លោក ញឹក ប៊ុនឆៃ ត្រូវបាន​ដោះលែង​ដោយសារ​បញ្ហា​សុខភាព
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 May, 2018 ក+ ក-

​ភ្នំពេញ ៖ អតីត​ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ត្រូវ​លោក លី លឹម​ម៉េង ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​បង្គាប់​អោយ​ដោះលែង​បណ្តោះអាសន្ន កាលពី​ព្រលប់ ក្នុង​ថ្ងៃទី​៣០ ខែមេសា ម្សិលមិញ​នេះ​។​

​នៅ​ព្រឹក​ថ្ងៃទី​១ ខែឧសភា​ឆ្នាំ​២០១៨ លោក ញឹក ប៊ុនឆៃ អតីត​ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ត្រូវបាន​តុលាការ​ចេញ​ដីកា​បង្គាប់​ឲ្យ​ដោះលែង​នៅក្រៅ​ឃុំ​ជា​ណ្តោះ​អាសន្ន បន្ទាប់ពី​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចោទប្រកាន់​ពីបទ សមគំនិត​ក្នុង​ការផលិត​គ្រឿងញៀន និង​នាំចូល​នូវ​សារធាតុ​សម្រាប់​ផ្សំ​គ្រឿងញៀន​ប្រព្រឹត្តិ​នៅ ភូមិ​ទី​១ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពី​ថ្ងៃទី​១ ខែមេសា ឆ្នាំ ២០០៧​។

​តាម​មាត្រា​ទី​២៩​នៃ​ក្រមព្រហ្មទណ្ឌ និង​មាត្រា ៣៨ .១​ថ្មី ចំណុច​ទី​៤ មាត្រា ៣២ . ១​ថ្មី​ចំណុច​ទី​៤.​ង​នៃ​ច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន​ឆ្នាំ​២០០៥ អោយនៅ​ក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន ប្រសិនបើ​ឈ្មោះ​នេះ​មិន​ត្រូវបាន​ឃុំខ្លួន​ពីបទ​ល្មើស​ផ្សេងទៀត​។​

​លោក ញឹក ប៊ុនឆៃ អតីត​ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ត្រូវបាន​ឃុំខ្លួន​អស់​រយៈ​៩​ខែ មកហើយ ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន​កាលពី​១០​ឆ្នាំមុន​។​
​ក្នុង​ដីកា​បង្គាប់​ឲ្យ​ដោះលែង​ចុះ​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៨ ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក លី លឹម​ម៉េង បាន​ប្រាប់​មក​ប្រធាន​មណ្ឌល​អប់រំ​កែប្រែ​រាជធានី​ភ្នំពេញ ឲ្យ​ដោះលែង​លោក ញិ​ក​ប៊ុនឆៃ​(​ញឹក ប៊ុនឆៃ​) ដែលមាន​ទីលំនៅ​បច្ចុប្បន្ន​ខណ្ឌ​ជ្រោ​ចង្វា​រាជធានី​ភ្នំពេញ​។​

​បើតាម​កា​បង្គាប់​ដដែល តុលាការ​មិនបាន​បញ្ជាក់​លម្អិត​ណាមួយ ពី​មូលហេតុ​នៃ​ការដោះលែង លោក ញឹក ប៊ុនឆៃ នោះទេ ប៉ុន្តែ តុលាការ​ដាក់ លោក ប៊ុនឆៃ ឲ្យ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​ពីបទ «​សមគំនិត​ផលិត​គ្រឿងញៀន និង​នាំចូល​សារធាតុ​សម្រាប់​ផ្សំ​គ្រឿងញៀន​» ដែល​តុលាការ​ថា បាន​ប្រព្រឹត្តិ​ឡើង​នៅ​ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពី​ឆ្នាំ​២០០៧​។

​ប្រភពព័ត៌មាន​មួយ​ផ្សេងទៀត បាន​ឲ្យ​ដឹងថា ការសម្រេច​ដោះលែង​ឲ្យ​នៅ​ក្រោ​ឃុំ​បណ្តោះអាសន្ន​នេះ ដោយសារ​លោក ញឹក ប៊ុនឆៃ មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ដែល​ត្រូវ​ព្យាបាល​។​

​សូមបញ្ជាក់ថា លោក ញឹក ប៊ុនឆៃ ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០១៧ ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន​កាលពី​១០​ឆ្នាំមុន ។ លោក ញឹក ប៊ុនឆៃ ក៏​ធ្លាប់បាន​សារភាព​ពី​កំហុស ដោយ​ថ្លែងថា លោក​បាន​ប្រព្រឹត្ត​មិន​គប្បី​ចំពោះ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ៕​