នាយករដ្ឋមន្ត្រី​កម្ពុជា ថ្លែងថា ការឃោសនា​មិន​ឲ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត​គឺ​រំលោភច្បាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 May, 2018 ក+ ក-

​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ក​ម្ពូ​ជា បាន​បញ្ជាក់ថា ការឃោសនា​មិនឱ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត គឺជា​ការរំលោភច្បាប់​ប្រទេស​ដែល​បានចែង​ច្បាស់​នៅក្នុង​មាត្រា​១៤២ នៃ​ច្បាប់​ស្តីពី​ការជ្រើសតាំង​តំណាងរាស្ត្រ​។ នេះ​បើតាម​ការ​បង្ហោះ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច នា​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០១៨ នេះ​។​

​ការលើកឡើង​នេះ ក្រោយ​ពេលដែល​លោក សម រង្ស៊ី ប្រធាន​ចលនា​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០១៨ បាន​ប្រកូក​ប្រកាស​ពី​ក្រៅប្រទេស​ឱ្យ​អ្នកគាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​ពលរដ្ឋ​ទូទៅ​ចែកចាយ​ខិត្តប័ណ្ណ​អំពាវនាវ​ឱ្យ​អ្នកបោះឆ្នោត កុំទៅ​ចូលរួម​បោះឆ្នោត​នៅ​ថ្ងៃ​ទៅ​២៩ ខែកក្កដា ខាងមុខ​។​

​សំណេរ​ក្នុង​ផេ​ក​ផ្លូវការ​របស់​សម្តេច​តេ​ជោ ហ៊ុនសែន នៅ​ថ្ងៃទី​៤ ខែឧសភា នេះ​បាន​បញ្ជាក់ថា មាន​គណបក្ស​បី​ហើយ ដែល​បាន​ចុះបញ្ជី​រួចរាល់​ក្នុង​ការចូលរួម​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត​ថ្ងៃទី ២៩ កក្កដា ២០១៨ ខាងមុខនេះ គឺ ១.​គណបក្ស​ប្រជាជន​កម្ពុជា​,២.​គណបក្ស​សញ្ជាតិ​កម្ពុជា​និង​៣.​គណបក្ស​យុវជន​កម្ពុជា​។ ការចុះឈ្មោះ​គឺ​ចំណាយពេល​ខ្លី​។ ទន្ទឹមនឹងនោះ​គឺមាន​គណបក្ស​ប្រាំ​មួយទៀត​ដែល​បានបញ្ជាក់​ពី​ជំហរ​ចុះបញ្ជី​ចូលរួម​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នីតិកាល​ទី ៦ ឆ្នាំ ២០១៨ ដោយបាន​រៀបចំ​ប្រាក់​កក់​១៥​លាន​រៀល​នៅ​រតនាគា​ជាតិ​នៃ កម្ពុជា​។​សរុប​ទាំងអស់​មាន​គណបក្សនយោបាយ​ចំនួន​២១​កំពុង​បំពេញបែបបទ​។

ក្នុង​សំណេរ​ដដែល​បាន​បន្តថា ការបោះឆ្នោត​នៅ​ថ្ងៃទី​២៩ ខែកក្កដា​២០១៨ ខាងមុខនេះ គឺ​សំខាន់​ខ្លាំងណាស់​។​មាត្រា​៣៤ នៃ​រដ្ឋធម្មនុញ្ញ ឆ្នាំ​១៩៩៣ ដែលជា​ច្បាប់កំពូល​របស់​កម្ពុជា​គឺ​បញ្ជាក់​ច្បាស់ អំពី​សិទ្ឋិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​ខ្មែរ​ទាំង​២​ភេទ​គឺមាន​សិទ្ឋិ​បោះឆ្នោត​និង​មាន សិទ្ឋិ​ឈរឈ្មោះ​បោះ ឆ្នោត​នៅក្នុង​របប​ដឹកនាំ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​។​ការឃោសនា មិន​ឲ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត គឺ​រំលោភច្បាប់​ប្រទេស​ដែល​បានចែង​ច្បាស់​នៅក្នុង​មាត្រា​១៤២​នៃ​ច្បាប់ ស្តីពី​ការជ្រើសតាំង​តំណាងរាស្ត្រ​៕​