ទួលស្លែង ប្រារព្ធ​ទិវា​ជាតិ​នៃ​ការចងចាំ ២០​ឧសភា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 May, 2018 ក+ ក-

​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​កម្ពុជា​ដែលមាន​វ័យ​ចាប់ពី​៤៥​ឆ្នាំ​ឡើងទៅ​សុទ្ធតែ​បានរស់នៅ​ក្នុង​របប ខ្មែរក្រហំ​ដែលជា​របប​មួយ​បង្ខំ​មនុស្ស​ឲ្យ​ធ្វើការ​ធ្ងន់ធ្ងរ បង្អត់អាហារ កាប់សម្លាប់ ធ្វើ​ទារុណកម្ម​រហូត​ស្លាប់ ចាប់​ពង្រាត់​ក្រុមគ្រួសារ ឲ្យ​ព្រាត់ប្រាស​គ្រួសារ កូនចៅ​ឪពុកម្តាយ ជីដូន​ជីតា ឈឺ​ថ្កាត់​គ្មាន​គ្រូពេទ្យ និង​ថ្នាំ​ព្យាបាល ជាដើម​។ ទើប​នៅ​ថ្ងៃ​២០​ខែឧសភា អ្នករស់នៅ​សល់​ពី​ស្លាប់ នៃ​របប​ខ្មែរក្រហម​នោះ នាំគ្នា​មកពី​គ្រប់​រាជធានី ខេត្ត ប្រារព្ធ​ទិវា​ជាតិ​នៃ​ការចងចាំ នៅ​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ទួលស្លែង​។​

អង្គភាព​គាំពារ​ជនរងគ្រោះ សហការ​ជាមួយ សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ទួលស្លែង និង​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ព្រមទាំង​ជនរងគ្រោះ ក្នុង​របប​ខ្មែរក្រហម​ជាង​១០០​នាក់ ប្រារព្ធ​ទិវា​ជាតិ​នៃ​ការចងចាំ ថ្ងៃទី​២០​ខែឧសភា​។​

​ប្រធាន​អង្គភាព​គាំពារ​ជនរងគ្រោះ​លោក ហង្ស វណ្ណៈ មានប្រសាសន៍ថា អ្នក​សល់​ពី​ការ មិន​ស្លាប់​ក្នុង​របប​ខ្មែរក្រហម បានមក​ជួបជុំគ្នា​ប្រារព្ធ​ទិវា​ជាតិ​នៃ​ការចងចាំ ដើម្បី​ធ្វើបុណ្យ​រំលឹក​គុណ​ដល់​អ្នក​ដែល​បាត់​បង់ជីវិត​ក្នុងសម័យ​ខ្មែរក្រហម ហើយក៏​ចង់​បង្ហាញជូន ក្មេង ជំនាន់ ឲ្យ​រៀនសូត្រ​ពី​រឿងរ៉ាវ​ដែល​បាន​កើតឡើង​នៅ​សម័យ​ខ្មែរក្រហម ហើយ​គួរ​ចៀសវាង នៅ​ថ្ងៃ​អនាគត​។ បច្ចុប្បន្ន ជនរងគ្រោះ​បានទទួល​សំណង​ជា​ស្តូប ដែល​សម្រាប់​គោរព វិញ្ញាណក្ខន្ធ នៅក្នុង​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ទួលស្លែង និង​សំណង​ទិវា​ជាតិ នៃ​ការចងចាំ​២០​ឧសភា ដែល​កំពុង​ប្រារ​ព​នៅថ្ងៃនេះ​។

​ជនរងគ្រោះ ជា​អតីត​អ្នកទោស​គុក​ទួលស្លែង ឬ​ហៅថា ស​២១ លោក ជុំ ម៉ី អាយុ​៨៧​ឆ្នាំ មានប្រសាសន៍​រំលឹក ប្រវត្តិ​ដែល​គាត់​ក្លាយជា​អ្នកទោស​គុក​ទួលស្លែង​ថា នៅ​សម័យ​សង្គមរាស្ត្រនិយម គាត់​ជាម​ន្ត្រី​ក្រសួង​សា​ធា​រៈការ ដែល​ជំនាញ​ជួសជុល គ្រឿងយន្ត​។ នៅ​ថ្ងៃ​១៧​មេសា ឆ្នាំ​១៩៧៥ ពួក​ខ្មែរក្រហម បាន​ជន្លៀស​ក្រុមគ្រួសារ​គាត់ ទៅដល់​ព្រែក​ព្នៅ​។ នៅ​ទីនោះ​កូនប្រុស​ពៅ​គាត់ ឈឺ​ក្តៅខ្លួន​រហូត​ស្លាប់ ដោយ​គ្មាន​ថ្នាំ​ព្យាបាល​។ គាត់​មិនទាន់បាន​កប់ស​ពកូន​ផង ក៏​ត្រូវបាន​អង្គការ​ខ្មែរក្រហម ហៅ​ទៅ​ឲ្យ​ជួសជុល​ម៉ាស៊ីនដេរ នៅ​ផ្សារ​អូ​ឬ​ស្សី​។ នៅ​ថ្ងៃ​២៨ ខែតុលា​ឆ្នាំ​១៩៧៨ មេក្រុម​ខ្មែរក្រហម បា​នប​ញ្ចូ​ន​គាត់ មកកាន់​គុក​ទួលស្លែង ធ្វើ​ទារុណកម្ម ដោយ​ប្រាប់​គាត់​ថា​ទៅ​ជួយ​ជួសជុល​ឡាន​នៅ​វៀតណាម​។

​ប្រធាន​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ទួលស្លែង លោក ឆាយ វិសុទ្ធ ថ្លែងថា ការ​ប្រារព្ធ​ទិវា​ចងកំហឹង នៅ​គុក​ទួលស្លែង​បានធ្វើ​លើកដំបូង​នៅ​ឆ្នាំ​១៩៨៤​គ្រប់​ឃុំ​ស្រុក​។ ប៉ុន្តែ​ឆ្នាំក្រោយៗ​មក ការ​ប្រារព្ធ​ទិវា​ចងកំហឹង​នោះ មិនបាន​អចិន្ត្រៃយ៍​ទេ​។ ទើបតែ​អង្គ ជំនុំជម្រះ​វិសាមញ្ញ ក្នុង​តុលាការ​កម្ពុជា កាត់ក្តី​ដោយ​ផ្តល់​ជា​សំណង​ជូន​ជនរងគ្រោះ ក្នុង​របប​ខ្មែរក្រហម នូវ​ថ្ងៃ​២០​ខែឧសភា ជា​ទិវា​ជាតិ​នៃ​ការចងចាំ ដោយ​ប្រែពាក្យ​ពី ទិវា​ចងកំហឹង មកជា​ទី​វា​នៃ​ការចងចាំ​។ ​នៅ​ឆ្នាំ​២០១៨​នេះ បាន​ប្រារព្ធ​ទិវា​ជាតិ​នៃ​ការចងចាំ ប្រារព្ធ​លើកដំបូង​និង​អចិន្ត្រៃយ៍ ចាប់ពី​ឆ្នាំ​២០១៨​ដោយ​ដាក់​កំណត់​ជា​បុណ្យជាតិ​មួយ​។

​តំណាង​ដើម​បណ្តឹងរដ្ឋប្បវេណី លោក ចាន់ សាធ ជា​អតិ​ត​និស្សិត​ក្នុងសម័យ​សង្គម​រាស្ត្រ និយម បច្ចុប្បន្ន​ជាម​ន្ត្រី ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់ ខេត្តពោធិសាត់ ថ្លែងថា ជនរងគ្រោះ​ដែល​ក្រុម​និយម​ប៉ុលពត​សម្លាប់ មាន​គ្រប់កន្លែង​គ្រប់​ឃុំ ស្រុក ខេត្ត​។ លោក​ចង់​ឲ្យ​ការ​ប្រារព្ធ​ទិវា​ជាតិ​នៃ​ការចងចាំ ពង្រីក​ការ​ប្រារព្ធ​នៅ​គ្រប់កន្លែង កុំ​ឲ្យ​ប្រារព្ធ តែ​នៅ​កន្លែង ទួលស្លែង និង​ជើងឯក ដែល​គេ​ដឹង​ឭ​គ្រប់គ្នា ដើម្បី​ឲ្យ​យុវជន​ជំនាន់​ក្រោយ រស់នៅ​ជនបទ បានដឹង​រឿងរ៉ាវ​នោះ​កាន់តែច្រើន​ទៀត​។​

​បន្ថែម​លើ​នោះ ប្រធាន​សារមន្ទីរ​សារ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ទួលស្លែង លោក ឆាយ វិសុទ្ធ អំពាវនាវ​ឲ្យ​ឪពុកម្តាយ ដែល​នៅរស់​ក្រោយ​របប​ខ្មែរក្រហម នាំ​កូនចៅ​មក​ទស្សនា​គុក​ទួលស្លែង ហើយ​ចែករំលែក​ប្រវត្តិ​តស៊ូ រហូត​រូបគាត់​អាច​នៅរស់​រានមាន​អាយុជីវិត ហើយ​បង្កើតជា​ក្រុមគ្រួសារ​មកដល់ពេលនេះ ដើម្បី​ទុកជា​ប្រវត្តិសាស្ត្រ​ប្រចាំ គ្រួសារ​និង​សង្គម​៕