អាជ្ញាធរ​ជាតិ​អប្សរា​ព្រមាន​ចាត់ការ​ចំពោះ ​អ្នកផ្សា​យល​ក់ដី ក្នុង​តំបន់​អង្គរ​តាម​ហ្វេ​ស​ប៊ុ​ក​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 May, 2018 ក+ ក-

​សៀមរាប ៖ អាជ្ញាធរ​ជាតិ​អប្សរា បាន​ព្រមាន​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ចំពោះ​ជន​ណា​ប្រកាស​លក់​ដី​ក្នុង​រមណីយដ្ឋាន​អង្គរ និង​លើកឡើងថា ជា​ព័ត៌មាន​ភូតកុហក និង​ជា​កលល្បិច​បោកប្រាស់​របស់ ពួកគេ​ធ្វើអោយ​ប្រជាពលរដ្ឋ​មានការ​ភ័នច្រឡំ​។

​ការព្រមាន​នេះ ធ្វើឡើង​បន្ទាប់ពី​បណ្ដា​យ​សង្គម​មួយ​មានឈ្មោះ Ear Heng Angkor ដែល​ក្រុមហ៊ុន​នេះ បានប្រកាសថា​ខ្លួន​មាន​ដី​ឡូ​តិ៍​ពុះ​លក់​និង​បង់​រំ​លោះ​ដែលមាន​ចំងាយ​ជិត​ទីប្រជុំជន សណ្ឋាគារ​ល្បីៗ និង​ជិត​ផ្លូវ​៦០​ម៉ែត្រ ស្ថិតនៅ​ភូមិ​អញ្ចាញ សង្កាត់​នគរធំ ក្រុង​សៀមរាប​។​

​យោងតាម​សេចក្ដីជូនដំណឹង​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ចុះផ្សាយ​នៅ​ថ្ងៃទី​១១​ខែឧសភា​ឆ្នាំ ២០១៨ នេះ បានអោយដឹងថា​កន្លង​ទៅ​ថ្មីៗ​នេះ មាន​បុគ្គល​មួយចំនួន​បានប្រកាស​ផ្សព្វផ្សាយ​លក់​ដីធ្លី នៅតាម​បណ្ដាញ​សង្គម ដោយ​លើកឡើងថា ដី​ទាំងនោះ បាន​កាត់​ចេញពី​រមណី​យ​ដ្ឋា​ន​អង្គរ និង​អាច សាងសង់​លំនៅឋាន​ស្រាល​បាន​ស្ថិតនៅ​ក្នុងភូមិ​អញ្ចាញ សង្កាត់​នគរធំ​ក្រុង​សៀមរាប​។​លិខិត​បាន​បន្ដ ថា ការលើកឡើង​រប​ស់បុ​គ្គល​នោះ​ជា​ព័ត៌មាន​ភូមិ​កុហក ដើម្បី​ជា​ប្រយោជន៍​បុគ្គល​ផ្ទាល់ខ្លួន ព្រោះ​រាល់ ការ​ទិញដូរ​សាងសង់​លំនៅឋាន​ទាំងអស់ ត្រូវមាន​ការអនុញ្ញាត​ពី​អាជ្ញាធរ​ជាតិ​អប្សរា ដែល​ធ្វើ​ឡើងទៅ តាម ផ្លូវច្បាប់​។​

​លិខិត​បាន​ព្រមាន​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ចំពោះ​បុគ្គល​ណា​ដែល​បន្ដ​ភូតកុហក សាធារណ ជន ក្នុង​គោលបំណង​កេងចំណេញ​ដីធ្លី​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​។

ដើម្បី​ជៀសវាង​ខូចខាត ប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ស្លូតត្រង់​អាជ្ញាធរ​ជាតិ​អប្សរា​បាន​អំពាវ ដល់​សាធារណជន​កុំអោយ ទិញ​ដី ក្នុង​រមណីយដ្ឋាន​អង្គរ ដូច​ព័ត៌មាន​បាន​ផ្សព្វផ្សាយ លក់​ដីធ្លី​នៅតាម​បណ្ដាញ​សង្គម ដែល​ស្ថិតនៅ​ភូមិ អញ្ចាញ សង្កាត់​នគរធំ ក្រុង​សៀមរាប​កន្លងទៅ​ថ្មីៗ​នេះ​ដោយ​លើកឡើងថា ព័ត៌មាន​នេះ​ជា​កលល្បិច បោកប្រាស់​របស់​មនុស្ស​មួយ​ក្ដាប់​តូច​ហើយ​អាជ្ញាធរ​ជាតិ​អប្សរា មិន​ទទួលស្គាល់​រាល់​ការខូចខាត​បាត​ប្រយោជន៍​របស់​សាធារណជន​ដែល​បាន​ទិញ​ដីធ្លី​ក្នុង​រមណីយដ្ឋាន​អង្គរ​នោះឡើយ​។​

ថ្មីៗ​នេះ​មាន​Page Facebook ឈ្មោះ Ear Heng Angkor មួយ​បានប្រកាស​លក់​ដីធ្លី​នៅ​តំបន់ រមណីយដ្ឋាន​អង្គរ​នេះ​។ ក្រុមហ៊ុន​នេះ​បានប្រកាសថា ខ្លួន​មាន​ដីឡូត៍ ពុះ​លក់ និង​បង់​រំ​លោះ នៅក្នុង តំបន់​ពី​នៃ​ឧទ្យាន​អង្គរ ដែលមាន​ចំងាយ​ជិត​ទីប្រជុំជន សណ្ឋាគារ​ល្បីៗ និង​ជិត​ផ្លូវ​៦០​ម៉ែត្រ ស្ថិតនៅ ភូមិ​អញ្ចាញ សង្កាត់​នគរធំ ក្រុង​សៀមរាប​។​

​ទោះ​យ៉ាងនេះ​ក្ដី នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ​យើង​មិនអាច​ទាក់ទង​ម្ចាស់​ក្រុមហ៊ុន Ear Heng Angkor នោះ បាន​នៅឡើយ​ទេ​ដោយ​ទូរស័ព្ទ​មិនអាច​ទាក់ទង​បាន​ចំណែក​ការផ្សាយ​ឃោសនា​តាម​បណ្តាញ​សង្គម​នោះ ក៏​គេ​រកឃើញថា ម្ចាស់ Page បាន​លុបចោល​។​

យោងតាម​ជំពូក ១ មាត្រា​៤ នៃ​ព្រះរាជ​ក្រិ​ត្យ​លេខ​០០១​ន ស ចុះ​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​១៩៩៤ ស្ដីពី​ការកំណត់ និង​ចាត់ចែង​គ្រប់គ្រង​តំបន់​សៀមរាប​អង្គរ និងសេចក្ដីសម្រេច​កាល​ពី ខែវិច្ឆិកា ឆ្នាំ​២០០៤ ស្ដីពី​កំណត់​បទដ្ឋាន​នៃ​ការប្រើប្រាស់​ដីធ្លី​ក្នុង​តំបន់​១ និង​តំបន់​២ ត្រូវ​ហាមឃាត់​ដាច់ខាត ចំពោះ​ការធ្វើសកម្មភាព​ទិញ​លក់​ដី​ក្នុង​គោលដៅ​ធ្វើ​អាជីវកម្ម យកចំណេញ​របស់​ក្រុមហ៊ុន និង​ឈ្មួញ ដើម្បី​យកទៅ​សាងសង់​សណ្ឋាគារ​ភោជនីយដ្ឋាន​និង​ខារ៉ាអូខេ​ជាដើម​៕