៤​ខែ​ដើម​ឆ្នាំនេះ កម្ពុជា​រក​ចំណូល​ពី​ពន្ធអាករ​បាន​ជាង ៩០៩​លាន​ដុល្លារ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 May, 2018 ក+ ក-

​ភ្នំពេញ ៖ អគ្គនាយកដ្ឋាន​ពន្ធដា​រ បាន​បង្ហាញថា ការប្រមូល​ចំណូល​ពន្ធ​-​អាករ​គ្រប់​ប្រភេទ ក្នុង​រយៈពេល​៤​ខែ ដើមឆ្នាំ​២០១៨ មាន​ចំនួន​ជាង​៩០៩​លាន​ដុល្លារ​អាមេរិក គឺ​កើនឡើង​ប្រមាណ​១២​ភាគរយ ធៀប​នឹង​ឆ្នាំមុន ដែល​ការប្រមូល​ពន្ធ​នាពេល​បច្ចុប្បន្ន គឺ​ត្រូវបាន​ធ្វើឡើង​តាម​ប្រព័ន្ធគ្រប់គ្រង​ទិន្នន័យ​ចំណូល​អន​ឡាញ ។

បើតាម​ការ​ថ្លែង​បញ្ជាក់​របស់ ឯកឧត្តម គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ កាលពី​ថ្ងៃទី​២១​ខែឧសភា ឆ្នាំ​២០១៨ នៅក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ប្រមូល​ចំណូល​ពន្ធ​ប្រចាំ​ខែមេសា ឆ្នាំ​២០១៨ បង្ហាញថា ក្នុង​ខែមេសា ឆ្នាំ​២០១៨​កន្លងមកនេះ អគ្គនាយកដ្ឋាន​ពន្ធដា​រ បាន​ប្រមូល​ចំណូល​ពន្ធ​-​អាករ​គ្រប់​ប្រភេទ តាម​ប្រព័ន្ធគ្រប់គ្រង​ទិន្នន័យ​ចំណូល​អន​ឡាញ (Online) បាន​ចំនួន ជាង​៥៩២​ពាន់​៧​រយ លាន​រៀល ស្មើនឹង​ជាង ១៤៨​លាន​១​សែន​៧​ម៉ឺន​ដុល្លារ​អាមេរិក​។ ចំនួន​នេះ ស្នើ​នឹង​៧.៧% នៃ​ផែនការ​ច្បាប់​។

​បើ​ប្រៀបធៀប​ទៅនឹង​ចំណូល​ខែមេសា កាលពី​ឆ្នាំ​២០១៧ ឃើញថា ការប្រមូល​ចំណូល​ពន្ធ​-​អាករ​គ្រប់​ប្រភេទ​ក្នុង​ខែមេសា ឆ្នាំ​២០១៨ កើនឡើង​ប្រមាណ ១៧​លាន​៦​សែន​៨​ម៉ឺន ដុល្លារ​អាមេរិក ស្មើនឹង ១៣.៥៥%​។

​ដោយឡែក បើ​គិត​សរុប​ក្នុង​រយៈពេល​៤​ខែ​ដើមឆ្នាំ​២០១៨ ចំណូល​ពន្ធ​-​អាករ​គ្រប់​ប្រភេទ​ដែល​អគ្គនាយកដ្ឋាន​ពន្ធ​ដារ ប្រមូលបាន​មាន​ចំនួន ជាង​ប្រមាណ​៩០៩​លាន​៥​សែន​៧​ម៉ឺន​ដុល្លារ​អាមេរិក ស្មើ​ប្រមាណ​ជា ៤៧.២៩% នៃ​ផែនការ​កំណត់ដោយ​ច្បាប់​។ ប្រសិនបើ​ប្រៀបធៀប​នឹង ៤​ខែ​ដើម​កាលពី​ឆ្នាំ​២០១៧ ឃើញថា​ការប្រមូល​ពន្ធ​-​អាករ​គ្រប់​ប្រភេទ ក្នុង​រយៈពេល​៤​ខែ ឆ្នាំ​២០១៨ កើនឡើង ប្រមាណ​១២.០១% រឺ​ស្មើនឹង ៩៧​លាន​៤​សែន​៩​ម៉ឺន​ដុល្លារ​អាមេរិក​។

​គួរ​បញ្ជាក់ថា ដើម្បី​ជម្រុញ​ជា​អតិបរមា ឱ្យ​អ្នក​ជាប់ពន្ធ​ទាំងឡាយ​ចូលរួម​កិច្ចសហការ​ល្អ​ក្នុងការ​បង់ពន្ធ​អោយបាន​ត្រឹមត្រូវ អគ្គនាយកដ្ឋាន​ពន្ធដា​រ បានដាក់​ចេញ​នូវ​វិធានការ​មួយចំនួន ដូចជា​៖ ការបន្ត​អនុវត្ត​យុទ្ធសាស្ត្រ​កៀរគរ​ចំណូល​រយៈពេល​មធ្យមរ​បស់​រាជរដ្ឋាភិបាល ឆ្នាំ​២០១៤-២០១៨ ។ ការបន្ត​ពង្រឹង​ការចុះបញ្ជី​ពន្ធដារ និង​ធ្វើ​បច្ចុប្បន្នភាព​ព័ត៌មាន​សហគ្រាស ឱ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត​។

ការប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​នូវ​ប្រព័ន្ធ​តាមដាន​ឯកសារ ហៅថា Document Tracking System ទូទាំង​គ្រប់​អង្គភាព​ក្រោម​ឱវាទ​អគ្គនាយកដ្ឋាន​ពន្ធដារ ក្នុង​គោលដៅ​ពង្រឹង​ការផ្តល់​សេវាសាធារណៈ​ជូន​អ្នក​ជាប់ពន្ធ ដោយ​ផ្តល់​លទ្ធភាព​ឱ្យ​អ្នក​ជាប់ពន្ធ​អាច​ដឹង​ពី​ស្ថានភាព នៃ​ឯកសារ​ដែល​ពួកគាត់​បានដាក់​ចូលមក​អគ្គនាយកដ្ឋាន​ពន្ធដា​រ និង​បន្តធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​ព័ត៌មានវិទ្យា ដោយ​អភិវឌ្ឍ​គ្រប់គ្រង​ការប្រមូល​ពន្ធ តាម​បច្ចេកវិទ្យា​ព័ត៌មាន បន្ថែមទៀត​ជាដើម ៕