បឹង​ធម្មជាតិ នៅមុខ​រោងចក្រ​ស្រា​បៀរ​អង្គរ ក្រុងព្រះសីហនុ ត្រូវគេ​រំលោភ​យក​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 June, 2018 ក+ ក-

​ក្រុង​ព្រះ​សី​នុ ៖ ប្រជាពលរដ្ឋ នៅ​ក្រុងព្រះសីហនុ មាន​ក្តី កង្វល់​ថា​បឹង​ធម្មជាតិ​ពី​ដូនតា ស្ថិតនៅ​ខាងមុខ រោងចក្រ​ផលិត ស្រា​បៀរ​អង្គរ ស្ថិតក្នុង​សង្កាត់​១ ក្រុងព្រះសីហនុ កំពុង​ប្រឈម​នឹង​កា​បាត់បង់ ដោយសារ​អ្នកមាន​ប្រាក់​ចាក់ ដី​លុប​ផ្ទៃ​បឹង​យក​ធ្វើជា​កម្ម​សិទ្ធ ដោយ​គ្មាន​អ្នកណា​អើពើ​នោះឡើយ​។​

​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​រស់នៅ​ក្នុងភូមិ​៣ សង្កាត់ លេខ​១ ក្រុង​.​ខេត្ត​ព្រះសីហនុ បាន​សំដែង​ការហួសចិត្ត​ជាមួយ (​អតីត​) មន្ត្រី​ជំនាញ ការិយាល័យ​ភូមិបាល​ខ័​ណ្ឌ​មិត្តភាព​និង អាជ្ញាធរ​មូលដ្ឋាន គ្មាន វាចារ និង​ថ្លែង និង​មាន​ចម្ងល់ ខណ​:​បានឃើញ​សកម្មភាព​អ្នកមាន​ប្រាក់​យក​បង្គោល បេតុង​ទៅ​បោះ​ហ៊ុំព័ទ្ធ​យក​ផ្ទៃ​បឹង​ពី​ធម្មជាតិ​ដែលជា​កេរដំណែល​ពី​ដូនតា យកទៅ​ធ្វើជា​កម្មសិទ្ធិ​។

ប្រភព​ខាងលើ​បាន​ឲ្យ​ដឹង​បន្តទៀតថា បឹង​ធម្មជាតិ​ដែល​កំពុង​រង​ការបាត់បង់​ជា​បណ្តើរៗ​នោះ មាន​ទីតាំង​ស្ថិត​នៅជាប់​ផ្លូវជាតិ​លេខ​៤ ខាងមុខ​រោងចក្រ​ផលិត ស្រា​បៀរ​អង្គរ​ស្ថិត​ក្នុងភូមិ​៣ សង្កាត់​លេខ​១ ក្រុង​.​ខេត្ត​ព្រះសីហនុ​។ បឹង​ខាងលើ​មាន​បណ្តោយ​ប្រមាណ​ជិត​៤០០​ម៉ែត្រ និង​ទទឹង​ប្រមាណ​ជាង​១០០​ម៉ែត្រ ពេលនេះ​ត្រូវបាន​លោក ឡាយ ប៊ុន ប៉ា ដែល​អះអាងថា​ជា​ម្ចាស់​កម្ម​សិទ្ធ​ដី​បឹង​នោះ បាន​យក​បង្គោល​ថ្ម​បេតុង យកទៅ​បោះ​ហ៊ុ​ព័ទ្ធ​យក បង្ក​ឲ្យ​មានការ ភាក់​ផ្អើល និង​រិះគន់​យ៉ាង​ចាស់ដៃ ពី​សំណាក់​ប្រជាពលរដ្ឋ​ថា មន្ត្រី​ការិយាល័យ​ជំនាញ​ខិលខូច​ខាងលើ​កន្លង មក​បាន​ឃុបឃិត​ជាមួយ អ្នកមាន​ប្រាក់​ក្នុង ការធ្វើ​ប័ណ្ណ​សំគាល់​អចលនវត្ថុ​រំលោភ​យក​ដី​នៅក្នុង​បឹង​ទឹក​ពី​ធម្មជាតិ លក់​បន្ត​ពី​ម្នាក់ ទៅ​ម្នា​ក់ដោយ​បំពាន​។

លោក ឈិ​ត សូផាត ចៅសង្កាត់​លេខ​០១ ក្រុង​.​ខេត្ត​ព្រះសីហនុ បាន​ឲ្យ ដឹង​តាម​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃទី​០២ ខែមិថុនា ឆ្នាំ​២០១៨ កន្លងមក​ថា ជុំវិញ​ការយក​បង្គោល​ថ្ម​បេតុង​ទៅ​បោះ​ហ៊ុំព័ទ្ធ​យក​ដី​ក្នុង​បឹង​ទឹក​ខាងលើនេះ លោក​ក៍​បានដឹង​ខ្លះៗ​ដែរ ដោយសារ​អ្នកយក​បង្គោល​ទៅ​បោះ​នោះ គេ​មានប​ណ្ណ័​សំគាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ ក្នុង​ពាក្យសុំ​កាន់កាប់​ប្រើប្រាស់​ដីធ្លី ក្នុងអំឡុង ឆ្នាំ​១៩៩៥ ដែល​ចុះហត្ថលេខា​ដោយ​លោក ព្រំ ស៊ន ចៅសង្កាត់រង មិនមែន​រូបលោក​ទេ​។​

​អតីតមន្ត្រី​នៅក្នុង​ការិយាល័យ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់ និង​ភូមិបាល​ខ័​ណ្ឌ​មិត្តភាព​ម្នាក់ សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​ដឹងថា ឯកសារ​ដែល​ពាក់ព័ន្ធ ក្នុងការ​ឃុបឃិត​គ្នា​ធ្វើ​ប័ណ្ណ​សំគាល់​អចលនវត្ថុ​យក​ដី​បឹង​ខាងលើ បន្ទាប់ពី​ចៅ សង្កា​ត់រង ខាងលើ​ចុះហត្ថលេខា​រួច បាន​បន្ត​នីតិវិធី​មក​ការិយាល័យ ភូមិបាល ខ័​ណ្ឌ​មិត្តភាព​ដែល​ចុះហត្ថលេខា​ដោយ​លោក លឿង សុផល នៅ​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​១៩៩៧ រួច​បន្តទៅ​នាយកដ្ឋាន​សុរិយោដី ដែល​ចុះ​ហ​ត្ត​លេខា នៅ ថ្ងៃទី​២២ ខែឧសភា ឆ្នាំ ១៩៩៧ ដោយ​លោក​ប្រធានស្តីទី លឹម វាន់ សម្រេច​ផ្តល់​ប័ណ្ណ​សំគាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ​លេខ​ព​.​ន ០០៣៩៦២ ឲ្យ​មក​ឈ្មោះ ជា សឿន និង​បានធ្វើ​ការលក់​បន្តបន្ទាប់​ពី​ម្នាក់ ទៅ​ម្នាក់​រហូតមកដល់​ម្ចាស់​ចុងក្រោយ​នេះ​គឺ​លោក ឡាយ ប៊ុន​ប៉ា កំពុងតែ​បោះបង្គោល​ថ្ម​បេតុង រំលោភ​ចូលក្នុង​បឹង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​កើតក្តី​ក្តៅក្រហាយ​នាំគ្នា​ដាក់​បណ្តាសារ​ទៅ​មន្ត្រី​ជំនាញ ជំនាន់​មុនៗ ដែល​បាន​ឃុបឃិត​គ្នា​ថា លក់​បឹង​ធម្មជាតិ​ធ្វើ​ឲ្យ​វិនាស​បា​ត់​បង់​ដូច​ថ្ងៃនេះ​។

ជាមួយនេះ ពលរដ្ឋ​ក៏បាន​អំពាវនាវ​ដល់​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ មេត្តា​សើរើ​ករណីនេះ​ផង ដើម្បី​ទុក​បឹង​ធម្មជាតិ​នេះ​ជា​ប្រយោជន៍​រួប​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​បាន​ប្រើប្រាស់​តកូនតចៅ​ជា​បន្តទៀត​៕