ផ្លូវជាតិ​លេខ​៣ ជា​ផ្លូវ​របៀង​ដ៍​សំខាន់​នៃ​កំណើនសេដ្ឋកិច្ច និង​វិស័យ​ទេសចរណ៍​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 May, 2018 ក+ ក-

​ភ្នំពេញ ៖ កំណាត់​ផ្លូវជាតិ​លេខ​៣ ប្រវែង ១៣៤​គីឡូម៉ែត្រ ចាប់ពី​ភ្នំពេញ (​ចោមចៅ​) ដល់​ក្រុង​កំពត ត្រូវបាន​បើក​ការដ្ឋាន​ពង្រីក និង​លើក​កម្រិត​ផ្លូវ​ឡើងវិញ នៅ​ព្រឹក ថ្ងៃ​ច័ន្ទ​ទី ០៧ ឧសភា ក្រោម​អធិបតីភាព​សម្តេច​តេ​ជោ ហ៊ុន សែន នា យក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​ផ្លូវ​នេះ​គ្រោង​នឹង​ប្រើពេល​៤២​ខែ ដែល​គ្រោង​ចំណាយ​ថវិកា​ប្រមាណ​២១៩​លាន​ដុល្លារ​អាមេរិក ជា​ហិរញ្ញប្បទាន​សម្បទាន​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​ថវិកាបដិភាគ​របស់​រា​ជ​រដ្ឋាភិបាល​ដើម្បី​ដោះស្រាយ​ផលប៉ះពាល់​។ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​អះអាងថា ក្រោយ​ស្ថាបនា​រួច​ផ្លូវ​នេះ​នឹង​ក្លាយជា​ផ្លូវ​របៀង​ដ៍​សំខាន់​សម្រាប់​ជំរុញ​កំណើនសេដ្ឋកិច្ច និង​ទេសចរណ៍​។

​ថ្លែង​នៅក្នុង​ពិធីបើកការដ្ឋាន​ពង្រីក និង​លើក​កម្រិត​ផ្លូវជាតិ​លេខ​៣ ប្រវែង ១៣៤ គីឡូម៉ែត្រ​ពី​ចាប់ពី​ភ្នំពេញ (​ចោមចៅ​) ដល់​ក្រុង​កំពត នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានចាត់ទុក ផ្លូវជាតិ​លេខ​៣​ថា​ជា​ផ្លូវជាតិ​ដ៍​មាន​សារៈសំខាន់​មួយ​សម្រាប់​ជម្រុញ​កំណើន​សេដ្ឋកិច្ចជាតិ តាមរយៈ​ការដឹកជញ្ជូន ការទាក់ទាញ​ទេសចរ​និង​ការតភ្ជាប់​ទៅកាន់​ខេត្ត​ជាតា​រា​រះ​នៅ​ទិស និរតី​ដូចជា​ខេត្តកំពត កែប ព្រះសីហនុ និង​ខេត្តកោះកុង​។

ផ្លូវជាតិ​មួយ​នេះ​មិនមែន​ត្រឹម ដើម្បី​ទាក់ទាញ​ទេសចរ​តែមួយ​នោះទេ ប៉ុន្តែ​ខេត្ត​ដែ ល​នៅជាប់​មាត់សមុទ្រ​របស់​កម្ពុជា​សុទ្ធសឹង​ជា​ខេត្ត​ដែលមាន​សក្តានុពល​សេដ្ឋកិច្ច​ធំ ដែល​ត​ភ្ជាប់​ជាមួយ​សេដ្ឋកិច្ច​ក្រៅប្រទេស​ផងដែរ​។ ខេត្តកំពត ជា​ខេត្ត​មាន​សក្តានុពល​មួយ មិន​ថា វា​រី​អគ្គិសនី ផលិតផល​កសិកម្ម ទេសចរ​ធម្មជាតិ និង ជា អនាគត​កំពង់ផែ​ទឹក​ជ្រៅ​របស់​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ខេត្ត​នេះ​ជា​ខេត្ត​តែមួយគត់​ដែល​ផលិត​អំបិល​ដ៍​ធំ​បំផុត​មួយ ដោយ​ធ្វើការ​ផ្គត់ផ្គង់​នៅតាម​បណ្តា​ខេត្ត​នានា​។ សម្រាប់​ផ្លូវជាតិ​លេខ​៣​មាន​តួនាទី​សំខាន់ ដើម្បី​ធ្វើការ​ចែកចាយ​អំបិល​ទៅកាន់ ខេត្ត​ផ្សេងទៀត ដូច្នោះ​នេះ​ជា​អ្វីដែល​រដ្ឋាភិបាល​បាន​ខិតខំ​ដើម្បី​ស្ថាបនា​ផ្លូវ​នេះ​។

​បើតាម​រដ្ឋមន្ត្រីក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល​បាន​ឲ្យ​ដឹងថា គម្រោង​ពង្រីក​និង​លើក​កម្រិត​កំណាត់​ផ្លូវជាតិ​លេខ​៣ នឹងត្រូវ​សាងសង់​ជា​ពីរ​កំណាត់ ដោយ​កំណាត់​ទី​១ ភ្នំពេញ (​ចោមចៅ​) ទៅដល់​ផ្លូវបំបែក​គូស​កំណាត់​ផ្លូវ​ចាប់ពី​ភ្នំពេញ (​ចោមចៅ​) ដល់​បែក​គូស មាន​ប្រវែង ៦៩​គីឡូម៉ែត្រ ត្រូវ​ពង្រីក​ទទឹង​តួ​ផ្លូវ​រហូតដល់ ២៤.៥​ម៉ែត្រ ជា​៤​គន្លង​(២​គន្លង​ទៅ ២​គន្លង​មក​) ដោយ​ក្រាល​បេតុង​កៅស៊ូ AC កម្រាស់ ៩​សង់ទីម៉ែត្រ ទទឹង ២១​ម៉ែត្រ លើ​ទទឹង​តួ​ផ្លូវ​សរុប ២៤.៥​ម៉ែត្រ​។ កំណាត់​ទី​២: បែក​គូស​-​ក្រុង​កំពត​កំណាត់​ផ្លូវ​ចាប់ពី​បែក​គូស ដល់​ក្រុង​កំពត មាន​ប្រវែង​៦៤​គីឡូម៉ែត្រ ត្រូវ​ពង្រីក​ទទឹង​តួ​ផ្លូវ​រហូតដល់ ១២​ម៉ែត្រ ជា​២​គន្លង (១​គន្លង​ទៅ ១​គន្លង​មក​) ដោយ​ក្រាល​បេតុង​កៅស៊ូ AC កម្រាស់​៧​សង់ទីម៉ែត្រ ទទឹង​១១​ម៉ែត្រ លើ​ទទឹង​តួ​ផ្លូវ​សរុប ១២​ម៉ែត្រ​។

​គម្រោង​នេះ​នឹងត្រូវ​អនុវត្ដ​ការសាងសង់​ដោយ​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន និង​ថ្នល់​ចិន និង​ត្រួតពិនិត្យ​បច្ចេកទេស​សាងសង់​ដោយ​ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស​សំណង់​ក្វាង​ចូ​វ​វ៉ាន​អាន ដោយ​ប្រើ​រយៈពេល​សាងសង់ ចំនួន ៤៨​ខែ​។

​បើតាម​រដ្ឋមន្ត្រី​សាធារណៈការ និង​ដឹកជញ្ជូន កំណាត់​ផ្លូវជាតិ​លេខ​៣ គឺជា​ខ្សែ​ផ្លូវ​នៃ​ប៉ូល​សេដ្ឋកិច្ច និង​ទេសចរណ៍​ដ៏​មាន​សក្តានុពល​របស់​ព្រះរាជាណាចក្រ​កម្ពុជា ត​ភ្ជាប់​រាជធានី​ភ្នំពេញ ទៅកាន់​ខេត្តកំពត ដោយ​ឆ្លងកាត់​រាជធានី​-​ខេត្ត​ចំនួន ៥ រួមមាន រាជធានី​ភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តតាកែវ និង​ខេត្តកំពត និង​អា​ចត​ភ្ជាប់​ទៅកាន់​កំពង់ផែ​សមុទ្រ​អន្តរជាតិ ខេត្ត​ព្រះសីហនុ​តាមរយៈ​ផ្លូវជាតិ​លេខ​៤ និង​ខេត្តកោះកុង ច្រកព្រំដែន​កម្ពុជា​-​ថៃ តាមរយៈ​ផ្លូវជាតិ​លេខ​៤ និង​ផ្លូវជាតិ​លេខ​៤៨៕​