ធុរជន​កម្ពុជា ត្រៀមខ្លួន​ទទួល​វិនិយោគិន​ឥណ្ឌា​បន្ទាប់ពី​កិច្ចប្រជុំ India-CLMV
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 May, 2018 ក+ ក-

​ភ្នំពេញ ៖ ធុរជន​កម្ពុជា ជាច្រើន​ដែល​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​ពាណិជ្ជកម្ម India-CLMV បានបង្ហាញ​ពី​ការត្រៀមខ្លួន​ទទួល​នូវ​វិនិយោគិន​ឥណ្ឌា​និង​ប្រទេស​បី​ផ្សេងទៀត​បន្ថែម ក្រោយពេល​កិច្ចប្រជុំ​នេះ​បានបញ្ចប់ ។

​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​នៃ​បណ្ដា​ប្រទេស ឥណ្ឌា កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា និង​វៀតណាម បានចាប់ផ្ដើម​ជា​ផ្លូវការ​នៅ​ថ្ងៃទី​២១ ឧសភា ២០១៨ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ ដោយ​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ​ក្នុង​កិច្ចប្រជុំ​លើក​ទី​៥​នេះ ។​នៅក្នុង​ដំណើរការ​កិច្ចប្រជុំ​នេះដែរ គេ​ឃើញ​មាន​ធុរជន​មកពី​បណ្ដា​ប្រទេស​ទាំង​នោះបាន​ចូលរួម ជាពិសេស​នោះ ធុរជន​កម្ពុជា​ជាច្រើន​ក៏បាន​ចូលរួម​ដែរ ព្រមទាំង​បង្ហាញ​ពី​សុទិដ្ឋិនិយម ចំពោះ កិច្ចប្រជុំ​ពាណិជ្ជកម្ម​លើក​នេះ ហើយ​បាន​លើកឡើងថា នឹង​ត្រៀមខ្លួន​សម្រាប់​ទទួល​វិនិយោគិន​ពី​ប្រទេស​ឥណ្ឌា ក៏ដូចជា​ប្រទេស ទាំង​៣​ផ្សេងទៀត ។

​លោក​ឧកញ៉ា លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា បាន​មានប្រសាសន៍ថា ឥណ្ឌា​គឺជា​មហាអំណាច​សេដ្ឋកិច្ច​មួយ​នៅក្នុង​តំបន់ ហើយ​ឥណ្ឌា​ក៏​ជា​ប្រទេស​ដែលមាន​សក្ដានុពល​សេដ្ឋកិច្ច​មួយ សម្រាប់​អោយ​វិនិយោគិន​របស់​ទៅ​បណ្ដាក់ទុន​វិនិយោគ​នៅ​បណ្ដា​ប្រទេស​នានា​តាម​ដង​ទន្លេមេគង្គ​ដូចជា​ប្រទេស មី​យ៉ាន់​ម៉ា ឡាវ វៀតណាម និង​កម្ពុជា​ជាដើម ។

​លោក​ឧកញ៉ា​បន្តថា កម្ពុជា​បាន​ត្រៀម​រួចហើយ​ក្នុង​ការទទួល​ពួកគេ​មក​វិនិយោគ តួយ៉ាង​កម្ពុ​ជាមាន​ស្ថេរភាព​នយោបាយ កំណើនសេដ្ឋកិច្ច និង​ច្បាប់​វិនិយោគ​ក៏បាន​បើកទូលាយ​ចំពោះ​វិនិយោគិន​បរទេស​ផងដែរ ។

​លោក​ឧកញ៉ា វ៉ាន់ សូ​អៀង ប្រធាន​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា បាន​មានប្រសាសន៍​ផងដែរ​ថា នៅក្នុង​វិស័យ​កាត់ដេរ ឥណ្ឌា​ក៏​ជា​ប្រទេស​មាន​សក្ដានុពល​ខ្ពស់​មួយ​ផងដែរ ក្នុងនោះ​បច្ចុប្បន្ន​ឥណ្ឌា​ប្រទេស​អ្នកលក់​និង​អ្នកទិញ​ផលិតផល​ក្នុង​វិស័យ​វាយនភ័ណ្ឌ​សម្លៀកបំពាក់ ដូចនេះ​ឥណ្ឌា​អាច​នឹង​មក​វិនិយោគ​វិស័យនេះ នៅក្នុង​ប្រទេស​កម្ពុជា​ស្របពេល​កំលាំង​ពលកម្ម​យើង​នៅមានកម្រិត​ទាប​ជាងគេ​បន្តិច ។​

​លោក​ឧកញ៉ា​បន្តថា កាលពីមុន​វិស័យ​កាត់ដេរ ភាគច្រើន​គេ​វិនិយោគ​នៅក្នុង​ប្រទេស​ចិន តែ​ដោយសារតែ​ប្រទេស​ចិន​មាន​កម្លាំង​ពលកម្ម​ឡើងថ្លៃ វិនិយោគិន​បាន​ងាក​ទៅ​បណ្ដា​ប្រទេស​អាស៊ាន និង​ឥណ្ឌា ។ ចំណែក​ឥណ្ឌា បច្ចុប្បន្ននេះ​ជា​ប្រទេសមួយ​ដែល​ផលិត​វត្ថុធាតុដើម​ក្នុង​វិស័យ​កាត់ដេរ​ច្រើន ដូចនេះ​នៅ​ថ្ងៃ​អនាគត​កម្ពុជា អាច​នឹង​នាំ វត្ថុធាតុដើម​ក្នុង​វិស័យ​កាត់ដេរ​ពី​ប្រទេស​ឥណ្ឌា​ច្រើនជាង​ពី​ចិន តៃវ៉ាន់ វិញ​។​

​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង តំណាង​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន បាន​មានប្រសាសន៍​អោយដឹងថា តាមរយៈ​វេទិកា​ធុរកិច្ច​នេះ ជា​ផែនការ​ចង្អុល​ផ្លូវ​យ៉ាងសំខាន់ សម្រាប់​ការអភិវឌ្ឍ សេដ្ឋកិច្ច​រវាង​ប្រទេស​ឥណ្ឌា និង​ប្រទេស CLMV ។​

​គួរ​បញ្ជាក់ថា កិច្ចប្រជុំ​ពាណិជ្ជ​កម្មនេះ នឹង​ផ្ដល់នូវ​អត្ថប្រយោជន៍​និង​យុទ្ធសាស្ត្រ​ដល់​កម្ពុជា ជាច្រើន ក្រោម​កិច្ចសហប្រតិបត្តិការ​ស​មា​ហ​រណកម្ម​ក្នុង​តំបន់ លើ​វិស័យ​ពាណិជ្ជកម្ម សេដ្ឋកិច្ច ឧស្សាហកម្ម កសិកម្ម សុខាភិបាល ទេសចរណ៍ ដឹកជញ្ជូន អចលនទ្រព្យ អប់រំ​ព័ត៌មានវិទ្យា បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​រវាង​ប្រទេស​ទាំង​៥ India-CLMV ៕​