គ​.​ជ​.​ប ទិញ​ទឹកខ្មៅ​ជ្រលក់​ម្រាមដៃ​តម្លៃជាង៨០ម៉ឺនដុល្លារ សម្រាប់​ប្រើប្រាស់​ក្នុងការ​បោះឆ្នោត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 May, 2018 ក+ ក-

​ភ្នំពេញ ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត នៅ​កម្ពុជា ហៅ​កាត់​ថា គ​.​ជ​.​ប​. បាន សម្រេច​លើ​គម្រោង​ចំណាយ​ថវិកា​ជាង​៨០​ម៉ឺន​ដុល្លារ ដើម្បី​ទិញ​ទឹក​ថ្នាំ​ជ្រលក់​ម្រាមដៃ​ពី​ប្រទេស​ឥណ្ឌា សម្រាប់​យកមកប្រើ​ប្រាស់​ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦ ដែល​នឹង ប្រព្រឹត្តិ ទៅ នា​ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ ។​

​អគ្គលេខាធិការរង គ​.​ជ​.​ប លោក សោម សូ​រី​ដា បានបញ្ជាក់​ឲ្យ​ដឹងថា តាមរយៈ​ការប្រើប្រាស់ កន្លងមក គ​.​ជ​.​ប បាន​ពិនិត្យឃើញថា ទឹក​ថ្នាំ​ជ្រលក់​ម្រាមដៃ​របស់​ប្រទេស​ឥណ្ឌា មានគុណ​ភាពល្អ សម្រាប់​ប្រើប្រាស់​ក្នុងការ​បោះឆ្នោត ហើយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ក៏បាន​សម្រេច បញ្ជា​ទិញ​ទឹក​ថ្នាំ​ចំនួន ៥​ម៉ឺន​១​ពាន់ ដប​មានតម្លៃ​ប្រមាណ ៨០០.៧០០​ដុល្លារ​។

​លោក សោម សូ​រី​ដា បានបញ្ជាក់​បន្ថែមថា ចំនួន​ទឹក​ថ្នាំ​ដែល គ​.​ជ​.​ប គ្រោង​ទិញ​យកមកប្រើ ប្រាស់​សម្រាប់​ការបោះឆ្នោត​នេះ មាន​ចំនួន​កើនឡើង​ជាង​៤.០០០​ដប បើ​ធៀប​នឹង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ កាលពី​ឆ្នាំ​២០១៧ កន្លងមក ដែល គ​.​ជ​.​ប បាន​ទិញ​ចំនួន​៤៦.៥០០ ដប ដោយសារតែ​ការិយាល័យ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ អាណត្តិ​ទី​៦​នេះ មាន​ចំនួន ២២.៩៦៧ កន្លែង ខុសពី​ការបោះឆ្នោត​ឃុំ​-​សង្កាត់ ដែលមាន​ចំនួន​២២.១៤៨ កន្លែង​។​

ទាក់ទិន​នឹង​បញ្ហា​ថ្នាំ​ជ្រលក់​ម្រាមដៃ​នេះដែរ កាលពី​អំឡុងពេល​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ឆ្នាំ​២០១៧ កន្លងមក ក៏មាន​មជ្ឈដ្ឋាន​មួយចំនួន​មានការ​សង្ស័យ និង​ព្រួយបារម្ភ​ចំពោះ​គុណ ភាព​ទឹកខ្មៅ​ជ្រលក់​ដៃ​នេះដែរ ប៉ុន្តែ​មន្ទិលសង្ស័យ​ទាំងនោះ ត្រូវបាន គ​.​ជ​.​ប បើក​សិក្ខាសាលា​ឲ្យ​មានការ​ចូលរួម​ពិសោធ​ទឹក​ថ្នាំ​នេះ ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ជា​សាធារណៈ​។

​ដោយឡែក ទឹក​ថ្នាំ​ដែល​ទិញ​ពី​ប្រទេស​ឥណ្ឌា នាពេលនេះ លោក សោម សូ​រី​ដា បានបញ្ជាក់ ថា គ​.​ជ​.​ប នឹង​រៀបចំ​សិក្ខាសាលា​ជា​សាធារណ​មួយ សម្រាប់​ឲ្យ​គ្រប់ភាគី​ពាក់ព័ន្ធ រួមទាំង​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​ងារ​លើ​កិច្ចការ​បោះឆ្នោត បាន​ចូលរួម​ពិនិត្យ និង​សាកល្បង​ជ្រលក់​ម្រាមដៃ ដើម្បី​ពិសោធ​ទឹក​ថ្នាំ​នេះ ឲ្យ​អស់​មន្ទិលសង្ស័យ​។​

លោក​ ឌឹ​ម សុ​វណ្ណា​រុំ ធ្លាប់បាន​បញ្ជាក់ថា ដំណើរការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី​៦ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ គ​.​ជ​.​ប បាន​ត្រៀម​ចំណាយ ថវិកា ប្រមាណ​៥៣​លាន​ដុល្លារ ជាមួយគ្នានេះ រដ្ឋាភិបាល​ចិន និង​ជប៉ុន ក៏បាន​ប្រកាស​ផ្ដល់ជំនួយ​ជា​ថិ​វ​កា និង​បច្ចេកទេស សម្រាប់​ជួយ​ទ្រទ្រង់​ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា​នាពេល​ខាងមុខនេះ ផងដែរ​៕​