កូរ៉េខាងជើង ព្រមឲ្យ​អ្នក​កាសែត​កូរ៉េ ខាងត្បូង ចូល​មើល​ទីតាំង​នុយក្លេអ៊ែរ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 May, 2018 ក+ ក-

កូរ៉េ ៖ ក្រសួង​បង្រួបបង្រួម​កូរ៉េខាងត្បូង​និយាយថា ប្រទេស​កូរ៉េខាងជើង​បានទទួល​បញ្ជី​ឈ្មោះ​អ្នក​រាយ​ការ​ណ៏​ព័ត៌មាន​ប្រទេស​កូរ៉េខាងត្បូង ដើម្បី​ចូលធ្វើ​ទស្សនកិច្ច​ទីតាំង​សាកល្បង នុយក្លេអ៊ែរ​។

​ប្រទេស​កូរ៉េខាងជើង បាន​អញ្ជើញ ក្រុម​ប្រព័ន្ធ​ផ្សព្វផ្សាយ មកពី បណ្តា​ប្រទេស​មួយចំនួន ដើម្បី​ធ្វើជា​សាក្សី នៃ​ការរំលាយចោល នៃ​ទីតាំង​សាកល្បង ពុង​យ៉េ​រី (Punggye-ri) ដើម្បី​គោរព​តាម​ការសន្យា​របស់ខ្លួន ក្នុងការ​ផ្អាក ការសាកល្បង នុយក្លេអ៊ែរ​។

​ទោះជា​យ៉ាងណា ពេល​ដំបូង​ប្រទេស​នេះ បាន​បដិសេធ​មិន​ទទួលយក បញ្ជី​ឈ្មោះ អ្នក​រាយ​ការ​ព័ត៌មាន មកពី​កូរ៉េខាងត្បូង បន្ទាប់ពី​បញ្ឈប់ កិច្ចពិភាក្សា​អន្តរ​កូរ៉េ ជាការ​តវ៉ា ប្រឆាំង​សមយុទ្ធ​ប្រយុទ្ធ​ដែនអាកាស​កូរ៉េខាងត្បូង -​សហរដ្ឋអាមេរិក​។

​ក្រុម​អ្នកយកព័ត៌មាន មកពី​បណ្តា​ប្រទេស​ផ្សេងៗ បានមក​ដល់ទី​ក្រុង​កំពុងផែ វ៉ុ​ន​សាន របស់​ប្រទេស​កូរ៉េខាងជើង​ជា​កន្លែង​ដែល​ពួកគេ​រងចាំ ដើម្បី​នាំ​ផ្លូវ​ទៅកាន់​ទីតាំង​សាកល្បង នុយក្លេអ៊ែរ សំរាប់​ព្រឹត្តិការ​ណ៏ រំលាយ​ទីតាំង ដែល​កំណត់​ពេលធ្វើ​នៅ​ថ្ងៃ​ពុធ និង​ថ្ងៃ សុក្រ​នេះ​។

​សមាជិក​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បរទេស ដែល​ត្រូវបាន​អញ្ជើញ​និយាយថា អាជ្ញា ធរ​ប្រទេស​កូរ៉េខាងជើង​បាន​ប្រាប់​ពួកគេ​ថា អាកាសធាតុ មិន​អំណោយផល​សំរាប់​ការធ្វើ ដំណើរ​ទៅកាន់ ទីតាំង ពុង​យេ​រី ប៉ុន្តែ​តាមពិត​ពួកគេ​ឲ្យ​រងចាំ​អ្នកយកព័ត៌មាន​មក ពី ប្រទេស​កូរ៉េខាងត្បូង​៕​