​ប្រធានាធិបតី កូរ៉េខាងត្បូង បាន​ទៅដល់​អាមេរិក ហើយ​!
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 May, 2018 ក+ ក-

ប្រធានាធិបតី កូរ៉េខាងត្បូង បាន​ទៅដល់ សហរដ្ឋអាមេរិក ក្នុង​ដំណើរ​ទស្សនកិច្ច​ដ៏​សំខាន់​មួយ មុនពេល​សន្និសីទ​ពិសេស​រវាង​មេដឹកនាំ​ជា​គូរ​សត្រូវ​ប្រវត្តិសាស្ត្រ គឺ សហរដ្ឋអាមេរិក និង កូរ៉េខាងជើង ដែលមាន​គម្រោង​ធ្វើឡើង​នៅ​ថ្ងៃទី 12 ខែ មិថុនា ខាងមុខនេះ​។​

​ប្រធានាធិបតី កូរ៉េខាងត្បូង លោក មូ​ន ចេ​-​អ៊ី​ន ជួប​ជាមួយ​ប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃ​អង្គារ ទី 22 ឧសភា​នេះ ក្នុង​ទីក្រុង វ៉ាស៊ីនតោន មុនពេល​លោក ដូ​ណា​ល់ ត្រាំ ជួប​ជាមួយ​លោក គីម ជុង​អ៊ុន នៅ​ថ្ងៃទី 12 ខែ មិថុនា ក្នុងប្រទេស សិង្ហ​បុរី ។

​ជំនួប​រវាង​មេដឹកនាំ​សម្ព័ន្ធមិត្ត​ទាំងពីរ ធ្វើឡើង​មួយថ្ងៃ​មុនពេល កូរ៉េខាងជើង រុះរើ​ទីកន្លែង​សាកល្បង​អាវុធ​នុយក្លេអ៊ែរ ដែល​បានកំណត់​ពេលវេលា​ធ្វើឡើង​នៅ​ថ្ងៃទី 23 ដល់​ថ្ងៃទី 25 ខែ មិថុនា ។ ការបំផ្លាញ​ទីកន្លែង​សាកល្បង​អាវុធ​នុយក្លេអ៊ែរ រួមមាន ការបំផ្លាញ​ផ្លូវ​ក្រោម​ដី​ទាំងអស់ ក្នុង​តំបន់ ពុង​ចេ​-​រី ដោយ​ការ​បំផ្ទុះ​គ្រាប់ បំផ្លាញ​ទីតាំង​តាមដាន និង​អគារ​ផ្សេងៗ ដែល​ប្រើប្រាស់​ជា​ប៉ម​ត្រួតពិនិត្យ ។

​មុនពេល​ជួបគ្នា​ដោយផ្ទាល់​, លោក ដូ​ណា​ល់ ត្រាំ និង​លោក មូ​ន ចេ​-​អ៊ី​ន បាន​ជួបគ្នា​តាម​ទូរស័ព្ទ ដោយ​សន្ទនា​ផ្តោតទៅលើ​បញ្ហា​ប្រទេស កូរ៉េខាងជើង ពិសេស​កម្ម​ភាពជាក់លាក់​ទាំងឡាយ ដូចជា​ការរុះរើ​ទីកន្លែង​សាកល្បង​គ្រាប់បែកនុយក្លេអ៊ែរ​ជាដើម ។

​មេដឹកនាំ​ទាំងពីរ ព្រមព្រៀង​ទៅលើ​កិច្ច​ការរួម​ដែល​កាន់តែ​ជិតស្និត ពិសេស​កិច្ច​ការដែល​ត្រូវធ្វើ​មុនពេល​សន្និសីទ​ថ្ងៃទី 12 ខែមិថុនា ជាមួយ​លោក គីម ជុង​អ៊ុន ក្នុងប្រទេស សឹង្ហ​បុរី ដែលជា​ជំនួប​ដំបូង ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​ទាំងពីរ​៕