សន្និសីទ ​Nato ក្នុង​ទីក្រុង​ប្រ៊ូ​សែ​ល បានបញ្ចប់​កាលពី​ថ្ងៃ ព្រហស្បតិ៍​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 July, 2018 ក+ ក-

​ណា​តូ ៖ សន្និសីទ​ប្រចាំឆ្នាំ​របស់​មេដឹកនាំ​សមាជិក​អង្គការ​សន្ធិសញ្ញា​អា​ត្ល​ង់​ទិច​ខាងជើង ដែល​គេ​ស្គាល់​ថា Nato ក្នុង​ទីក្រុង ប្រ៊ូ​សែ​ល ប្រទេស បែលហ្ស៊ិក បានបញ្ចប់​នៅ​ថ្ងៃ ព្រហស្បតិ៍​ម្សិលមិញ ដោយមាន​ការខ្វែងគំនិត​គ្នា មួយចំនួន ពិសេស​រវាង សហរដ្ឋអាមេរិក និង អាល្លឺម៉ង់ ទាក់ទង​នឹង​ការចំណាយ​សម្រាប់​វិស័យ​ការពារ​សម្ព័ន្ធភាព​យោធា និង​ការ​ចោទ​របស់លោក ដូ​ណា​ល់ ត្រាំ ដែលថា អាល្លឺម៉ង់ ក្លាយជា​ចំណាប់ខ្មាំង​របស់ រុស្ស៊ី ដោយសារតែ​កិច្ចព្រមព្រៀង​ថាមពល ។

​អាល្លឺម៉ង់ បានអនុញ្ញាត​ឲ្យ រុស្ស៊ី សាងសង់​បំពង់​ប្រេង​ឆ្លងកាត់​ដែនទឹក​របស់ខ្លួន ព្រមទាំង​ទិញ​ថាមពល​ពី រុស្ស៊ី មានតម្លៃ​ច្រើន​ពាន់​លាន​ដុល្លារ ជា​អ្វីដែល​លោក ដូ​ណា​ល់ ត្រាំ អះអាងថា មិនបាន​ជួយ​ឲ្យ Nato កាន់តែខ្លាំង ប៉ុន្តែ​បែរជា​ធ្វើ​ឲ្យ​ប្រទេស រុស្ស៊ី ទទួលបាន​ប្រាក់​ច្រើន​ពាន់​លាន​ពី​ប្រទេស​ដែលជា​សមាជិក Nato ។

​លោក ដូ​ណា​ល់ ត្រាំ ចោទ​សួរថា តើ​មានគុណ​សម្បត្តិ​ដូចម្ដេច​នៅពេលដែល អាល្លឺម៉ង់ បង់ប្រាក់​រាប់ពាន់​លាន​ទៅ​ឲ្យ រុស្ស៊ី ដើម្បី​ថាមពល នៅពេលដែល សហរដ្ឋអាមេរិក ចំណាយ​ច្រើន​លើសលប់​ទៅលើ​វិស័យ​ការពារជាតិ​របស់​សម្ព័ន្ធ​ភាព​យោធា​ធំ​បំផុត​លើ​ពិភពលោក​មួយ​នេះ ដើម្បី​ការពារ​សមាជិក​របស់​ខ្លួន ក្នុងនោះ​មាន អា​ល្លឺ​ង់ ផងដែរ ។ ប្រធានាធិបតី សហរដ្ឋអាមេរិក បញ្ជាក់ថា អាល្លឺម៉ង់ ទទួលបាន​ការផ្គត់ផ្គង់​ថាមពល​ប្រមាណ 60% ទៅ 70% ពី រុស្ស៊ី ។​

​ចំណែក​អធិការបតី អាល្លឺម៉ង់ លោកស្រី អង់​ជី​ឡា មឺ​កែ​ល ការពារ​គោលនយោបាយ​ថាមពល​របស់ រដ្ឋាភិបាល​ទីក្រុង ប៊ែ​កឡាំង ដោយ​បញ្ជាក់ថា អាល្លឺម៉ង់ គឺជា​ប្រទេស​ផ្ដល់​វិភាគទាន ច្រើន​បំផុត​ទី​ពីរ​សម្រាប់​វិស័យ​ការពារជាតិ Nato បន្ទាប់ សហរដ្ឋអាមេរិក ហើយ អាល្លឺម៉ង់ ជា​ប្រទេស​ឯករាជ្យ ដែល​ត្រូវមាន​ការសម្រេចចិត្ត​ដោយ​ឯករាជ្យ ។ ទោះយ៉ាងណា លោក ដូ​ណា​ល់ ត្រាំ មាន​គម្រោង​ជួប​ទ្វេភាគី​ជាមួយ​ប្រធានាធិបតី រុស្ស៊ី លោក វ្លា​ឌី​មៀ ពូ​ទីន ក្នុង​ទីក្រុង ហេ​ស៊ី​ង​ស្គី ប្រ​ទស ហ្វាំ​ង​ឡង់ មុនពេល​បន្តដំណើរ​ទៅ​ប្រទេស អង់គ្លេស ។

​ក្រោយ​សន្និសីទ NATO ចេញ​សេចក្ដីថ្លែងការណ៍​រួម 79 ចំណុច ក្នុងនោះ​មាន​បញ្ហា​ប្រទេស អ៊ុយ ក្រែ​ន រហូតដល់​គំនិត​ផ្ដើម​បង្កើត​កងកម្លាំង​ប្រយុទ្ធ​ថ្មី ដែលមាន​ឈ្មោះថា 30-30-30-30 គឺ​ទាហានជើងគោក 30 កងពលតូច ទាហាន​អាកាស 30 ក្រុម ទាហានជើងទឹក​មាន​30​នាវា ហើយ​បង្កើតឡើង​ឲ្យ​បាន​ក្នុង​រយៈពេល 30 ថ្ងៃ ។

​គំនិត​ផ្ដួចផ្ដើម​នេះ ធ្វើឡើង​បំណង​ទប់ទល់​នឹង​ឥទ្ធិពល​របស់ រុស្ស៊ី ដែល​បង្កើន​សកម្មភាព​យោធា​យ៉ាងខ្លាំង​ក្បែរ​ព្រំដែន​អឺរ៉ុប​ខាងកើត ធ្វើ​ឲ្យ​ប្រទេស​ជាប់​ព្រំដែន រុស្ស៊ី ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​គ្រោះថ្នាក់​ដូចដែល​កើតឡើង​ទៅលើ​ប្រទេស អ៊ុយ​ក្រែ​ន ក្នុង​ឆ្នាំ 2014 ៕