នាយករដ្ឋមន្ត្រី​កម្ពុជា បន្ត​ជួប​កម្មការិនី​ជាង​២​ម៉ឺន​នាក់ នៅ​ស្រុក​ជើងព្រៃ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 June, 2018 ក+ ក-

​កំពង់ចាម ៖ គិត​ចាប់តាំងពី​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៧​មក សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា បាន​ចុះ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី​រោងចក្រ​កាត់ដេរ ចំនួន​៤៤​លើក​ហើយ ដោយ​នា​ព្រឹក​ថ្ងៃទី​៦ ខែមិថុនា នេះ សម្តេច​តេ​ជោ បាន​បន្ត​ជួប​ជាមួយ​កម្មករ​រោងចក្រ ជិត​២​ម៉ឺន​២​ពាន់​នាក់​ទៀត មកពី​រោងចក្រ សហគ្រាស ក្នុង​ខេត្តកំពង់ចាម ក្នុងនោះ​មាន​រោងចក្រ សហគ្រាស ចំនួន​៧ មកពី​ស្រុក​ជើងព្រៃ និង រោងចក្រ​ចំនួន​១ មកពី​ស្រុក​បាធាយ​។ រោងចក្រ សហគ្រាស​ទាំង​៨​នេះ មាន​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​ចំនួន​១, ផលិត​ស្បែកជើង​ចំនួន​៥, ផលិត​ស្រោមដៃ​ចំនួន​១ និង​ផលិត​កា​រ៉ុង​ចំនួន​១​។ ចំណែក​ផលិតផល​ផលិត​ចេញពី​រោងចក្រ សហគ្រាស​ទាំងនេះ ភាគច្រើន​ត្រូវបាន​នាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ និង ផ្គត់ផ្គង់​ទីផ្សារ​ក្នុងប្រទេស​។ រោងចក្រ​ទាំងនេះ​មាន​អ្នកវិនិយោគ​មកពី​ប្រទេស​ចិន​ចំនួន​៦, កាណាដា​ចំនួន​១ និង​ខ្មែរ​ចំនួន​១​។

​តាម​ការបញ្ជាក់​របស់ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​លើកឡើងថា ខេត្តកំពង់ចាម ជា​ខេត្ត​មួយ​ដែល​ធ្លាប់ជា​តំបន់​សមរភូមិ​ប្រយុទ្ធ​កាលពី​អតីតកាល​ផងដែរ តែ​បច្ចុប្បន្ន​បានប្រែក្លាយ​ទៅ​ខេត្ត​មានការ​អភិវឌ្ឍ​ទាំង​វិស័យ​ឧស្សាហកម្ម និង​កសិឧស្សាហកម្ម​។ ពេលបច្ចុប្បន្ន ខេត្តកំពង់ចាម មាន​សហគ្រាស គ្រឹះស្ថាន​ចំនួន​៤០០ មាន​កម្មករ និយោជិត ជាង​៣​ម៉ឺន​៥​ពាន់​៤​រយ​នាក់ ក្នុងនោះ រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ និង​ផលិត​ស្បែកជើង​មាន​ចំនួន​១៤ មាន​កម្មករនិយោជិត​ចំនួន​ជាង​២​ម៉ឺន​៥​ពាន់​៧​រយ​នាក់ ដែលមាន​ប្រាក់​ឈ្នួល​សរុប​ជាង ៥២​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​។

​លោក អ៊ិត សំហេង បាន​លើកឡើងថា ការអភិវឌ្ឍ​តំបន់ឧស្សាហកម្ម​ក្នុង​ខេត្តកំពង់ចាម គឺជា​ជោគជ័យ​នៃ​គោលនយោបាយ​ទាក់ទាញ​វិនិយោគ​របស់​រាជរដ្ឋាភិបាល ដើម្បី​បង្កើត​ការងារ​ជូន​កម្មករ និយោជិត និង​ជា​ជោគជ័យ​ក្នុងការ​អនុវត្ត​គោលនយោបាយ​ជាតិ​ស្តីពី​មុខរបរ និង​ការងារ ស្របតាម​គោលនយោបាយ​បាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​, គោលនយោបាយ​ស្តីពី​ការអប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ និង​ក្របខណ្ឌ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម ដែល​កំពុង​ប្រែក្លាយ​ខេត្តកំពង់ចាម ទៅជា​តំបន់​សេដ្ឋកិច្ច​ដ៏​មាន​សក្តានុពល​មួយ​នៅ​កម្ពុជា​។
​សម្តេច​តេ​ជោ ហ៊ុន សែន បាន​គូសបញ្ជាក់ថា គោលនយោបាយ​ពង្រាយ​រោងចក្រ សហគ្រាស​ទៅតាម​បណ្តា​ខេត្ត គឺជា​ចក្ខុវិស័យ និង​ជា​គោលនយោបាយ​អាទិភាព​មួយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ត្រូវបាន​អនុវត្ត​រយៈពេល​ជិត​២០​ឆ្នាំ​មកហើយ បន្ទាប់ពី​នយោបាយ​ពង្រាយ​សាលារៀន​ទៅតាម​ភូមិឋាន​របស់​ប្រជាពលរដ្ឋ ក្នុង​គោលបំណង​បង្ខិត​ការងារ​ទៅជិត​កន្លែង​រស់នៅ​រប​ស់​ប្រជាពលរដ្ឋ​។

​តាមរយៈ​ជំនួប​ជា​បន្តបន្ទាប់​នេះដែរ ក៏បាន​ធ្វើ​ឲ្យ​បរិយាកាស​ការងារ​នៅតាម​រោងចក្រ សហគ្រាស​មាន​ភាពល្អប្រសើ​រ ទាំង​ការ​តម្លើង​ប្រាក់ខែ​អប្បរ​មារ​ដល់​១៧០​ដុល្លារ​ក្នុង​ឆ្នាំ​២០១៨​នេះ រួម​និង គោលនយោបាយ​គាំពារ​សង្គម​ជាច្រើន​ទៀត​ដែល​សម្រួល​ដល់​ជីវភាព​របស់ កម្មករ កម្មការិនី​។

ក្នុងនោះ គ្រាន់តែ​គោលនយោបាយ​គាំពារ​សុខមាលភាព​សម្រាប់​កម្មការិនី​មាន​ផ្ទៃពោះ គិត​ចាប់តាំងពី​ថ្ងៃទី​០១ ខែមករា ដល់​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០១៨ រាជរដ្ឋាភិបាល បាន​ចំណាយ​កញ្ចប់​ថវិកា​៩​ពាន់​៨​រយ​លាន​រៀល សម្រាប់​ផ្តល់ប្រាក់​ឧបត្ថម្ភ​ដល់​កម្មការិនី សម្រាលកូន ចំនួន ២​ម៉ឺន​៤​ពាន់​នាក់ ៕