ស្លាប់​ម្នាក់ របួស​២​នាក់ រន្ទះបាញ់​ពេល​ជិះ​គោយន្ត​កន្ត្រៃ​ដឹកឈើ​សម្រាប់​ដុត​ធ្វើ​ធ្យូង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 June, 2018 ក+ ក-

​ឧ​ត្ត​រ​មានជ័យ ៖ មនុស្សម្នា​ក់បាន​ស្លាប់​ភ្លាមៗ​នៅលើ​គោយន្ត​កន្ត្រៃ និង​មនុស្ស​២​នាក់​ទៀត បាន​រងរបួស ខណៈដែល​កំពុងធ្វើដំណើ​របើក​គោយន្ត​កន្ត្រៃ ដឹកឈើ​អុស​ចេញពី​ព្រៃ ដើម្បី​ដុត​ធ្វើ​ធ្យូង​លក់​។ ហេតុការណ៍​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង ៣ និង​៣០​នាទី ស្ថិតនៅ​ចំណុច​ដីចំការ​ប្រជាពលរដ្ឋ​ឈ្មោះ យី ឈុន ក្នុង​សង្កាត់​កូន​គ្រៀល ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

​ជនរងគ្រោះ​ឈ្មោះ ឯក ធួ​ក ហៅ ចាន់ ជាតិ ភេទ​ប្រុស​អាយុ​៤៤​ឆ្នាំ មានមុខរ​បរជា​យោធា​បម្រើ​ការងារ​នៅ​អង្គភាព​វរ​សេនា​តូច​លេខ​៤២១ នៃ​កងពលតូច​ថ្មើរជើង​លេខ​៤២ មាន​ទីលំនៅ​ភូមិ​គី​រី​វ័​ន្ត សង្កាត់​កូន​គ្រៀល ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

​តាម​ការរៀបរាប់​ពី​អ្នកបើក​គោយន្ដ​កន្ត្រៃ​ឈ្មោះ ជាតិ គា ភេទ ប្រុស អាយុ​១៦​ឆ្នាំ ដែល​ត្រូវជា​កូនបង្កើត​ជនរងគ្រោះ និង​អ្នករួមដំណើរ​ម្នាក់ទៀត​ឈ្មោះ ជុ​យ ជឿ​យ ភេទ​ប្រុស អាយុ​១៣​ឆ្នាំ ដែល​សន្លប់​ដោយសារ​រន្ទះបាញ់ ហើយ​ត្រូវជា​ក្មួយ​របស់​ជនរងគ្រោះ បាន​រៀបរាប់ថា ពេល​ជិះ​កំពុង​ជិះ​គោយន្ត​ដឹកឈើ​ត្រឡប់​ពី​ព្រៃ​មក​ផ្ទះ​វិញ ដែល​មេឃ​កំពុងតែ​ភ្លៀងរលឹម ពួកគាត់​ធ្វើដំណើរ​នៅតាម​ផ្លូវ​ស្រាប់​រន្ទះបាញ់​មួយ​គ្រាប់ តែ​មិនត្រូវ ហើយ​ធ្វើដំណើរ​បាន​ប្រហែល ជាង​១០០ ម៉ែត្រ រន្ទះ​ក៏បាន​បាញ់​មួយ​គ្រាប់​ទៀត​ក៏ត្រូវ​ជនរងគ្រោះ​ជា​ឪពុក​ដែល​កំពុង​អង្គុយ​នៅលើ​រ៉ឺម៉ក់ គោយន្ត​ខាងក្រោយ បណ្តាលអោយ​ស្លាប់​ភ្លាមៗ ហើយ​ក្មួយប្រុស​ឈ្មោះ ជុ​យ ជឿ​យ ក៏បាន​សន្លប់​ផងដែរ​។​

​គួរ​បញ្ជាក់ថា វិធី​ការពារ​សុវត្ថិភាព​ពេល​មាន​ភ្លៀង ផ្គរ​រន្ទះ ទោះបី​នៅក្នុង​ផ្ទះ ក៏​គ្មាន​សុវត្ថិភាព​ដែរ ដើម្បី​ចៀស​ផុតពី​គ្រោះថ្នាក់​រន្ទះ យើង​ត្រូវ​យល់ដឹង​នូវ​ចំណុច​ខាងក្រោម​៖ ទី​១ បិទ​បង្អួច​ផ្ទះ​ឱ្យ​ជិត ជួយ​ការពារ មិនឱ្យ​ភ្លៀង​សាច​ចូល​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​ជា​របាំង​ការពារ​រន្ទះ​បាន​មួយកម្រិត​ដែរ​។ ទី​២ ហាម​ជ្រក​ភ្លៀង​នៅក្រោម​ដើមឈើ​៖ នៅពេល​មាន​ព្យុះភ្លៀង​រន្ទះ ហាម​ដាច់ខាត​កុំរ​ត់ទៅ​ជ្រក​នៅក្រោម​ដើមឈើ​ណាមួយ​ឱ្យសោះ ទោះ​នៅ​បរិវេណ​ផ្ទះ​ក៏ដោយ ព្រោះថា​ពេលខ្លះ​រន្ទះ​អាច​នឹង​បាញ់​ដើមឈើ​ទាំង​នោះបាន​ដោយ​ស្មាន​មិន​ដល់ ដូច្នេះ​វា​គ្មាន​សុ​វត្តិភាព​នោះទេ​។ ទី​៣ ជៀសវាង​ការប្រើ​ទូរស័ព្ទ​គ្រប់​ប្រភេទ​៖​ការប្រើប្រាស់​ទូរស័ព្ទដៃ​លេង​ហ្គេម ឬ​លេង​អ៊ីនធឺណិត ខណៈពេលដែល​មេឃ​កំពុងតែ​ធ្លាក់ភ្លៀង មាន​ផ្គរ រន្ទះ​។ ទី​៤ កុំ​នៅក្បែរ​ឧបករណ៍​អគ្គីសនី​៖​ពេលដែល មេឃ​ភ្លៀង​ខ្លាំង ឬ​មាន​ផ្គរ​រន្ទះ អ្នក​គួរតែ​ធ្វើការ​ស្នាក់នៅ​ឱ្យ​ឆ្ងាយ​ពី​ឧបករណ៍​ដែលមាន​ចរន្ត​អគ្គីសនី​ទាំងអស់​ដូចជា​៖ ទូរស័ព្ទ កុំព្យូទ័រ វិទ្យុ ទូរ​ទ្ស​សន៍ ព្រី​ភ្លើង ឬ​ខ្សែភ្លើង និង​ឧបករណ៍​ផ្សេងៗ​ទៀត​ជាច្រើន​។ ទី ៥ នៅ​ឱ្យ​ឆ្ងាយ​ពី​វត្ថុ​ដែល​ធ្វើ​ពី​ដែក​៖ ព្រោះថា​វា​អាច​បង្ក​ជា​គ្រោះថ្នាក់​ដល់​អ្នក​បាន​គ្រប់ពេលវេលា​ព្រោះ​ជា​ប្រការ​មួយ ដែល​គួរតែ​ប្រុងប្រយ័ត្ន​ផងដែរ​៕