​ត្ដទៅ​ចាប់ពី​ថ្ងៃទី​៣០ ខែមេសា រហូតដល់​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០១៨​ខាងមុខនេះ​។
​គិត​មកដល់ពេលនេះ មាន​គណបក្សនយោបាយ​ចំនួន​៣៧​ហើយ ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ​នៅ​ក្រសួងមហាផ្ទៃ​៕​