រដ្ឋសភា​អនុម័ត​ច្បាប់​ស្តីពី​សញ្ជាតិ ដែល​ធ្លាប់ប្រើ​ជិត​២២​ឆ្នាំ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 May, 2018 ក+ ក-

ភ្នំពេញ ៖ ​សេចក្តីព្រាងច្បាប់​ស្តីពី​សញ្ជាតិ​ដែលមាន​១០​ជំពូក និង​ចែកចេញជា ៣៨​មាត្រា ដែល​ត្រូវបាន​គណៈរដ្ឋមន្ត្រី​សម្រេច​យល់ព្រម ក្នុងសម័យ​ប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី កាលពី​
​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០១៨ ហើយ​បាន​បញ្ជូន​ទៅសុំ​ការអនុម័ត​ពី​ស្ថាប័ន​នីតិប្បញ្ញត្តិ​នោះ នាពេលនេះ​សេចក្តីព្រាងច្បាប់​ដ៏​មាន​សារសំខាន់​មួយ​នេះ​ត្រូវបាន​ពិភាក្សា និង​អនុម័ត​យល់ព្រម ពី​រដ្ឋសភា​តាមរយៈ​ស​ម័​យ​ប្រជុំ​រដ្ឋសភា​លើក​ទី​១០ នីតិកាល​ទី​៥ នា​ព្រឹក​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៨​នេះ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធាន រដ្ឋសភា ដែលមាន​សមាជិក​រដ្ឋ​សភា​ចូលរួម​ចំនួន ១១២​រូប លើ​ចំនួន​សមាជិក​រដ្ឋសភា​សរុប ១២៣​រូប​។

​យោងតាម​សេចក្តីថ្លែងហេតុ​របស់​រា​ជ​រដ្ឋាភិបាល​អំពី​សេចក្តីព្រាងច្បាប់​ស្តីពី​សញ្ជាតិ​នេះ​បានអោយដឹងថា ច្បាប់​ស្តី​ពិ​សញ្ជាតិ​ត្រូវបាន​អនុម័ត និង​ប្រកាស​អោយប្រើ​ដោយ​ព្រះរាជ ក្រម​កាលពី​ខែតុលា ឆ្នាំ​១៩៩៦​។ រហូតមកដល់​ពេលនេះ​មាន​រយៈពេល​ជិត​២២​ឆ្នាំ​ហើយ ដែល ច្បាប់​ស្តីពី​សញ្ជាតិ​ត្រូវបាន​ដាក់អោយអនុវត្ត ហើយ​ក្នុងអំឡុងពេល​នៃ​ការអនុវត្ត​ច្បាប់​នេះ​មិន ទាន់​ត្រូវបានធ្វើ​វិសោធនកម្ម​អោយស្រប​នឹង​ការវិវត្ត​ថ្មីៗ​នៃ​ក្របខណ្ឌ​ច្បាប់ និង​សង្គម​កម្ពុជា​នៅ ឡើយ​។

​ដោយ​ពិនិត្យឃើញថា ការអនុវត្ត​ច្បាប់​ស្តី​ពិ​សញ្ជាតិ លែងមាន​លក្ខណៈ​សមស្រប​ជា មួយ​ស្ថានភាព​បច្ចុប្បន្ន​នៃ​ការអភិវឌ្ឍ​ផ្នែក​សេដ្ឋកិច្ច និង​សង្គម​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ដើម្បី​ធានាអោយមាន​សង្គតិភាព​ជាមួយនឹង​ច្បាប់ និង​បទ​ប្បញ្ញត្តិ​នានា​ផង រាជរដ្ឋាភិបាល​បាន ចេញ​សេចក្តីសម្រេច​ចុះ​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៨ ស្តីពី​ការបង្កើត​ក្រុមប្រឹក្សា​ការងារ​ដើម្បី សិក្សា​ការធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​សញ្ជាតិ​នេះ ដែល​ដឹកនាំ​ដោយ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដើម្បី​ធ្វើការ​សិក្សា​ស្រាវជ្រាវ និង​រៀបចំ​ធ្វើ វិសោធនកម្ម​ចំពោះ​ច្បាប់​នេះ ហើយ​បន្ទាប់ពី​ការសិក្សា​ស្រាវជ្រាវ​លើ​ច្បាប់​នេះ រួមជាមួយ​នឹង ច្បាប់​ជាតិ និង​អន្តរជាតិ​នានា ក្រុមការងារ​នេះ​បាន​រកឃើញថា មាន​បទ​ប្បញ្ញត្តិ​ជាង​ពាក់ កណ្តាល​នៃ​ច្បាប់​ស្តីពី​សញ្ជាតិ​ទាំងមូល​ចាំបាច់​ត្រូវធ្វើ​វិសោធនកម្ម ដើម្បី​ធានាអោយមាន សង្គតិភាព​ទៅនឹង​បទ​ប្បញ្ញត្តិ​ចែង​ក្នុង​ក្រមរដ្ឋប្បវេណី និង​ច្បាប់​ផ្សេងទៀត និង​អោយស្រប តាម​ការវិវត្តន៍​ផ្នែក​នយោបាយ សេដ្ឋកិច្ច សង្គម និង​សន្តិសុខ​ជាតិ​។

​ដោយ​ឈរ​មូលដ្ឋាន​នេះ រាជរដ្ឋាភិបាល​បានសម្រេច​អោយ​រៀបចំ​សេចក្តីព្រាងច្បាប់​ស្តីពី​សញ្ជាតិ​ជាថ្មី​ឡើងវិញ ដើម្បី អោយ​ស្របតាម​ការវិវត្ត​ន៍​ផ្នែក​សេដ្ឋកិច្ច និង​សង្គម​កម្ពុជា​បច្ចុប្បន្ន ដើម្បី​ពង្រឹង​ការគ្រប់គ្រង កិច្ចការ​សញ្ជាតិ​អោយ​កាន់​តែមាន​ប្រសិទ្ធភាព សំដៅ​ធានា​នូវ​សិទ្ធិ​របស់​ប្រជាពលរដ្ឋ ការពារ សន្តិសុខ និង​ផលប្រយោជន៍​របស់​ជាតិ​៕