សម្តេចនាយក​រដ្ឋមន្ត្រី​កម្ពុជា អញ្ជើញពិសា​អាហារ​ស្រាយ​បួស​រ៉ា​ម៉ា​ឌន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 May, 2018 ក+ ក-

​ភ្នំពេញ ៖: សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ពិសារ អាហារ​ស្រាយ​បួស​ខែ​រ៉ា​ម៉ា​ឌន ឆ្នាំ​ទី​5​ហើយ ជាមួយ​ប្រជាពលរដ្ឋ សាសនិក​ឥស្លាម​។

: សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​ថ្លែង​នៅក្នុង​ឳ​កាស​ពិសារ​អាហារ​ស្រាយ​បួស​ខែ​រ៉ា​ម៉ា​ឌន ជាមួយ​ប្រជាពលរដ្ឋ សាសនិក​ឥស្លាម នៅ​ល្ងាច​ថ្ងៃ​អង្គា​រ៌​នេះ​ថា ការទទួលបាន​លេខ​រៀង​ទី​២០ សម្រាប់​ការ​ឈរ​ឆ​ឈ្មោះ​បោះឆ្នោត​ថ្នាក់ជាតិ នា​ខែ​កក្ត​ដា ឆ្នាំ​២០១៨​នេះ គឺ​ស្របពេល​នៃ​ខួប​២០​ឆ្នាំ​ដែល​កម្ពុជា​ទទួលបាន​នូវ​សុខសន្តិភាព​ពេញលេញ ដែលនាំអោយ​មានការ​អភិវឌ្ឍ និង​ការជួបជុំ​រីករាយ​គ្រប់​សាសនា ក្នុងប្រទេស​កម្ពុជា ។​

ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០១៨​នេះ គឺជា​ឆ្នាំ​ទី​៥​ហើយ ដែល​សម្តេច​តេ​ជោ ហ៊ុនសែន នាយ​ល​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​ពិសារ​អាហារ​ស្រាយ​បួស រ៉ា​ម៉ា​ឌន ជាមួយ​សាសនិក​ខ្មែរឥស្លាម ដែល​បង្ហាញថា ក្រៅពី​ព្រះពុទ្ធសាសនា ដែលជា​សាសនា​របស់​រដ្ឋ​រាជរដ្ឋាភិបាល​កម្ពុជា ក៏បាន​យកចិត្តទុកដាក់​ផងដែរ ពី​សុខទុក្ខ និង​ការអភិវឌ្ឍ របស់​ប្រជាពលរដ្ឋ​ខ្មែរ ឥស្លាម ដែល​រស់នៅក្នុង​ប្រទេស​កម្ពុជា​។ ដោយ​ក្នុង​ឳ​កាស​ពិសារ​អាហារ​ស្រាយ​បួស ជាមួយ​សាសនិក​ខ្មែរឥស្លាម ប្រមាណ​ជាង​៤​ពាន់​៧​រយ​នាក់ នៅ​មជ្ឈមណ្ឌល​សន្និបាត​កោះ​ពេជ្រ នាពេលនេះ សម្តេច​តេ​ជោ នាយ​ល​រដ្ឋមន្ត្រី បាន​ថ្លែងថា ទោះបីជា​កម្ពុជា កាន់សាសនា​ព្រះពុទ្ធ តែ​ជាក់ស្តែង​ក្នុង​រយៈពេល​៤០​ឆ្នាំ​មកហើយ​នេះ កម្ពុជា​ក៏​ស្រឡាញ់​រាប់អាន​សាសនា​ឥស្លាម​ដែរ ដែល​នេះ​បង្ហាញថា​កម្ពុជា​មិនមាន​ការរើសអើង​ផ្នែក​សាសនា​នោះទេ​។

​សម្តេច​តេ​ជោ បាន​លើកឡើងថា សាសនា​ទាំងពីរ បានធ្វើ​ដំណើរ​រួមគ្នា​នៅក្នុង​សុខសន្តិភាព និង​ការអភិវឌ្ឍ​តាំងពីដើម​រៀងមក ហើយ កម្ពុជា​នឹង​បន្ត​គាំទ្រ​ចំពោះ​ទំនាក់ទំនង​រវាង​ប្រជាជន​ដែល​កាន់សាសនា​ព្រះពុទ្ធ និង​ប្រជាជន​ឥស្លាម ដូចដែល​មាន​កិច្ចសហប្រតិបត្តិការ​ស្រាប់ តាមរយៈ អង្គការ​សហប្រតិបត្តិ​ការ​ឥស្លាម ហៅថា អង្គការ OIC ។

សម្តេច​តេ​ជោ ក៏បាន​លើកឡើង ពី​បញ្ហា​ទាំងឡាយ​ដែល​កើតមាន​ដោយសារ​ជម្លោះសាសនា នៅក្នុង​បណ្តា​ប្រទេស​មួយចំនួន ដែលជា​មេរៀន​មួយ​សម្រាប់​កម្ពុជា ប៉ុន្តែ​សម្រាប់​កម្ពុជា​មិន​ដែលមាន​ជម្លោះសាសនា​កើតមាន​នោះឡើយ​។ ដោយឡែក ចំពោះ ការបោះឆ្នោត​ថ្នាក់ជាតិ ដែល​នៅសល់​ប្រមាណ​តែ​៦០​ថ្ងៃ​ទៀត​នឹង​ចូល​មកដល់​នោះ សម្តេច​តេ​ជោ ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី បានស្នើ​សុំ​ដល់​គណបក្សនយោបាយ​ដែល​ឈរឈ្មោះ​ទាំងអស់​ថា ទោះជា ទទួលបាន​លទ្ធផល​បោះ​ឆ្នោត​យ៉ាងណាក៏ដោយ គឺ​សូម​គណបក្ស​ទាំងអស់ មានការ​គោរព​ចំពោះ​ការសម្រេចចិត្ត​របស់​ប្រជាពលរដ្ឋ​ក្នុងការ​ប្រើ​សិទ្ធ​ជ្រើសរើស​អ្នកដឹកនាំ​។ ទន្ទឹមនេះ សម្តេច​តេ​ជោ សង្ឃឹមថា ប្រជាជន​ខ្មែរឥស្លាម នឹង​បន្ត​ការបោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ខណៈដែល ទាំង​ការបោះឆ្នោត​ទាំង​ថ្នាក់ជាតិ​កាលពី​ឆ្នាំ​២០១៣ និង ការបោះឆ្នោត​កាលពី​ឆ្នាំ​២០១៧​កន្លងទៅនេះ អាត្រា​ភាគរយ​របស់​ប្រជាជន​ខ្មែរឥស្លាម ដែល​បាន​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុ​ជាមាន​ច្រើន​រួចមក​ណាស់​។ ម្យ៉ាងវិញទៀត ចំពោះ​លេខ​រឿង​ទី​២០ ដែល​គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​ពី​ការចាប់​ឆ្នោត​លេខ​រៀង​ឈរឈ្មោះ ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត នៅក្នុង​អាណត្តិ​នេះ គឺ ស្របទៅនឹង​ខួប​ឆ្នាំ​ទី​២០ ដែល​កម្ពុជា​បាន​ឆ្លង​ផុតពី​សង្គ្រាម ហើយ​ទទួលបាន​សុខសន្តិភាព​ពេញលេញ​ក្រោម​នយោបាយ​ឈ្នះៗ​តែម្តង​។ ដូចនេះ សម្តេច​តេ​ជោ​បាន​ចាត់ទុកថា នេះ មិនមែន​ជាការ​ចៃដន្យ​នោះទេ គឺ​ដោយសារ​ព្រះ​ប្រទាន​ពរជ័យ ចំពោះ​លទ្ធផល​នេះ​។

សូមបញ្ជាក់ថា បើតាម​ការបញ្ជា​ក់រប​ស់ ឯកឧត្តម អូស្មាន ហាស្សាន់ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី បានអោយដឹងថា ចាប់ពី​ថ្ងៃទី 17 ខែឧសភា ឆ្នាំ​2018 ត្រូវ​និង​ថ្ងៃទី​1 ខែ​រ៉ា​ម៉ា​ឌន ឆ្នាំ​1439 ម៉ូ​ហាំ​ម៉ាត់​សករាជ សាសនិក​ឥស្លាម​កម្ពុជា​ក៏ដូចជា​សាសនា​ឥស្លាម​ក្នុង​ពិភពលោក

បាន​បួស​តម​អាហារ តាំងពី​ព្រលឹម​រហូតដល់​ថ្ងៃ​លិច ដែលមាន​រយៈពេល​ប្រមាណ​ជាង 14 ម៉ោង​។​
ក្នុង​រយៈពេល​មួយខែ​ក្នុង​មួយឆ្នាំ​នៃ​ខែ​រ៉ា​ម៉ា​ឌន​នេះ គឺជា​កាតព្វកិច្ច​ទី​4 ក្នុងចំណោម​កាតព្វកិច្ច​ទាំង 5 នៃ​អ្នក​កាន់សាសនា​អ៊ីស្លាម​នៅលើ​សាកលលោក​៕