តូចចិត្ត​កើត​ជំងឺ​រ៉ាំរ៉ៃ​ដូចគ្នា ទាញ​កាំបិតផ្គាក់​កាប់សម្លាប់​ប្ដី រួច​ទៅ​ចង ក
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 May, 2018 ក+ ក-

​ខេត្តរតនគិរី ៖ ស្ត្រី​ម្នាក់​យក​កាំបិតផ្គាក់ ទៅ​កា​ប់ក​ប្ដី​សម្លាប់ចោល​ទាំង​ព្រឹក មុននឹង​ទៅ​ចងក​សម្លាប់ខ្លួន បន្ទាប់ពី​ខ្លួនឯង និង​ប្ដី​មាន​ជម្ងឺ​រាំ​រ៉ៃ​ដូចគ្នា ជាច្រើន​ខែ​មកហើយ​ព្យាបាល​មិនជា​។ ហេតុការណ៍​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង​៦ និង​០០​នាទី ព្រឹក​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្ទះ​ចំការ​ស្វាយចន្ទី ស្ថិតក្នុង​ភូមិ​ផាក​ណា​ម ឃុំ​កោះ​ពាក្យ ស្រុក​វើ​ន​សៃ ខេត្តរតនគិរី​។​
​ប្ដី​ជា​ជនរងគ្រោះ​មានឈ្មោះ ក្លើ​ស កា​ទឹម អាយុ​៥៣​ឆ្នាំ ត្រូវ​ប្រពន្ធ​កាប់​នឹង​កាំបិត​ភ្គា​ក់​ចំក​បណ្តាល​ឲ្យ​របួស​ជា​ទម្ងន់ ចំណែក​ប្រពន្ធ​ដែល​កាប់​ប្ដី​នោះ​មានឈ្មោះ គឹ​ត ស៊ុន អាយុ​៤៤​ឆ្នាំ អ្នក​ទាំងពីរ ជនជាតិ​គ្រឹ​ង​ដូចគ្នា មាន​លំនៅ ភូមិ ឃុំ កើតហេតុ​ខាងលើ​។

​តាម​ការរាបរាប់​ពី​សាច់ញាតិ​របស់​ប្ដី​ប្រពន្ធ​ទាំងពីរ​នាក់ បាន​ឲ្យ​ដឹងថា ប្ដី​ប្រពន្ធ​នេះ​មាន​ជម្ងឺ​រាំ​រ៉ៃ ជាច្រើន​ខែ​មកហើយ បើទោះជា​ទៅ​ឲ្យ​គ្រូ​បូរាណ និង​ទៅ​ពេទ្យ​ព្យាបាល ជាច្រើន​កន្លែង ក៏​នៅតែ​មិនជា​។ ហើយ​ប្រពន្ធ​ក៏​ព្យាយាម​លួច​ទៅ​ចងក​សម្លាប់ខ្លួន​ជាច្រើនលើក​មកហើយ​ដែរ តែ​ប្ដី​តាម​ទាន់ បាន​រារាំង លួងលោម​ប្រពន្ធ​កុំ​ឲ្យ​ចង ក​។​

​ប្រភព​បន្តថា ជា​រៀងរាល់​ព្រឹក ពី​នាក់​ប្ដី​ប្រពន្ធ​តែងតែ​គួ​ក​ច្របាច់​ឲ្យ​គ្នា​ទៅវិញទៅមក​ជា​រៀងរាល់​ព្រឹក ដោយសារ​ព្រឹក​ឡើង​ចេះតែមាន​អាកា​រៈ រមូល​ក្នុង​ពោះ និង​ក្អួតចង្អោរ​។ ដោយឡែក​នៅ​ព្រឹក​ថ្ងៃកើតហេតុ ប្ដី​ក៏មាន​អាកា​រៈ​ដូច​សព្វដង បាន​ហៅ​ប្រពន្ធ​ឲ្យ​គួ​ក​ខ្នង​ឲ្យ​ដូច​ធម្មតា គ្រា​ដែល​ប្ដី​អង្គុយ​បែរខ្នង​ឲ្យ​ប្រពន្ធ​គួ​ក ស្រាប់​ប្រពន្ធ​យក​កាំបិត​ភ្គា​ក់មក​កាប់​ពីក្រោយ​ចំក​ញ្ជឹ​ងក​តែម្ដង​។​
​លោក ទឺ នូ​ថង អធិការនគរបាល​ស្រុក​វើ​ន​សៃ បាន​ឲ្យ​ដឹងថា តាម​ចម្លើយ​ពី​ប្រពន្ធ​ដែល​កាប់​ប្ដី​នោះ​ថា គាត់​មានបំណង​សម្លាប់​ប្ដី​ហើយ ទើប​គាត់​ទៅ​ចងក សម្លាប់​ខ្លួនឯង​តាម​ក្រោយ​។ លោក​អធិការ បាន​បន្តទៀតថា ករណីនេះ​លោក​មិនបាន​ចាត់វិធានការ​តាមច្បាប់​ទេ ដោយមាន​ការសម្របសម្រួល​ពី​ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត​។ ដោយ​អ្នក​ទាំងពី​មាន​អាកា​រៈ​ធ្ងន់ធ្ងរ គឺ​លោក​បាន​យកទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​។​

​បច្ចុប្បន្ន ប្ដី​ប្រពន្ធ​ទាំងពីរ​នាក់ ត្រូវ​អធិការនគរបាល​ស្រុក​វើ​ន​សៃ ឲ្យ​សំរាក​ព្យាបាល​នៅ​មន្ទីរ​ស្រុក​វើ​ន​សៃ ហើយ​ប្រគល់​ឲ្យ​ក្រុមគ្រួសារ​អ្នកមើល​ថែទាំ តាម​ការសម្របសម្រួល​របស់លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តរតនគិរី​៕