ប្រធាន​សិទ្ធិមនុស្ស​កម្ពុជា ប្រាប់​ជប៉ុន ថា ការអំពាវនាវ​ឲ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត គឺ​ខុសច្បាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 May, 2018 ក+ ក-

​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​១១ ខែឧសភា​នេះ ឯកឧត្ដម កែវ រ៉េមី ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស កម្ពុជា បានអនុញ្ញាត​ឲ្យ​អគ្គនាយករង​ការិយាល័យ គោលនយោបាយ​កិច្ចការបរទេស នៃ​ក្រសួង ការបរទេស​ជប៉ុន ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​។ ក្នុងនោះ​ប្រធាន​ស្ថាប័ន សិទ្ធិ មនុស្ស​កម្ពុជា បញ្ជាក់ប្រាប់​មន្ដ្រី​នៃ​ក្រសួង​ការបទេស​ជប៉ុន ថា ការអំពាវនាវ​ឲ្យ​ពលរដ្ឋ​កុំ ទៅ​បោះ ឆ្នោត គឺជា​អំពើ​ខុស​នឹង​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ស្ដីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​។

លោក កែវ រ៉េមី ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា បានបញ្ជាក់​ប្រាប់ ដល់ មន្ដ្រី​នៃ​ក្រសួងការបរទេស​ជប៉ុន ថា ការអំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ កុំទៅ​បោះឆ្នោត​ជ្រើសតាំង តំណាងរាស្ត្រ​នីតិកាល​ទី​៦ គឺជា​អំពើ​ខុស​នឹង​ច្បាប់កំពូល​របស់​ជាតិ ព្រមទាំង​ច្បាប់​ស្ដីពី​ការបោះ ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ផងដែរ​។

​ការបញ្ជាក់​នេះ គ្រា​ដែល​ឯកឧត្ដម​កែវ រ៉េមី អនុញ្ញាត​ឲ្យ​លោក​(​ម៉ាសា​តូ អូ​តា​កា​)Masato OTAKA អគ្គនាយករង​ការិយាល័យ គោលនយោបាយ​កិច្ចការបរទេស នៃ​ក្រសួងការបរទេស​ជប៉ុន ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​ស្នាក់ការ​កណ្ដាល គណៈកម្មាធិការ​សិទ្ធិ មនុស្ស កម្ពុជា នា​ព្រឹក​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០១៨​នេះ​។ ក្នុងជំនួប​នេះ​លោក​(​ម៉ាសា​តូ អូ​តា​កា​)Masato OT AKA បាន​សាកសួរ​ដល់​មន្ដ្រី​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ថា តើ​ការអំពាវនាវ​របស់ លោក សម រង្ស៊ី អតីត​ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ខុសច្បាប់​ដែរឬទេ​? ជាការ​ឆ្លើយ តប លោក កែវ រ៉េមី បានបញ្ជាក់ ថា កន្លងមក​ការអំពាវនាវ ឬ​ការឃោសនា​របស់​ថ្នាក់ដឹកនាំ នៃ​អតីត គណបក្ស​សង្គ្រោះ​ជាតិ​ខ្លះ បាន​បំពាន​ច្បាប់ ដែល​បង្ក​ទៅជា​បទល្មើស​ព្រហ្មទណ្ឌ​។​

​ជាក់ស្ដែង​លោក សម រង្ស៊ី អតីត​ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​អំពាវនាវ ឲ្យ ប្រជា ពលរដ្ឋ​កុំទៅ​បោះឆ្នោត​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​ខាងមុខ ដែល​ការអំពាវនាវ​នេះ ខុស​រដ្ឋធម្មនុញ្ញ ដែលជា​ច្បាប់កំពូល​របស់​ជាតិ និង​ខុសច្បាប់​ស្ដីពី​ការបោះឆ្នោត​ជ្រើស តាំង​តំណាង រាស្ដ្រ​។

​ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា បានបញ្ជាក់​បន្ថែម ថា ក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជា ណា​ចក្រ​កម្ពុជា បានចែង ថា ប្រជាពលរដ្ឋ​ដែលមាន​អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើងទៅ មាន​សិទ្ធិ បោះ ឆ្នោត និង​មាន​សិទ្ធិ​ឈរឈ្មោះ​ឲ្យ​គេ​បោះឆ្នោតអោយ​។ ចំណែក​មាត្រា​១៤២ នៃ​ច្បាប់​ស្ដីពី​ការ បោះ ឆ្នោត​ជ្រើសតាំង​តំណាង​វិញ ក៏បាន​ចែង ថា ការរារាំង​ប្រជាពលរដ្ឋ ដែលមាន​សិទ្ធិ​បោះឆ្នោត មិន​ឲ្យ ទៅ​បោះឆ្នោត ត្រូវ​ផាកពិន័យ​ជា​ប្រាក់​ពី​៥​លាន​រៀល ទៅ​២០​លាន​រៀល ដោយ​គណៈកម្មាធិការ ជាតិ​រៀបចំ​ការបោះឆ្នោត ដោយ​ពុំទាន់​គិតដល់​ទោស​ព្រហ្មទណ្ឌ​ផ្សេងៗ​ទៀត​។ ដូច្នេះ​ការអំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ កុំទៅ​បោះឆ្នោត​គឺជា​រឿង​ខុសច្បាប់​។​នៅក្នុង​ជំនួប ដដែល នេះដែរ​លោក​(​ម៉ាសា​តូ អូ​តា​កា​)Masato OTAKA អគ្គនាយករង​ការិយាល័យ គោល នយោបាយ កិច្ចការបរទេស នៃ​ក្រសួងការបរទេស​ជប៉ុន បានបញ្ជាក់ ថា រដ្ឋាភិបាល​ជប៉ុន​នៅតែ​បន្ត​ផ្ដល់ជំនួយ និង​សហការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​និច្ច បើទោះបី​ជាមាន​ក្រុមមន្ដ្រី​មួយចំនួន​តូច នៃ​ប្រទេស ជប៉ុន បានស្នើ​ឲ្យ​ពិចារណា​លើ​បញ្ហា​នេះ​ក៏ដោយ​។

គួរ​រំលឹក ថា លោក ស៊ិ​ក ប៊ុន​ហុក ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ធ្លាប់បាន​បញ្ជាក់​ម្ដង​ហើយ ម្ដងទៀត ថា ការបោះឆ្នោត​ជ្រើសតាំង តំណាងរាស្ត្រ​នីតិកាល ទី ៦ នឹង​ប្រ​ព្រឹ​ត្ដទៅ​នៅ​ថ្ងៃអាទិត្យ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​ដោយ​គ្មាន​ការកែប្រែ​ឡើយ​។ ក្នុង នោះ លោក ស៊ិន ប៊ុន​ហុក បានបញ្ជាក់ ថា គ​.​ជ​.​ប នឹង​អនុវត្ដ​សមត្ថកិច្ច​រប​ស់​ខ្លួន ដោយ​ឯករាជ្យ និង​អ​ព្យា​ក្រឹត្យ ដើម្បី​ធានា​ឲ្យ​ការបោះឆ្នោត​ប្រ​ព្រឹ​ត្ដទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ស្របតាម គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​សេរី ពហុ​កប​ក្ស​៕​