គ​.​ជ​.​ប ស្នើ​ឲ្យ​ក្រសួងមហាផ្ទៃ ចាត់វិធានការ​បុគ្គល​ណា​ប្រាប់​ពលរដ្ឋ​មិន​ឲ្យ​ទៅ​បោះឆ្នោត
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 May, 2018 ក+ ក-

​ភ្នំពេញ ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានប្រកាស​នៅ​ថ្ងៃទី​១៧​ឧសភា​នេះ​ថា ខ្លួន​បានស្នើ​ទៅ​ក្រសួងមហាផ្ទៃ​ឲ្យ​ចាត់វិធានការ​លើ​បុគ្គល​ណា ដែល​ប្រាប់​ពលរដ្ឋ​មិន​ឲ្យ​ទៅ​បោះឆ្នោត​នៅ​ថ្ងៃទី​២៩ ខែកក្កដា​ខាងមុខ​ស្របតាម​មាត្រា​៤១​នៃ​រដ្ឋធម្មនុញ្ញ​។ យ៉ាងណាក្តី អ្នកនាំពាក្យ​គ​.​ជ​.​ប លោក ហង្ស ពុទ្ធា បាន​អះអាងថា គជប​គ្មាន​ច្បាប់​ចំពោះ​ការ​អ្នក​ដែល​បាន​ទម្លាក់​សិទ្ធិ​មិន​ទៅ​បោះ​ឆ្នោ ត​នោះទេ​។

ការប្រកាស​ស្នើ​ទៅ​ក្រសួងមហាផ្ទៃ​ឲ្យ​ចាត់វិធានការ​នាពេលនេះ ដោយ​ផ្អែក​តាម មាត្រា​៤១​នៃ​រដ្ឋធម្មនុញ្ញ ដែល​ខ្លឹមសារ​នៃ​មាត្រា​នេះ​បញ្ញត្តិ​ថា ការអំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើពហិកា​ក្នុងការ​បោះឆ្នោត​តាមរយៈ​ចេតនា​ជំរុញ​ឲ្យ​មាន​ការចែក​ខិតប័ណ្ណ ដែល​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ និង​ដល់​សន្តិសុខ​ជាតិ​។

​ចំណាត់ការ​នេះ​ធ្វើឡើង​បន្ទាប់ពី​អតីត​គណបក្សប្រឆាំង​កំពុង​បន្ត អំពាវនាវ​សកម្មជន​នៅក្នុង​ស្រុក និង​ប្រជាពលរដ្ឋ​កុំ​ឲ្យ​ទៅ​បោះឆ្នោត​នាពេល​ខាង មុខ ដើម្បី​ឲ្យ​ចំនួន​អ្នកចូលរួម​បោះឆ្នោត​មាន​ចំនួន​តិចតួច​។

​នៅក្នុង​សន្និសីទកាសែត​នៅ​ព្រឹក​ថ្ងៃទី ១៧ ខែឧសភា នេះ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ​.​ជ​.​ប បាន​អះអាងថា ការប្រកាស​មិន​ចូលរួម​សង្កេតការណ៍​បោះឆ្នោត​ពី​សំណាក់​អង្គការ​គណៈកម្មាធិការ​ដើម្បី​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ ហៅ​កាត់​ថា ខុមហ្វ្រែល (Comfrel) និង​អង្គការ​និ​ច​ហ្វិ​ច អង្គការ​ទាំងពីរ​មិនអាច​ចេញ​សេចក្ដីថ្លែងការណ៍​ពី​ដំណើរការ​បោះឆ្នោត​នៅ​ថ្ងៃ​ខាងមុខ​បានឡើយ​។ ទោះបីជា​អង្គការ​ទាំងពីរ​មិនបាន​ចូលរួម​សង្កេតការណ៍​បោះឆ្នោត​យ៉ាងណាក៏ដោយ​ក៍​មិនមាន​អ្វី​ប៉ះពាល់​ដល់​ដំណើរការ​របស់​គជប​នោះដែរ ស្រប​ពេលដែល​អ្នក​សង្កេត​ជាតិ មកពី​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​ប្រមាន​ជាង​២០០០ បានដាក់​ពាក្យ​សង្កេតការណ៍​។

​លោក ហង្ស ពុទ្ធា បានបញ្ជាក់​ថា​ដែរ​ថា ការបោះឆ្នោត​មិនមែនជា​កម្មសិទ្ធិ​ផ្តាច់មុខ របស់​បក្ស​ណាមួយ​នោះទេ ហើយ​អត់​មាន​គណបក្សនយោបាយ​មួយ​ក៍មាន​គណបក្សនយោបាយ​ចំនួន​២០​ទៀត​ដែល​នឹងត្រូវ​ចូលរួម​ការបោះឆ្នោត​។​

​ក្នុង​កិច្ចប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ​នា​ព្រឹក​ថ្ងៃទី​១៧ ឧសភា នៅ​ទីស្តីការ​គជប ឯ​.​ឧ ទេព នីថា អគ្គលេខាធិការ គជប បាន​ឲ្យ​ដឹងថា រហូតមកដល់​ពេលនេះ​គជប​បានសម្រេច​ទទួលស្គាល់​គ​ណ​បក្សនយោបាយ​ចំនួន​៥​រួចហើយ ក្នុងនោះ​រួមមាន​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​យុវជន​កម្ពុជា គណបក្ស​សញ្ជាតិ​កម្ពុជា គណបក្ស​ខ្មែរ​រួបរួម​ជាតិ និង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​។ លោក បន្តថា គ​.​ជ​.​ប​នឹង​ប្រកាស​ទទួលស្គាល់​គណបក្ស​នយោបាយ​ចំនួន​៤​ទៀត​នៅ​ថ្ងៃទី​១៨ ខែឧសភា​ខាងមុខនេះ​។

​គណបក្ស​ទាំង​៤​រួមមាន​ទី​១- គណបក្ស​ខ្មែរ​តែមួយ ទី​២- គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ទី​៣-​គណបក្ស​ពន្លឺ​ថ្មី និង​ទី​៤- គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​។ ថ្ងៃទី​១៩ ខែឧសភា គ​.​ជ​.​ប នឹង​ពិនិត្យ​សម្រេច​គណបក្សនយោបាយ គឺ​គណបក្ស​សម្ព័ន្ធ ដើម្បី​ប្រជាធិបតេយ្យ ចំណែក​គណបក្ស​ចំនួន​១០​ទៀត​ដែល​បាន​ចុះបញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ចុងក្រោយ​នោះ​គ​.​ជ​.​ប​នឹង​ពិនិត្យ​សម្រេច​នៅ​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០១៨​ខាងមុខនេះ ។​

​ការបោះឆ្នោត​ជ្រើសតាំង​អ្នកតំណាងរាស្ត្រ​នីតិកាល​ទី​៦ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ មាន​មណ្ឌលបោះឆ្នោត​ចំនួន​២៥ មណ្ឌល​រាជធានី​ខេត្ត និង​ការ​រិ​យាយ​ល័យ​បោះឆ្នោត​សរុប​ចំនួន ២២.៩៦៧​ការិយាល័យ​។​បើ​យោងតាម​លទ្ធផល​នៃ​ការធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះឆ្នោត និង​ការចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១៧ សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​អ្នកតំណាងរាស្ត្រ​នីតិកាល​ទី​៦ ឆ្នាំ​២០១៨ ប្រជាពលរដ្ឋ​ដែលមាន​ឈ្មោះ​នៅក្នុង​បញ្ជី​បោះឆ្នោត​មាន​ចំនួន ៨​លាន ៣​សែន​៨​ម៉ឺន​២១៧​នាក់ ៕