ប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា បានអះអាងនៅថ្ងៃចន្ទទី ៦ មេសា ២០១៥ ថា ការស្នើសុំឱ្យអ៊ីរ៉ង់ទទួលស្គាល់រដ្ឋអ៊ីស្រាអែល ត្រូវមានចែងក្នុងក្របខ័ណ្ឌកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ គឺជាកំហុស។ លោក អូបាម៉ា សន្យាធ្វើគ្រប់យ៉ាង ដើម្បីបញ្ចុះបញ្ចូលសភាអាមេរិក ឱ្យផ្តល់សិទ្ធិសម្រេចដល់លោកជាប្រធានាធិបតី។
លោក ប្រធានាធិបតីអាមេរិកបានសន្យា វាយសម្រុកផ្នែកនយោបាយ ដើម្បីធ្វើយ៉ាងណាឱ្យសភាអាមេរិកបើកផ្លូវលោកសម្រេចការ រហូតដល់ថ្ងៃទី ៣០មិថុនា ថ្ងៃដែលត្រូវបញ្ចប់កិច្ចព្រមព្រៀងជាស្ថាពរ ក្នុងសំណុំរឿងនុយក្លេអ៊ែរអ៊ីរ៉ង់។ សម្រាប់លោកអូបាម៉ា អ៊ីរ៉ង់ត្រូវតែបញ្ចប់ការគំរាមកំហែងអ៊ីស្រាអែល និងជ្រៀតជ្រែកក្នុងជម្លោះនៅដើមបូព៌ា ប៉ុន្តែគេមិនអាចបញ្ចូលតួនាទីរបស់អ៊ីរ៉ង់ក្នុងតំបន់និង កិច្ចព្រមព្រៀងនុយក្លែអ៊ែរជាមួយគ្នាទេ។
នៅក្នុងន័យនេះ លោកប្រធានាធិបតីអាមេរិក បានបញ្ជាក់ថា ប្រសិនបើគេដាក់លក្ខខណ្ឌលើអ៊ីរ៉ង់មិនឱ្យមានអាវុធនុយក្លេអ៊ែរ គ្រាប់បែកអាតូមិច ជាថ្នូរនឹងការទទួលស្គាល់រដ្ឋអ៊ីស្រាអែល នោះមានន័យថាគេនឹងមិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងអ្វីបានសោះ បើអ៊ីរ៉ង់មិនប្តូររបបដឹកនាំ។ ដូច្នេះ នេះគឺជាការវិនិច្ឆ័យដែលគ្មានមូលដ្ឋាន។ ប្រសិនបើគេអាចប្តូររបៀបដឹកនាំអ៊ីរ៉ង់បាននោះគេមិនចាំបាច់ ចាប់បង្ខំឱ្យមានកិច្ចព្រមព្រៀងមិនរីកសាយភាយនុយក្លេអ៊ែរឡើយ។ នេះជាពន្យល់បន្ថែមរបស់លោកអូបាម៉ា។
ប៉ុន្តែសម្រាប់ព្រឹទ្ធសភាអាមេរិក គឺមិនដូច្នេះឡើយ ! ប្រធានព្រឹទ្ធសភា លោក Mitch McConnell ដែលជាអ្នកសាធារណរដ្ឋបានបញ្ចេញប្រតិកម្មតបវិញ និងបរិហាររដ្ឋបាលលោកអូបាម៉ា ថាបាននិងកំពុងធ្វើសម្បទានឱ្យអ៊ីរ៉ង់ តាមរយៈការលើកទណ្ឌកម្ម និងបានបញ្ជាក់ជាថ្មីថាព្រឹទ្ធសភាអាមេរិក មិននៅស្ងៀមចំពោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់។
សូមបញ្ជាក់ថា បើតាមច្បាប់ ប្រធានាធិបតីអាមេរិក មានពេល៦០ថ្ងៃសម្រាប់ដាក់ជូនព្រឹទ្ធសភាពិនិត្យ លើរាល់កិច្ចព្រមព្រៀងនុយក្លេអ៊ែរ។ ដូច្នេះព្រឹទ្ធសភា ដែលជាអ្នកគាំទ្រអ៊ីស្រាអែល និងមានសំឡេងភាគច្រើន អាចបិទខ្ទប់សំណើនេះតាមរយៈការបោះឆ្នោតបាន។ ចំណែកអ៊ីស្រាអែល តាមរយៈលោកនាយករដ្ឋមន្ត្រីប៊ិនយ៉ាមែន នេតាន់យ៉ាហ៊ូ ធ្លាប់បានមកពឹងពាក់ព្រឹទ្ធសភាអាមេរិកនេះ ដើម្បីរាំងស្ទះកុំឱ្យមានកិច្ចព្រមព្រៀងនុយក្លេអ៊ែរចេញរួច៕rfi/
ប្រធានាធិបតីអាមេរិក លោក Barack Obama មិនភ្ជាប់ការទទួលស្គាល់អ៊ីស្រាអែលក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់REUTERS/Mike Theiler