ភ្នំពេញ​-​ប៉េកាំង ចុះ​កិច្ចព្រមព្រៀង​ចង​សម្ព​ន្ធ័​មេត្រីភាព​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 May, 2018 ក+ ក-

​ភ្នំពេញ ៖ រាជធានី​ភ្នំពេញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋធានី​ប៉េកាំង​នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន បានសំរេច​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្តីពី​ការបង្កើត​ទីក្រុង​សម្ព​ន្ធ័​មេត្រីភាព រវាង​ទីក្រុង​ទាំង​២​។​

​ពិធី​ចុះហត្ថលេខា​នេះ​បាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០១៨​នៅ​សាលា​រាជធានី​ភ្នំពេញ រវាង លោក ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​លោកជំទាវ​ឈី ជី​ង សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​បក្ស​កុម្មុយនីស្ត ចិន ប្រចាំ​រដ្ឋធានី ប៉េកាំង និង​ជា​អគ្គនាយក​នៃ​នាយកដ្ឋាន​រណសិរ្ស​រួបរួម​នៃ​គណៈកម្មាធិការ​បក្ស​កុម្មុយនីស្ត ចិន​និង​មានការ​ចូលរួម​ពី​មន្ត្រីរាជការ​អ្នកមុខអ្នកការ​ជាច្រើនរូប​ទៀត​ដោយ​ភាព​ស្និត​ស្នាល​និង​មិត្តភាព​។​

​តាមរយៈ​អនុស្សារណៈ​មួយ​នេះ បានបញ្ជាក់​ពី​ការបោះ​ជំ​ហ៊ាន​ទៅមុខ​១​កម្រិត​ទៀត រដ្ឋបាល​រាជធានី​ភ្នំពេញ​ក្នុងការ​ចងសម្ព័ន្ធភាព​លើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ទីក្រុង​ប៉េកាំង ដែលជា​ទីក្រុង​ទី​៧​របស់​ប្រទេស​ចិន​ដែល​រាជធានី​ភ្នំពេញ​បាន​ចុះហត្ថលេខា​ចងសម្ព័ន្ធ​មេត្រី​។
​ការ​ចងសម្ព័ន្ធភាព ក្នុង​បំណង​ដើម្បី​ពង្រឹង​និង​ពង្រីក​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​លើ​ការអភិវឌ្ឍ​ន៏​ទីក្រុង​អោយ​កាន់តែ​មានការ​វិវឌ្ឍន៍​រីកចំរើន​ស្របតាម​គោលនយោបាយ​នៃ​កិច្ច​សហ​ប្រតិ ប​ត្តិ​ការ​គ្រប់​ជ្រុងជ្រោយ​ដែល​ដាក់ចេញ​ដោយ​ប្រមុខ ប្រមុខ​រដ្ឋាភិបាល​ទាំងពីរ គឺ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន និង​លោក ប្រធានាធិបតី ស៊ី ជិន​ពីង​។​

​នាឱកាស​នោះ លោក ឃួ​ង ស្រេង បាន​ថ្លែងថា​ផ្តើមចេញពី​ទំនាក់ទំនង​ការទូត​ដ៏​យូ​លង់​កត់សំគាល់ថា កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​ប្រទេស​ទាំង​២​កាន់តែ​មាន​ភាព​ស៊ី​ជំរៅ ស្អិតរ​មួ​ត​លើ​គ្រប់​វិស័យ​ចាប់តាំងពី​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រហូត​ក្លាយជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ក្នុង​ឆ្នាំ​២០១០ បន្ទាប់ពី​ជំនួប​រវាង​ថ្នាក់ដឹកនាំ​កំពូល​ទាំងពីរ​រួចមក​។​

​លោក អភិបាល​បន្តថា​សំរាប់​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​បង្កើត​ទីក្រុង​សម្ព​ន្ធ័​មេត្រី​នាពេលនេះ ធ្វើឡើង​ក្នុង​ឆ្នាំ​មិត្តភាព​ខួប​លើក​ទី​៦០​នៃ​ទំនាក់ទំនង​ការទូត​កម្ពុជា​-​ចិន​ដែល​នេះ​គឺជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​១​បង្ហាញ​ពី​កិច្ចសហប្រតិបត្តិការ​ទាំ​ង​ក្នុង​កំរិត​រដ្ឋបាល​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ ក្នុងនោះ​រដ្ឋធានី​ប៉េកាំង បានក្លាយ​ជាទី​ក្រុង​សម្ព​ន្ធ័​មេត្រី​ទី​៧​របស់​រាជធានី​ភ្នំពេញ​ក្នុងចំណោម​ទីក្រុង​ក្នុងប្រទេស​ចិន​ដែល​បាន​ចុះហត្ថលេខា​ចង​សម្ព​ន្ធ័​មេត្រី​រួចហើយ​។

​ជាមួយគ្នា​នោះដែរ លោកជំទាវ ឈី ជី​ង បានចាត់ទុក​ចំណងមិត្តភាព​កម្ពុជា​-​ចិន​គឺជា​មិត្ត​ដ៏​ល្អ និង​ជា​ដៃគូ​រួមសុខទុក្ខ​ជាមួយគ្នា ជួយ​គ្នា​ទៅវិញទៅមក​អស់​រយៈពេល​៦០​ឆ្នាំ​មកហើយ​។​លោកជំទាវ​បញ្ជាក់ថា កន្លងមក ទីក្រុង​ប៉េកាំង​តែង​យកចិត្តទុកដាក់​ចំពោះ​រាជធានី​ភ្នំពេញ​។​ថ្ងៃនេះ​គឺជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​ដែល​ទីក្រុង​ទាំង​២​ប៉េកាំង​-​ភ្នំពេញ​បាន​ចុះហត្ថលេខា​ចង​សម្ព​ន្ធ័​មេត្រី​ជាមួយគ្នា​គឺ​ឈាន​ចូលដល់​ដំណាក់កាល​អភិវឌ្ឍ​ន៏​ផ្លាស់ប្តូរ​បទពិសោធ​ន៏​ក្នុងការ​អភិវឌ្ឍ​ន៏​ទីក្រុង​ឱ្យ​កាន់តែ​រីកចំរើន​ថែមទៀត​។​

​សូមបញ្ជាក់ថា កិច្ចព្រមព្រៀង​នេះ បាន​បោះ​ចេញ​ជា​៣​ភាសារ គឺ​ខ្មែរ​.​ចិន​.​និង​អង់គ្លេស ហើយ​ភាគី​ទាំង​២​នឹង​អនុវត្ត​នូវ​គោល​ការ​ណ៏​នៃ​ភាពស្មើគ្នា​និង​ផល​ប្រ​យោ​ជ​ន៏​រួម​ទ្វេភាគី តាមរយៈ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ សេដ្ឋកិច្ច​វប្បធម៌​អប់រំ​វិទ្យាសាស្ត្រ​បច្ចេកវិទ្យា​និង​បរិស្ថាន​ជាដើម​។ កិច្ចព្រមព្រៀង​នេះ​មាន​សុពលភាព​៥​ឆ្នាំ​គិត​ចាប់​ពីថ្ងៃ​ចុះហត្ថលេខា​នេះ​តទៅ​៕​