នាយករដ្ឋមន្ត្រី​កម្ពុជា ៖ កំណើន​វិស័យ​ឧស្សា​កម្ម​កាត់ដេរ ស្ថិតក្នុង​ចក្ខុវិស័យ​ពង្រីក​រោងចក្រ​ជិត​២០​ឆ្នាំ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 May, 2018 ក+ ក-

​កំពង់ស្ពឺ ៖ នៅ​ព្រឹក​ថ្ងៃ​ពុធ នេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ថ្លែង​នៅក្នុងពេល​ជួប​ជាមួយ​កម្មករ កម្មការិនី រោងចក្រ​ក្នុង​ខេត្តកំពង់ស្ពឺ​ថា វិស័យ​ឧស្សាហកម្ម​កាត់ដេរ នៅក្នុង​ខេត្តកំពង់ស្ពឺ​មានការ​រីកចម្រើន​ខ្លាំង ចាប់តាំងពី​ពេល​កម្ពុ​ជាមាន​សុខសន្តិភាព​ពេញលេញ ជាពិសេស​ក៏ដោយ​សារ​តែមាន​ការដាក់​ចេញ​នូវ​ចក្ខុវិស័យ​ពង្រីក​រោងចក្រ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ដែល​ត្រូវបាន​អនុវត្ត​ជិត​២០​ឆ្នាំ​មកហើយ​។​

​នា​ព្រឹក​ថ្ងៃ​ពុធ ទី​២៣ ខែឧសភា នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​បន្ត​ចុះ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី​រោងចក្រ សរុប ជិត​២​ម៉ឺន​នាក់​ទៀត មកពី​រោងចក្រ សហគ្រាស​ចំនួន​១៧​នៅក្នុង​ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​។ ដូចនេះ បើ​គិត​ចាប់តាំងពី​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៧ រហូតដល់​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០១៨ នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ជួប​ផ្ទាល់​ជាមួយ កម្មករ កម្មការិនី ចំនួន​៤២​លើក ដែលមាន​កម្មករ កម្មការិនី​សរុប​ជាង​៥២​ម៉ឺន​៤​ពាន់​នាក់​។

​សកម្ម​ភាពចុះ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី​ទាំង​ក្នុង​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​នេះ គឺមាន​គោលបំណង​ស្វែងយល់​ពី​សុខទុក្ខ និង​ដោះស្រាយ​ទុក្ខលំបាក​របស់​កម្មករ កម្មការិនី និង​ដើម្បី​ជំរុញ​ការរីកចម្រើន​បន្ថែមទៀត​លើ​វិស័យ​ឧស្សាហកម្ម ដែលជា​វិស័យ​ដ៏​សំខាន់​ក្នុងការ​ជំរុញ​សេដ្ឋកិច្ចជាតិ​។ តាមរយៈ​ជំនួប​ជា​បន្តបន្ទាប់​នេះដែរ ក៏បាន​ធ្វើ​ឲ្យ​បរិយាកាស​ការងារ​នៅតាម​រោងចក្រ សហគ្រាស​មាន​ភាពល្អប្រសើ​រ ទាំង​ការ​តម្លើង​ប្រាក់ខែ​អ​ប្បរមារ​១៧០​ដុល្លារ រួម​និង គោលនយោបាយ​គាំពារ​សង្គម​ជាច្រើន​ទៀត​ដែល​សម្រួល​ដល់​ជីវភាព​របស់ កម្មករ កម្មការិនី​។

​ក្នុងនោះ គិត​ចាប់តាំងពី​ថ្ងៃទី​០១ ខែមករា ដល់​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៨ រាចរដ្ឋាភិបាល បាន​ចំណាយ​កញ្ចប់​ថវិកា​៨​ពាន់​៦​រយ​លាន​រៀល សម្រាប់​ផ្តល់ប្រាក់​ឧបត្ថម្ភ​ដល់​កម្មការិនី សម្រាលកូន ចំនួន ២​ម៉ឺន​១​ពាន់​៦៣២​នាក់ ។ នៅក្នុង​ឳ​កាស​ជួប​ជាមួយ​កម្មករ កម្មការិនី​រោងចក្រ​នៅ​ខេត្តកំពង់ស្ពឺ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​រំលឹកថា ខេត្តកំពង់ស្ពឺ កាលពី​អតីតកាល គឺជា​តំបន់​សមរភូមិ​ក្តៅ ដែលមាន​ក្រុមខ្មែរក្រហម​នៅ ជាពិសេស​ក្នុង​តំបន់​ឳ​រ៉ា​ល់ ប៉ុន្តែ​ដោយសារ​ការធ្វើសមាហរណកម្ម​នយោបាយ​ឈ្នះ​ឈ្នះ ដែល​នាំមក​នូវ​សន្តិភាព​ពេញលេញ សម្រាប់​ខេត្តកំពង់ស្ពឺ រួម​និង​ការដោះស្រាយ​បញ្ហា​ប្រឈម​នានា​ក្នុង​ខេត្ត​ដូចជា​បញ្ហា​ទឹកជំនន់ ជាដើម​នោះ ទើប​ធ្វើអោយ​ខេត្តកំពង់ស្ពឺ បាន​ក្លាយជា​តំបន់​មាន​សក្តានុពល​ទាក់ទាញ​មួយ សម្រាប់​ការវិនិយោគ​ជាពិសេស លើ​វិស័យ​រោងចក្រ​កាត់ដេរ តែម្តង ដោយ​មកដល់​ពេលបច្ចុប្បន្ន ខេត្តកំពង់ស្ពឺ មាន​រោងចក្រ សហគ្រាស និង​គ្រឹះស្ថាន​សរុប​ចំនួន​២២៥ មាន​កម្មករ និយោជិត កំពុង​បំរើកា​រងារ ជាង ៩​ម៉ឺន​៨​ពាន់​នាក់ ហើយ​បើ​គិត​ជា​ទំហំ​ប្រាក់​ឈ្នួល​សរុប​ក្នុង​វិស័យនេះ មាន​ជាង ២២០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ​។

​សម្តេច​តេ​ជោ បាន​ចាត់ទុកថា ការរីកចម្រើន​នៃ​វិស័យ​រោងចក្រ​កាត់ដេរ ក្នុង​ខេត្តកំពង់ស្ពឺ​នេះ គឺ​កើតចេញពី​ការអនុវត្ត​ជិត​២០​ឆ្នាំ​មកហើយ តាម​ចក្ខុវិស័យ​ពង្រីក​រោងចក្រ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ដើម្បី​ផ្សារភ្ជាប់​តំបន់​ប៉ូល​សេដ្ឋកិច្ច​ភ្នំពេញ ទៅកាន់​តំបន់​ប៉ូល​សេដ្ឋកិច្ច​ខេត្ត​ព្រះសីហនុ​។ ជារួម​នេះ​ជា​នយោបាយ​អាទិភាព​មួយ​របស់​រាជរដ្ឋាភិបាល ក្នុងការ​ពង្រាយ​រោងចក្រ​ទៅតាម​បណ្តា​ខេត្ត អោយ​ជិត​កន្លែង​រស់នៅ​របស់​ប្រជាពលរដ្ឋ ដើម្បី​ងាយស្រួល រក​ការងារ​ធ្វើ និង​ចូលរួម​បង្កើន​ចរន្ត​សេដ្ឋកិច្ច​ក្នុង​មូលដ្ឋាន​។ ដូចនេះ សម្តេច​តេ​ជោ នៅតែ​បន្ត​អំពាវនាវ​អោយ​ម្ចាស់​រោងចក្រ និង​កម្មករ ត្រូវមាន​ទំនាក់ទំនង​ល្អ​ជាមួយគ្នា ដើម្បី​រក្សា​ឆ្នាំងបាយ​របស់ខ្លួន ដោយ​ម្ចាស់​រោងចក្រ​ត្រូវ យកចិត្តទុកដាក់​ដល់​សុខភាព​របស់​កម្មករ ហើយ​កម្មករ​ក៏ត្រូវ​ខំប្រឹង​បង្កើន​គុណភាព​ផលិតភាព​ការងារ​ផងដែរ​។ ជាពិសេស មិន​ត្រូវអោយ​កើតមាន​ដាច់ខាត ដូចជា​បញ្ហា​គ្រឿងញៀន និង​បញ្ហា​បងតូច​បងធំ ក្នុង​រោងចក្រ​ជាដើម​។

​បើតាម​ការ​ថ្លែង​បញ្ជាក់​របស់ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ឯកឧត្តម អ៊ិត សំហេង បាន​ឲ្យ​ដឹងថា ខេត្តកំពង់ស្ពឺ ត្រូវបាន​ចាត់ទុកថា​ជា​ខេត្ត​កសិកម្ម​មួយ ហើយក៏​ធ្លាប់ជា​តំបន់​សមរភូមិ​ប្រយុទ្ធ​ក្នុងសម័យ​សង្គ្រាម​នាពេល​កន្លងមក​។ ប៉ុន្តែ នាពេល​បច្ចុប្បន្ន ខេត្តកំពង់ស្ពឺ បានក្លាយ​ទៅជា​ខេត្ត​មួយ​មាន​សក្តានុពល​ខ្ពស់​ទាំង​ការងារ​កសិកម្ម និង​ឧស្សាហកម្ម ដែល​កំពុង​ទាក់ទាញ​ការវិនិយោគ​ពី​បរទេស​ជា​បន្តបន្ទាប់​។ ជាពិសេស រោងចក្រ សហគ្រាស​នៅក្នុង​ខេត្តកំពង់ស្ពឺ​នេះ ត្រូវបាន​កសាង​នៅតាម​មូលដ្ឋាន​ជាប់​នឹង​ប្រជាពលរដ្ឋ ដែល​បាន​បង្កើត​ការងារ និង​មុខរបរ​បន្ថែម​ជាច្រើន​សម្រាប់​ប្រជាពលរដ្ឋ តាមរយៈ របរ​ជួល​ផ្ទះ លក់​ម្ហូបអាហារ ការដឹកជញ្ជូន និង​សេវាកម្ម​ផ្សេងៗ​ទៀត ៕