ស្ពានដែក​បា​ឡេ ឆ្លងពី​ខណ្ឌឫស្សីកែវ ទៅ​ខណ្ឌ​ជ្រោយចង្វា បើក​ឲ្យ​ធ្វើចរាចរ​ណ៍ហើយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 May, 2018 ក+ ក-

​ភ្នំពេញ ៖ ស្ពានដែក​បា​ឡេ​ថ្មី​មួយ ដែល​អាជ្ញាធរ​បាន​សាងសង់​សម្រាប់​ឆ្លងកាត់​ពី​ចំណុចឃ្លាំង​សាំង តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ខណ្ឌឫស្សីកែវ ឆ្ពោះទៅ​ខណ្ឌ​ជ្រោយចង្វា ដើម្បី​ជួយ​សម្រួល​ការកកស្ទះ​ចរាចរណ៍​ខណៈ​ស្ពាន​ជ្រោយចង្វា​ចាស់​កំពុង​ជួសជុល នឹងត្រូវ​ដាក់​ឲ្យ​ធ្វើ​ចរាចរណ៍​ជា​ផ្លូវការ​នៅ​រសៀល​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០១៨ នេះ ក្រោម​អធិបតីភាព​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​។

សូមជម្រាបថា ស្ពានដែក​បា​ឡេ នេះ​ត្រូវ​បានទទួល​សិទ្ធិ​សាងសង់​ដោយ​ក្រុមហ៊ុន OCIC មាន​ទទឹង ១២​ម៉ែត្រ និង​បណ្ដោយ ៥០០​ម៉ែត្រ ដោយ​ចំណាយ​ថវិកា​សាងសង់​ប្រមាណ ៩​លាន​ដុល្លារ និង​ប្រើពេល​សាងសង់​៦​ខែ​។ ការហាមឃាត់​មិន​ឲ្យ​ធ្វើ​ចរាចរណ៍​លើ​ស្ពានដែក​ថ្មី​នេះ គឺ​រថយន្ត​ទម្ងន់​លើសពី​១៥​តោន និង​មាន​កម្ពស់​លើស ២.៨​ម៉ែត្រ រួម​នឹង​ការធ្វើដំណើរ​ដោយ​ថ្មើ​ជើង​ផងដែរ​។

​ស្ពានដែក​បា​ឡេ​ឆ្លងកាត់​ទន្លេសាប​នេះ បានបញ្ចប់​ការសាងសង់​កាលពី​ថ្ងៃទី​០៥ ខែឧសភា ហើយ​បាន​សាកល្បង​ធ្វើតេស្ត​ទ្រ​ទម្ងន់​នៃ​ស្ពាន ដើម្បី​ធានា​សុវត្ថិភាព​នៃ​ការធ្វើ​ចរាចរណ៍ ការដំឡើង​ស្លាក​សញ្ញា​ចរាចរណ៍ ការ​លាប​គំនូស​ចរាចរណ៍ និង​ដំឡើង​ភ្លើងស្តុប​ថ្មី ដែល​ឈានទៅ​ដាក់​ឲ្យ​ដំណើរ​ការធ្វើ​ចរាចរណ៍​នៅ​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០១៨ នេះ​៕​