​ម្ចាស់​ក្រុមហ៊ុន​លក់​ស៊ីម​កាត​ឲ្យ​អ្នក​ប្រើ​ដោយ​គ្មាន​អត្តសញ្ញាណ ​ត្រូវ​មានទោស​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 July, 2018 ក+ ក-

​ភ្នំពេញ ៖ ម្ចាស់​ក្រុមហ៊ុន​ផ្តល់​សេវា​ទូរស័ព្ទ​ទាំងអស់​នៅ​កម្ពុជា នឹងត្រូវ​ទទួលទោស​តាមច្បាប់ ប្រសិនបើ​នៅតែ​បន្ត​ឱ្យ​អ្នកប្រើប្រាស់​ស៊ីម​កាត​ដោយ​គ្មាន​អត្តសញ្ញាណ​សម្គាល់​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក អ៊ឹម វុត្ថា អ្នកនាំពាក្យ​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា​។​

​មន្ត្រី​រូបនេះ​បន្តថា ករណី​ប្រសិនបើ​ក្រុម​ជំនាញ​របស់​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា រកឃើញថា នៅតែមាន​អ្នកប្រើប្រាស់​ស៊ី​កាត​ទូរស័ព្ទ​គ្មាន​អត្តសញ្ញាណ និង​មាន​បញ្ហា​អ្វី​កើតឡើង​ដោយសារតែ​ស៊ីម​កាត​ទូរស័ព្ទ​គ្មាន​អត្តសញ្ញាណ​នេះ ក្រុមហ៊ុន​ម្ចាស់​ស៊ីម​កាត​នោះ នឹងត្រូវ​ប្រ​ឈ​មុខ​តាមផ្លូវ​ច្បាប់​ជា​ធរមាន​។

​មន្ត្រី​នាំពាក្យ​បញ្ជាក់ថា និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា បានដាក់​ឱសានវាទ​ចុងក្រោយ ឱ្យ​ម្ចាស់​ក្រុមហ៊ុនទូរស័ព្ទ​ចល័ត​ទាំងអស់ ត្រូវ​លុបចោល​ជាបន្ទាន់ រាល់​ស៊ីម​កាត​ទូរស័ព្ទ​ដែល​គ្មាន​ឯកសារ​អត្តសញ្ញាណ​សម្គាល់​អ្នកប្រើប្រាស់​ត្រឹម​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០១៨​។

​គួរ​បញ្ជាក់ថា ចំនួន​ស៊ីម​កាត​ដែល​ប្រើប្រាស់​សព្វថ្ងៃនេះ​ប្រមាណ​១៨​លាន​កន្លះ ប៉ុន្តែ​បច្ចុប្បន្ននេះ​មិនដឹងថា ស៊ីម​កាត​សម្រាប់​អ្នកប្រើប្រាស់​ដែល​គ្មាន​អត្តសញ្ញាណ​សម្គាល់ មាន​ចំនួន​ប៉ុន្មាន​នោះទេ ខណៈ​កាលពី​ឆ្នាំ​២០១៧ ស៊ីម​កាត​សម្រាប់​អ្នកប្រើប្រាស់​ដែល​គ្មាន​អត្តសញ្ញាណ​សម្គាល់​វិញ​មាន​ប្រមាណ​៦ ទៅ ៧%៕